សេចក្តីថ្លែងការណ៍: តើការ​ចាប់ខ្លួន​ជាបន្តប​ន្ទាប់ទៅ​លើអ្នក​តំណាង​សហគមន៍​ការពារ​ដីធ្លីគឺជា ការគេច​វេស​ពីការ​ទទួល​ខុស​ត្រូវ ឬជាចេត​នា​រិតត្បិត​បង្រ្កាប​អ្នកតវ៉ា​ដោយ​សន្តិវិធី​នៅ​កម្ពុជា​?

សមាគម​ការពារ​សិទិ្ធមនុស្ស និងអភិវឌ្ឍន៍​នៅ​កម្ពុជា ហៅកាត់ថា (អាដហុក) ថ្កោល​ទោស​ចំពោះ​យុទ្ធនា​ការ​ចុះបង្រ្កាប និង​ចាប់​ខ្លួន​តំណាង​សហគមន៍​បឹងកក់ ប្រព្រឹត្ត​ឡើង​ដោយ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ។ យុទ្ធនា​ការ​នេះ បានបង្ហាញ​នូវចេត​នា​យ៉ាង​ច្បាស់​ថា សាលា​រាជធានី​ភ្នំពេញ មិន​​ជួប​ពិភាក្សា​ដោះស្រាយ​បញ្ហា​កំពុង​ប្រឈម និងមិន​ខ្វល់អំពី​ទុកលំបាក​វេទនា​របស់​សហគមន៍​ទេ ហេតុ​នេះ​ពុំចាំ​បាច់​ប្រើ​យុទ្ធ​សាស្ត្រ​តវ៉ា និងការ​ដាក់​សំពាធ​រំខាន​អារម្មណ៍​ដល់​អភិបាល និងមន្ត្រី​សាលា​រាជធានី​ទេ ។ ជាលទ្ធផល គួរអោយ​តក់​ស្លុត​ជាខ្លាំង​ចំពោះ​ជីវិត​ដ៏អភ័ព្ទ​របស់​តំណាង​សហគមន៍ ដែលមាន​រស់​នៅ​ក្នុងភាព​កំសត់ ឯកកោ និង​គ្មាន​អាជ្ញាធរ​ជាអាព្យាបាល​ក្នុងការ​ជួយជ្រុម​ជ្រែង​ដោះស្រាយ​ភាពលំ​បាក ដែលកើត​ឡើង​ពីទំនាស់​ដីធ្លីរាំ​រ៉ៃយូរ ឆ្នាំមក​ហើយ ប៉ុន្តែ​មិនទទួល​បាន​យុត្តិធម៌​សម​ប្រកប​តាម​មូល​ដ្ឋាន​យុត្តិធម៌ ផ្ទុយ​ទៅ​វិញ​មាន​តែការ​គំរាម​កំហែង និងចាប់​ខ្លួន ជាពិសេស​សហគមន៍​បឹងកក់ យ៉ាង​ហោច​ក្នុង​រយៈ​ពេល​២ថ្ងៃ មាន​សកម្មជន​ការពារ​ដីធ្លី​ចំនួន១១​នាក់​ត្រូវ​បានចាប់​ខ្លួន​ចោទ​ប្រកាន់​ពីបទ ប្រឆាំង​ជាមួយ​អ្នករាជ​ការ​សាធារណៈ​មាត្រា​៥០២​នៃក្រម​ព្រហ្មទណ្ឌ និង​មាត្រា​៧៨​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។

