ភ្នំពេញថ្ងៃទី១១ មេសា ឆ្នាំ ២០១៣ សមាគមអាដហុកបានរៀបចំសន្និសីទសារពត៌មាន
ស្តីពី បញ្ហាជួញដូរមនុស្ស និង ចំណាកស្រុក ត្រីមាសទី១ ឆ្នាំ ២០១៣
គោលបំណងនៃសន្និសីទ៖
១‑ផ្សព្វផ្សាយពត៌មានពីផលវិបាកនៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន(មិនស្របច្បាប់) និងការប្រឈមរបស់ពលករកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០១៣
២‑ផ្តល់ឱកាសឲ្យពលករដែលទើបវិលត្រឡប់មកដល់ បានលើកឡើងពីបទពិសោធន៍ដែលខ្លួនជួបប្រទះ
ការធ្វើចំណាកស្រុក ដល់ពលរដ្ឋកម្ពុជាទូទៅ និង លើកឡើងនូវកង្វល់ ក៍ដូចជាសំណើ ជូនរាជរដ្ឋាភិបាល ជាពិសេសស្ថាប័នមានសមត្ថកិច្ច
៣‑បង្ហាញនូវស្ថានភាពពលករចំណាកស្រុក និងអំពើជួញដូរមនុស្ស នៅត្រីមាសទី១ ដើមឆ្នាំ២០១៣ ដោយ សមាគមអាដហុក និងលើកឡើងនូវអនុសាសន៍មួយចំនួនជូនរាជរដ្ឋាភិបាល
លោក ធន សារាយ ប្រធានសមាគមអាដហុក មានប្រសាសន៍អំពីបញ្ហារបស់ពលករចំណាកស្រុក
និងជួញដូរមនុស្ស នៅកំឡុងត្រីមាសទី១ នៃឆ្នាំ ២០១៣
ពលកររងគ្រោះខ្មែរដែលត្រូវគេបញ្ជូនពីប្រទេសថៃទៅធ្វើជាកម្មករលើទូកនេសាទក្នុងប្រទេស ម៉ូរីទីស
ពលកររងគ្រោះខ្មែរដែលត្រូវគេបញ្ជូនពីប្រទេសថៃទៅធ្វើជាកម្មករលើទូកនេសាទក្នុងប្រទេស ម៉ូរីទីស ក្នុងកម្មវិធីសន្និសីទនៅសមាគមអាដហុក
រូបថតពលករជនរងគ្រោះខណៈមកដល់អាកាសយានដ្ឋានភ្នំពេញថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៣
រូបថតពលករជនរងគ្រោះខណៈមកដល់អាកាសយានដ្ឋានភ្នំពេញថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៣
សង្ខេបអង្គហេតុករណីចំណាកស្រុក៖
កាលពីថ្ងៃ ទី១២ ខែមករា ឆ្នាំ២០១៣ សមាគមអាដហុកបានទទួលទូរស័ព្ទពី លោក កុយ សាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជាកម្មករនេសាទ ដែលត្រូវបានថៅកែជនជាតិថៃបញ្ជូនទៅធ្វើការនៅលើសមុទ្រ នៃប្រទេសម៉ូរីទីស ។ កុយ សាវី រស់នៅភូមិឈើទាលជ្រុំ ឃុំឆ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានេជ័យ ។ សាវី បានចាកចេញពីផ្ទះទៅប្រទេសថៃ ជាមួយអ្នកភូមិរបស់គាត់តាមច្រកព្រំដែនប៉ោយប៉ែត តាំងពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១០។ នៅពេលមកដល់ប្រទេសថៃ កុយ សាវី ត្រូវបានថៅកែជនជាតិថៃបញ្ជូនទៅធ្វើការ នៅលើទូកនេសាទថៃ ដោយធ្វើដំណើរអស់រយៈពេល២៣ថ្ងៃ ២៣យប់ទើបដល់ ប្រទេសគោលដៅនេសាទ។ នៅលើទូកនេសាទមានមនុស្ស២៧នាក់ ក្នុងនោះ២៣នាក់ជាជនជាតិខ្មែរដែលបានឆ្លងដែលទៅដោយមិនមានឯកសារ និង៤នាក់ទៀតជាជនជាតិថៃ ។ សាវី និងពលករខ្មែរ២២នាក់ទៀតបានធ្វើការលើទូក ក្រោមបញ្ជារបស់ជនជាតិថៃ អស់រយៈ ២ឆ្នាំ ៥ខែដោយមិនទទួលបានប្រាក់ខែទាត់តែសោះ មិនដែលមានទំនាក់ទំនងមកក្រុមគ្រួសារនៅផ្ទះសោះ ជីវិតរស់នៅតែលើផ្ទៃសមុទ្រ ធ្វើការមិនមានពេល វេលាកំណត់ច្បាស់លាស់ ធ្វើការពី៨ម៉ោង ទី ១៤ម៉ោង និងអាហារមិនគ្រប់គ្រាន់។ ពលកររងគ្រោះ ទាំង២៣នាក់ បានជួបជាមួយប៉ូលីសនៅប្រទេសម៉ូរីទីស ខណៈពេលដែល ទូកនេសាទដែលពលករខ្មែរបានធ្វើការនៅទីនោះត្រូវបានឃាត់ខ្លួនព្រោះ ការចូលនេសាទខុសច្បាប់។ ហើយ សាវី និង មិត្តរួមការងារទាំងអស់មានបានលេខទំនាក់ទំនងរបស់សមាគមអាដហុក ស្នើសុំឲ្យជួយអន្តរាគមន៍។ ក្រោយពីបានពត៌មាន និងសំណើសុំជួយអន្តរាគមន៍ សមាគមបានប្រមូលពត៌មានបន្ថែម និងទំនាក់ទំនងរកក្រុមគ្រួសារ ដើម្បី ជួយអន្តរាគមន៍ ។ អាដហុកបានអន្តរាគមន៍ទៅក្រសួងការបរទេសកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៣។ដោយបានកិច្ចសហការល្អ ពីក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងអង្គការ IOM និងអន្តរាគមន៍ យ៉ាងសកម្មទើបជនរងគ្រោះ២២នាក់បានវិលត្រឡប់មកដល់កម្ពុជាវិលដោយសុវត្តិភាពនៅថ្ងៃទី៩ និង១១ ខែមេសា ។