លោក ធន សារាយ ប្រធានសមាគមអាដហុក បានថ្លែងគូសបង្ហាញនូវបទពិសោធន៍ ពាក់ព័ន្ធនឹងការអនុវត្តន៍កេរដំណែលរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) សម្រាប់ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាតិ នៅសណ្ឋាគារ SUNWAY រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣។
រាជធានីភ្នំពេញ: នៅវេលាម៉ោង៨:០០ ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ លោក ធន សារាយ ប្រធានសមាគមអាដហុក(ADHOC) និង ជាគណៈកម្មាធិការ ប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) បានថ្លែងសុន្ទរកថាស្វាគមន៍សិក្ខាសាលា ស្តីពី ការអនុវត្តន៍កេរដំណែល របស់ អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា សម្រាប់ការកែ ទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាតិ ។
វត្តមានគណអធិបតីចូលរួមនៅក្នុងសិក្ខសាលារួមមាន១) លោក ធន សារាយ ២)លោក មេធាវី ប៊ុន ហុន ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ៣)លោក Mark Spitzkatz ប្រធានកម្មវិធីនីតិរដ្ឋ នៃមូលនិធិខុនរ៉ាដ អាដុនណោអ៊ែរ ប្រទេសសឹង្ហបុរី និង៤) លោក សួន ប៊ុនស័ក ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) ។ នៅក្នុងសិក្ខាសាលានេះ ក៏មានវត្តមានពី វាគ្មិនជំនាញ ផ្នែក ច្បាប់ មេធាវី តំណាងអង្គការសង្គមស៊ីវិល ប្រមាណជា ៧០រូប ផងដែរ ។
សិក្ខាសាលាថ្ងៃនេះ មានគោលបំណងសំខាន់ៗ ដូចតទៅ៖
- ផ្តួចផ្តើមគំនិតក្នុងការគិតគូរអំពីកេរដំណែលល្អៗនៃអ.វ.ត.ក ជាពិសេស អំពីរបៀបដែលត្រូវផ្ទេរនូវចំណុចល្អៗនោះទៅកាន់ប្រព័ន្ធតុលាការជាតិ
- ពិភាក្សានូវទិដ្ឋភាពកេរដំណែលល្អៗ ដែលអាចយកទៅអនុវត្តន៍នៅក្នុងវិស័យកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
- ពិភាក្សានូវតួនាទីរបស់សង្គមស៊ីវិល និងគណៈមេធាវី ក្នុងដំណើរការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
- បង្កើតផែនការសកម្មភាពសម្រាប់សង្គមស៊ីវិលនៅក្នុងសកម្មភាពកំណែទម្រង់ច្បាប់ និង ប្រព័ន្ធយុតិ្តធម៌។
ថ្ងៃនេះ គឺជាសិក្ខាសាលាបន្តដែល ត្រូវបានរៀបចំត្រូវបានរៀបចំឡើងដោយគណៈ កម្មាធិការប្រព្រឹត្តិកម្ម និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កាលពីថ្ងៃទី ១៣ -១៤ ខែកញ្ញា ឆ្នាំ២០១២ ហើយមានបញ្ហាសំខាន់ៗជាច្រើន ត្រូវបានជជែកពិភាក្សា និងសមេ្រចបាននូវ លទ្ធផលជាច្រើន ផងដែរ សម្រាប់ជាមូលដ្ឋាននៃការគិតគូរ ពិចារណា និងដាក់បញ្ចូលក្នុងផែនការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុតិ្តធម៌ជាតិរបស់ យើងឲ្យកាន់តែ ល្អប្រសើរថែមទៀត។ នៅក្នុងឱកាលជួបជុំរបស់អង្គសិក្ខាសាលា ដែលមានវត្តមានចូលរួមពីគ្រប់ភាគីទាំងអស់របស់អ.វ.ត.ក ជាពិសេស មេធាវីដែល បំរើរការនៅអ.វ.ត.ត និងមេធាវីដែលបំរើការនៅតុលាការជាតិ ស្ថាប័នឧត្តមសិក្សាសំខាន់ៗ ព្រមទាំងតំណាងអង្គការមិនមែនរដ្ឋា ភិបាល។ យើងត្រូវ ការពិភាក្សា អំពីបទពិសោធន៍វិជ្ជមាននានា ដែលបានធ្វើឡើងនៅឯ អ.វ.ត.ក ហើយថាតើ យើងត្រូវប្រើនូវបទពិសោធន៍ទាំងនេះយ៉ាងដូចម្តេច ដើម្បីអាច នាំឲ្យមានការអនុវត្តន៍ និងគោរពនូវគោលការណ៍សិទិ្ធជាមូលដ្ឋាន នៃការកាត់ក្តីមួយប្រកបដោយយុត្តិធម៌សម្រាប់ប្រព័ន្ធតុលាការជាតិរបស់យើង នាពេលបច្ចុប្បន្ននេះ។