កត់សម្គាល់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានចាប់​ខ្លួន​សកម្មជន​ការពារ​ដីធ្លី​សហគមន៍​បឹងកក់​ចំនួន​៧នាក់ នៅខណៈ​ដែលពួក​គេមក​តវ៉ា​សុំការ​ជួយ​អន្តរាគមន៍​ឲ្យមាន​ការ​ដោះស្រាយ​បញ្ហា លិចលង់​ផ្ទះសម្បែង​ដោយសារ​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​សហគមន៍​​បឹង​​អស់​​ជា​ច្រើន​ថ្ងៃ​ដោយ​មិន​មាន​​ការ​ជួយ​អន្តរាគមន៍​ពី​រដ្ឋ​អំណាច​មូល​ដ្ឋាន ។ បញ្ហា​នេះ​ទើប​ពួក​គេលើ​គ្នា​សែង​គ្រែ​មក​តវ៉ា​មុខ​សាលា​ក្រុង​ស្រែក​តវ៉ា​សុំឲ្យ​មន្រ្តី​សាលា​ក្រុង​ចេញមក​ជួប​រក​ដំណោះ​ស្រាយ។ ការវ៉ា​នេះ​មិនមាន​ការ​ចេញ​មក​ដោះ​ស្រាយ​នោះ​ទេ ក្រៅ​តែ​ពីការ​ហ៊ុំព័ទ្ធ​ដោយ​ប៉ូលិស​រាប់​រយ​នាក់​ទៅលើ​ក្រុម​អ្នក​តវ៉ា ។ ការចាប់​ផ្តើម​នៅ​ខណៈ​ពេល​អ្នក​ភូមិ​សែង​គ្រែ​បិទ​ផ្លូវ​នៅ​ពី​មុខ​សាលា​រាជ​ធានី​ភ្នំពេញ​សុំឲ្យ​តំណាង​សាលា​រាជធានី​ចេញ​មក​ចរចារ ផ្តើម​ពីអ្នក​តំណាង​ដែល​ចេញ​មុខ​លេច​ធ្លោ​ជាង​គឺ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​បញ្ជូន​ទៅ​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ រួច​បាន​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក កសាង​សំណុំ​រឿង​ទៅ​សាលា​ដំបូងរា​ជ​ធានី​ភ្នំពេញ ។

នៅព្រឹក​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះដែរ ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​នានា​ប្រមាណ​ជិត ១០០​នាក់​ក្នុង​រាជធា​នី​ភ្នំពេញ បាន​មក​ជួប​ជុំ​គ្នា​នៅ​ពីមុខ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ទាម​ទារ​ឲ្យ​ដោះលែង​អ្នក​តំណាង​របស់​ពួក​គេ​ចំនួន​៧នាក់ ដែល​បាន​ចាប់​កាល​ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ ។ សកម្មភាព​តវ៉ា​ពួក​គេបាន​ស្រែក​ទាម​ទារ​បញ្ឈប់​ការ​ចោទ​ប្រកាន់​សុំឲ្យ​មាន​ការ​ដោះ​លែង​​អ្នក​តំណាង​របស់​ពួក​គេជា​ដើម ។ គ្មាន​ការឆ្លើយ​តប​ទេ តែខាង​ភាគី​អាជ្ញាធរ​ខ័ណ្ឌ​៧មករា បាន​ចេញ​មក​បង្រ្កាប​និង​ចាប់​ខ្លួន​ប្រជាសហគមន៍​ចំនួន​៤នាក់​ក្នុង​នោះ​មាន​ព្រះសង្ឃ​មួយ​អង្គ​ផង​ដែរ បញ្ជូន​ទៅ​ស្នងការ​នគរ​បាលរាជធានី​ភ្នពេញ ។

