ដំណោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការនៅ ខេត្តបន្ទាយមានជ័យ

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយទំនាស់ ដីធ្លី​ សមាគមអាដហុក បានបង្កើតកម្ម វិធីថ្មីមួយ គឺការដោះស្រាយទំនាស់ក្រៅ ប្រព័ន្ធតុលាការ ។​

ដោយមានការស្នើសុំពីគូភាគីទំនាស់​ ដើម្បីឲ្យសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ ធ្វើការសម្រុះសម្រួលករណីទំនាស់ដីធ្លីមួយ ដែលមានទីតាំង នៅភូមិរោងគោដើម ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង៨និង៣០នាទីព្រឹក នៅក្នុងបរិវេណ វត្តរោងគោដើម លោកស៊ុំ ចាន់គា ជាអ្នកសំរបសំរួលសមាគមអាដហុកប្រចាំ ខេត្តបន្ទាយមានជ័យ និងជាអ្នកសម្រុះសម្រួល​ បានធ្វើការសម្រុះសម្រួល ក្រៅប្រព័ន្ធតុលាការករណី ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយចាប់ពីឆ្នាំ២០០៦មកម្ល៉េះ សមាសភាពចូលរួមនៅក្នុងដំណើរការនីតិវិធីនេះ មាន លោក ធន សារា​យ ប្រធានសមាគមអាដហុក អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែក កញ្ញា ជូប៊ីន ម៉ុងស្ទ័រ មកពីសាកលវិទ្យាល័យធីលប័ក អាជ្ញាធរមូលដ្ឋាន (លោកមេឃុំចំណោម ស្មៀនឃុំ ប្រធានភូមិ អនុប្រធានភូមិ) ភាគីទំនាស់ទាំងសង្ខាងនិងមានសាក្សីផងដែរ ។

ទំនាស់នេះកើតឡើងរវាង អ្នកស្រី រិន រឿ និងអ្នកស្រី ប្រេស រី ចាប់តាំងពីឆ្នាំ២០០៦មកម្លេះ នៅលើដីទំហំ៥៥៥ម៉ែត្រការ៉េ ដោយមានការប្តឹងផ្តល់រហូត ដល់តុលាការទៀតផង ភាគីបានចំណាយ ថវិកាក្នុងការបង់ពន្ធលើពាក្យបណ្តឹង ថ្លៃចំណាយលើការធ្វើដំណើរពីមូលដ្ឋានទៅតុលាការ និង ចំណាយ​លើ សេវាផ្សេងៗទៀតអស់ថវិកាជាច្រើន ។

ក្រោយពីបានពិនិត្យឯកសារ និងក្រោយពីស្តាប់សេចក្តីថែ្លងការរបស់ភាគីពាក់ព័ន្ធ មន្រ្តី សមាគម អាដហុក បានប្រើពេលដើម្បីធ្វើការសម្រុះសម្រួល ដែលចំណាយពេល៣ម៉ោង​ ជាលទ្ធផល ឃើញថា ភាគីទាំងពីរបានឈានទៅដល់ការព្រមព្រៀងគ្នាដោយស្ម័គ្រចិត្ត មានន័យថាអ្នកស្រី រិន រឿ ដែលជា ដើមចោទបានឯកភាពដកពាក្យបណ្តឹងឈប់ប្តឹងអ្នកស្រី ប្រេស រី នៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ក្នុងករណីទំនាស់ដីធ្លីទំហំ៥៥៥ម៉ែត្រការ៉េ។ ក្រោយពីបញ្ចប់កិច្ចសម្រុះសម្រួល លោក មេឃុំចំណោម បានថ្លែងអំណរគុណដល់សមាគម ដែលបានជួយធ្វើការសម្រុះសម្រួលករណីដីធ្លីដ៏រាំរ៉ៃនេះ និងរីករាយក្នុងការសហការការងារជាមួយ​សមាគមនៅពេលមានករណីផ្សេងៗទៀត ។

ពត៌ មានលំអិត ទំនាក់ទំនងជាមួយអ្នកស្រី ឆន សុគន្ធា

ប្រធានផ្នែកដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