បន្ថែមពីលើនេះ ការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាការងារអត្ថិភាព និងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាយើង ប៉ុនែ្តយើង ក៏សង្កេត ឃើញថា ការងារនេះហាក់ នៅមានល្បឿនយឺតយ៉ាវ ហើយដែលត្រូវការចំាបាច់ឲ្យមានការចូលរួមពីសំណាក់ភាគី ពាក់ព័ន្ធសំខាន់ៗនានា រួមទាំងអង្គការ សង្គមស៊ីវិល និងគណៈមេធាវី ផងដែរ។ ដោយសារ តែភាពសំខាន់ចាំបាច់និងការចូលរួមវិភាគទាននៅក្នុងការងារនេះហើយ ទើបគណៈ កម្មាធិការ ប្រព្រឹត្តិកម្ម បានខិតខំសហការ និងផ្តួចផ្តើមនូវកិច្ចពិភាក្សាជាច្រើនតាំងពីចុងឆ្នាំ ២០១០ ដោយបាន សហការជាមួយនឹងការិយាល័យ ឧត្តមស្នងការ សហប្រជាជាតិទទួល បន្ទុកសិទិ្ធមនុស្សនៅកម្ពុជា អ.វ.ត.ក និងគណៈមេធាវី នាពេលនេះ ដើម្បីលើកយកនូវប្រធានបទសំខាន់ៗ ដែលជាការអនុវត្តល្អៗ ឬជាកេរដំណែលជាវិជ្ជមាន លើគ្រប់ទិដ្ឋភាព នៃការអនុវត្តន៍ច្បាប់នៅ អ.វ.ត.ក សម្រាប់ចូលរួមចំណែកក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធ យុត្តិធម៌ជាតិរបស់យើង។
ដូចឯកឧត្តម លោកជំទាវ មេធាវី លោក លោកស្រី អ្នកនាងកញ្ញា ជ្រាបស្រាប់ហើយ
ថា កេរដំណែលរបស់អ.វ.ត.ក មានច្រើនទិដ្ឋភាពណាស់ដូចជាៈ កេរដំណែលខាងផ្នែក យុត្តិសាស្រ្តចំពោះការចូលរួមរបស់ ជនរងគ្រោះ ជាដើមបណ្តឹង រដ្ឋប្បវេណី, ការសង្កេតឃ្លាំ មើលតុលាការ, ការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌, ការងារផ្សព្វផ្សាយ និងការចងក្រង ឯកសារ, កេរដំណែល ផ្នែកគាំទ្រ ផ្លូវចិត្តចំពោះ សាក្សី និងជនរងគ្រោះ, ព្រមទាំងកេរដំណែលសម្រាប់សិទិ្ធទទួលបានយុត្តិធម៌សម្រាប់ស្រ្តីរងគ្រោះ ជាដើម។ សិក្ខាសាលាថ្ងៃនេះមាន គោលបំណង ពិនិត្យមើលបន្ថែមទៀតថាតើ កេរដំណែលទាំងនេះនឹងត្រូវយកមក អនុវត្តន៍ជាក់ស្តែងយ៉ាងដូចម្តេច ជាពិសេស តាមរយៈបទពិសោធន៍ របស់មេធាវី ឬអ្នកច្បាប់ ដែលបំរើការងារផ្ទាល់នៅអ.វ.ត.ក ដែលនឹងត្រូវចែករំលែកក្នុងសិក្ខាសាលានេះផងដែរ។
លោកប្រធានសមាគមអាដហុកសង្ឃឹមថា ដោយមានការចូលរួមដ៏សកម្មរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេធាវី និងវាគ្មិនទាំងអស់ ខ្ញុំជឿជាក់ យ៉ាងខ្លាំងថា សិក្ខាសាលារបស់យើងថ្ងៃនេះនឹងអាចសម្រេចបាននូវគោលបំណងដែលបានគ្រោងទុក ហើយនឹងរួមចំណែកដល់ដំណើរការយូរអង្វែងក្នុងការផ្ទេរនូវកេរដំណែល ឬការអនុវត្តល្អៗ របស់ អ.វ.ត.ក សម្រាប់ជាផលប្រយោជន៍វិជ្ជមានដល់ការងារកំណែទម្រង់ច្បាប់ និង តុលាការ ជាតិរបស់យើង។
ទីបញ្ចប់ ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការរួមចំណែក និងការចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ហើយខ្ញុំទន្ទឹងរងចាំស្តាប់នូវដំណើរការកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា នាពេលបន្តិចទៀតនេះ។
សូមអរគុណច្រើនចំពោះការយកចិត្តទុកស្តាប់!
អ្នកសរសេររបាយការណ៍ ដោយលោក ឡាត់ គី ប្រធានកម្មវិធីដីធ្លី និងសាលាក្ដីខ្មែរក្រហម នៃសមាគមងាដហុក