ការ​ចាប់​ខ្លួន​ជាបន្ត​ប​ន្ទាប់​នេះ បាន​ធ្វើឲ្យ​មាន​ការភ្ញាក់​ផ្អើលជា​ខ្លាំង​ពីសហគមន៍​ជាតិ​ និងអន្តរជាតិ ព្រោះ​ថា​​ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​ភ្នាក់​ងារ​រដ្ឋ​ដើម្បី​បំបាក់​ស្មារតី គំរាម​កំហែង អ្នក​តវ៉ា​ទាម​ទារ​ដោយ​សន្តវិធី ។ សូមរំលឹក​ដែរ​ថា ប្រជាជន​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​តាម​បណ្តាល​ខេត្ត​មួយចំនួន​ក្នុង​ប្រទេសកម្ពុជា​បាន​នាំ​គ្នា​មក​ដេកទាម​ទារត​វ៉ា​ឲ្យ​មាន​ដំណោះ​ស្រាយ​របស់​ពួក ក្នុង​រាជ​ធានី​ភ្នំពេញ​កើត​មាន​ជា​បន្ត​បន្ទាប់​គ្មាន​លួស​ថ្ងៃ ។ ដូចនេះ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បំបាក់​ស្មារតី​ប្រជាជន​ទាំងនោះ​ពួកគេ​បាន​ចាប់​ខ្លួន​អ្នក​តវ៉ា​ដោយ​សន្តិ​វិធី​ដែល​ជា​មុខ​សញ្ញា​ដូច​ជា​សហគមន៍បឹងកក់ សហគមន៍ថ្មគោល និង​បណ្តាញ​ព្រះសង្ឃ​ជាដើម ។

សមាគម​អាដហុក​យល់​ឃើញ​ថា សកម្មភាព​នៃការ​ចាប់​ខ្លួន​អ្នកត​វ៉ា​ដោយ​សន្តិ​វិធី ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រ​ដ្ឋាភិបាល គឺបាន​ប្រាស់​ចាក​ពី​យុត្តិធម៌​សង្គម រំលោភ​សិទិ្ធ​ពលរដ្ឋ និង​នយោបាយ ដែល​ធានា​ដោយ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ១៩៩៣ ។ សមាគម​មាន​ការ​ជឿ​ជាក់​ថា ប្រជាជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ទាំងអស់​មិន​បាន​ប្រព្រឹត្ត​នៅ​កំហុស​ឆ្គង​ដូចបាន​ចោទ​ប្រកាន់​ទាំង​អស់​នោះ​ទេ ។ សកម្មភាព​នៃការទាម​ទារ​តវ៉ា​ដោយ​សន្តិវិធី​គឺ​ធានា​ដោយ​ច្បាប់ ចំណែក​ការ​មិន​ទទួល​ខុសត្រូវ​សម្រាប់​អាជ្ញា​ធរ​រដ្ឋ​ដែល​មិនបាន​អើពើ​រក​ដំណោះ​ស្រាយ​ជូន​ប្រជាជន គឺជា​ការ​ទទួល​ខុសត្រូវ​ជាចាំ​បាច់ ហេតុអ្វី​បាន​ជា​មក​ចាប់​ប្រជាជន​ដោយ​ទាំង​មិន​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង? ។ សមាគម អាដហុក យល់ឃើញ​ទៀត​ថា មាត្រា​​ដែលបាន​លើក​យក​មក​ចោទ​ប្រកាន់​ប្រជាជន​បែប​នេះជា​កម្មភាព​គំរាម​កំហែង​ស្មារតី សកម្មជន​ ការពារ​ដីធ្លី និងមាន​ចេតនា​បង្រ្កាប​ការត​វ៉ា​ដោយ​សន្តិវិធី របស់​ប្រជាជន ដែលនាំ​ឲ្យការ​គោរព​សិទិ្ធ​មនុស្ស​ដើរ​ថយក្រោយ និង​ជា​ការ​បំផ្លាញ​ដំណើរ​ការ​លទិ្ធ​ប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា ។

ភ្នំពេញថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤

ទំនាក់ទំនងព័ត៌មាន៖

១-​ លោក ចាន់ សុវ៉េត អនុប្រធាន ផ្នែកសិទ្ធិដីធ្លី និង ធនធានធម្មជាតិ​

​​     ទូរស័ព្ទលេខ៖ ០១៦ ៦៦៧ ៣៧៣

២- លោក យី សុខសាន្ត មន្រ្តីអង្កេត ផ្នែកសិទ្ធិដីធ្លី និង ធនធានធម្មជាតិ

ទូរស័ព្ទលេខ៖ ០១៦​ ៨៣៥ ៥៩៧