យុវជនម្នាក់ឈ្មោះ ស៊ុំ សាម៉េត អាយុ ២២ឆ្នាំ ជាកម្មករដេប៉ូលក់សាំងឈ្មោះ ស៊ុន សៀក ត្រូវក្រុមមន្ត្រីកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ឈ្មោះ ឃៀម សុខា ,ឈ្មោះ ឃៀម សុខុម និងបក្សពួក៣នាក់ទៀត មានសភាពស្រវឹងមកចាប់យុវជនខាងលើដាក់ខ្នោះដៃទៅមុខ រួចនាំគ្នាព្រួតវាយដំច្រំធាក់ បណ្តាលអោយរបួសរហូតដល់សន្លប់ និងបំរុងដឹកចេញទៅអង្គភាពរបស់ពួកខ្លួន ពីចំណុចទីតាំងកើតហេតុនៅខាងមុខដេប៉ូលក់សាំងរបស់បុរសឈ្មោះ ស៊ុន សៀក ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៤ ក្នុងខណៈពេលដែលយុវជនរងគ្រោះត្រឡប់មកពីទិញបារី នៅខាងត្បូងរង្វង់មូលផ្សារព្រៃល្វាវិញ។
ក្នុងហេតុការណ៍នេះដែរ បុរសឈ្មោះ ស៊ុន សៀក ជាថៅកែដេប៉ូសាំង និងកូនប្រុសគាត់ឈ្មោះ ស៊ុន ភារម្យ ទាំងពីរនាក់ឪពុក និងកូន ដោយមើលឃើញយុវជនរងគ្រោះជាកម្មករដេប៉ូសាំងរបស់ខ្លួនសន្លប់ដេកដួលយ៉ាងដូច្នេះ ក៏នាំគ្នាចូលទៅជួយឃាត់ និងរារាំងជនប្រព្រឹត្តទាំង ៥នាក់ កុំអោយនាំខ្លួនយុវជនរងគ្រោះទៅអង្គភាព ដោយរងចាំសមត្ថកិច្ចប៉ូលិសប៉ុស្ត៍ ឃុំព្រៃល្វា មកដល់ដោះស្រាយគ្នាសិន តែជនប្រព្រឹត្តទាំងនោះមិនព្រមស្តាប់នោះទេ ហើយថែមទាំងព្រួតគ្នាវាយដំមកលើបុរសទាំងពីរនាក់ឪពុក និងកូន ថែមទៀត បណ្តាលអោយបុរសជាឪពុករងរបួសពកក្បាលផ្នែកខាងមុខ និងគ្រេចម្រាមដៃ រីឯកូនប្រុសគាត់វិញរងរបួសពកក្បាល, ជាំភ្នែកខាងឆ្វេង និងជាំដៃខាងឆ្វេងផងដែរ។ មួយសន្ទុះក្រោយមកក៏មានលោក ប៉ុល ប៊ុណ្ណា ជានាយនគរបាលប៉ុស្តិ៍រដ្ឋបាលស្តីទី បានដឹកនាំកម្លាំងនគរបាល ៨នាក់ មកហាមឃាត់មិនអោយបន្តការវាយដំ និងមិនអោយនាំខ្លួនយុវជនរងគ្រោះទាំងរបួសពេញខ្លួនទៅអង្គភាពរាជអាវុធហត្ថស្រុកនោះទេ តែជនប្រព្រឹត្តទាំង ៥នាក់មិនព្រមស្តាប់ទៀត ហើយរឹតតែផ្គើនចង់បន្តសកម្មភាពអុកឡុកដល់លំនៅដ្ឋានប្រជាពលរដ្ឋទៀត ខណៈហើយទើបលោកនាយប៉ុស្តិ៍ចេញបញ្ជាអោយកម្លាំងដែលអមទៅជាមួយរូបលោកចំនួន ៨នាក់ ធ្វើការអន្តរាគមន៍ និងទាក់ទងទៅអធិការស្រុកស្នើសុំកម្លាំងមកជួយអន្តរាគមន៍បន្ថែម ដោយឮបែបនេះ ក្រុមជនប្រព្រឹត្តទាំង ៥នាក់ ក៏ទម្លាក់យុវជនរងគ្រោះពីម៉ូតូរបស់ខ្លួន រួចនាំគ្នាជិះចេញទៅបាត់។ បន្ទាប់មកក្រុមគ្រួសារលោក ស៊ុន សៀក ក៏នាំគ្នាដឹកយុវជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស ដើម្បីព្យាបាលរបួស។
ក្រោយពីកើតហេតុនេះ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ យុវជនរងគ្រោះបានដាក់បណ្តឹងចូល ទៅសាលាដំបូងខេត្តតាកែវ ទៅតាមផ្លូវច្បាប់រួចហើយ ដើម្បីសុំអោយតុលាការរកយុត្តិធម៌ និងទាមទារ សំណងជំងឺចិត្ត ពីជនប្រព្រឹត្តទាំងនោះ។
សូមបញ្ជាក់ថា ថៅកែដេប៉ូសាំង និងប្រជាពលរដ្ឋ ដែលបានស្គាល់យុវជនរងគ្រោះទាំងអស់ អះអាងថា យុវជនរងគ្រោះ ជាមនុស្សម្នាក់មានចរឹតស្លូតបូត មិនដែលប្រព្រឹត្តអំពើអ្វីខុសច្បាប់ ឬខុសសិលធម៌អ្វីនោះទេ នាពេលកន្លងមកនេះ។