សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោសចំពោះការឃុំខ្លួនមនុស្ស ១គ្រួសារ ដែលក្នុងនោះមាន លោក សន វុទ្ធី អាយុ៤៧ឆ្នាំ (ជាប្ដី) អ្នកស្រី លឹម សុខឃឹម (ជាប្រពន្ធ) និងរួមទាំងទារិកាអាយុ៩ខែ (ជាកូន) ដោយតុលាការខេត្តព្រះវិហារ ឃុបឃិតជាមួយ នឹងអាជ្ញាធរខណ្ឌ រដ្ឋាបាល ព្រៃឈើខេត្តព្រះវិហារ ឃុំខ្លួនមនុស្សទាំង៣នាក់ នៅក្នុងពន្ធនាគារ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ជាការរំលោភសិទ្ធមនុស្ស យ៉ាងធ្ងន់ធ្ងរ។
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង៩និង៤០នាទីព្រឹក កម្លាំងចម្រុះដែលដឹកនាំដោយ លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង អមតុលាការខេត្តព្រះវិហារ បានចាប់ពលរដ្ឋ ១គ្រួសារមាន លោក សន វុទ្ធី អ្នកស្រី លឹម សុខឃឹម និងទារិកា អាយុ៩ខែ បញ្ជូនទៅ អាជ្ញាធរខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ដោយចោទថា អ្នកទាំងពីរនាក់ បានរំលោភទន្រ្ទានយកដីព្រៃរដ្ឋដោយខុសច្បាប់។ នៅថ្ងៃដដែលនោះ ខណ្ឌរដ្ឋាបាលព្រៃឈើខេត្ត ក៏បានបញ្ជូនអ្នកទាំង៣ទៅស្នងការនគបាលខេត្តព្រះវិហារទាំងយប់នៅម៉ោង ៨យប់។ នៅម៉ោងប្រមាណជា ១១ថ្ងៃត្រង់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ តុលាការសាលាដំបូងខេត្តព្រះវិហារ ក៏បានសំរេចឃុំខ្លួន មនុស្សទាំង ២នាក់ប្ដីប្រពន្ធ និងទារិកា អាយុ៩ខែ ម្នាក់ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ។