សេចក្ដីប្រកាសពត៌មាន ករណីប្រទូសកេរ្តិ៍ លើស្រ្តីបំរើតុ មិនមានដំណើរការ បន្តក្រោយ ពីមានអន្តរាគមន៍ ពីឯកឧត្ដម ហ៊ុន សាន បងប្រុសនាយករដ្ឋមន្រ្តី

សេចក្ដីប្រកាសពត៌មាន ករណីប្រទូសកេរ្តិ៍ លើស្រ្តីបំរើតុ មិនមានដំណើរការ បន្តក្រោយ ពីមានអន្តរាគមន៍ ពីឯកឧត្ដម ហ៊ុន សាន បងប្រុសនាយករដ្ឋមន្រ្តី

ករណី រំលោភ លើ​សិទ្ធិ​បុគ្គល និង ប្រទូស្តកេរ្តិ៍ ដែលស្រ្តីរងគ្រោះឈ្មោះ ហ៊ី ធាវី អាយុ២៥ឆ្នាំ បានប្ដឹង លោក អ៊ុំ សុជាតិ ជាមន្ត្រី CMAC  ប្រចាំ​ខេត្ត​បន្ទាយមានជ័យ និង លោក ថុង វិសិដ្ឋ ហៅ វិត ជាថៅកែ​ឡឥដ្ឋ  ខេត្តបន្ទាយមានជ័យ ដែលបានប្រព្រិត្តិទៅលើនាង ចំនួនពីរលើកផ្ទួនៗ គឺ​នៅថ្ងៃទី៣ ម្ដង និង ម្ដងទៀតនៅថ្ងៃទី ៨ ខែ ១១ ឆ្នាំ២០១១ វេលាម៉ោង ៨ និង ៣០នាទី នៅភោជនីយដ្ឋាន “ ស្ទឹងសែន ” ស្ថិតនៅភូមិ​ក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវស្ថិតក្នុង ភាពអសកម្ម នៃនីតិវិធី។ ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះ​បានដាក់ពាក្យបណ្ដឹង នៅថ្ងៃទី០៩ ខែ ១១ ឆ្នាំ២០១១ នៅប៉ូលិសប្រឆាំងការជួញដូរ​នៃស្នងការ​ដ្ឋានខេត្ត។ នៅថ្ងៃទី​​ ១៦ ខែ ១១ ឆ្នាំ២០១១ ប៉ូលិសបានហៅ​ជនដែលពាក់ព័ន្ធ​ ទាំងអស់ធ្វើការ​សាកសួរ​​ក្រោយពីបានសាកសួរ​ ប៉ូលិសក៏​បានបញ្ជូន សំណុំរឿងនេះទៅ​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ ។

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១១ ព្រះរាជអាជ្ញា ក៏បានហៅ លោក អ៊ុំ សុជាតិ អោយចូលបំភ្លឺ ករណីដែល ស្រ្តីរងគ្រោះ ហ៊ី ធាវី បានប្ដឹង។ យោងតាមការ ស៊ើបអង្កេត របស់សមាគអាដហុក បានបង្ហាញ​អោយឃើញថា មានលិខិតអន្តរាគមន៏ មួយច្បាប់ពី ឯកឧត្ដម ហ៊ុន សាន ជានាយករដ្ឋបាល គ្រប់គ្រងនៃក្រសួង​សាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១១ ជូនលោក ផាន់ សុវណ្ណរ័ត្ន ព្រះរាជ​អាជ្ញា​អម​តុលាការសាលដំបូងខេត្តបន្ទាយមានជ័យ សុំអោយលោកព្រះរាជអាជ្ញា ធ្វើអន្តរា​គមន៏ និងសម្រួល ដល់ឈ្មោះ អ៊ុំ សុជាតិ និង ឈ្មោះ ថុង ពិសិដ្ឋ បញ្ចប់ករណីចោទប្រកាន់ របស់ស្រ្តីរត់តុ នៅភោជនីដ្ឋានស្ទឹងសែនខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីបានទទួលលិខិត​អន្តរាគមន៏ ព្រះរាជអាជ្ញា អមតុលាការសាលដំបូងខេត្ត មិនបានបន្តដំណើរការនីតិវិធី នៃរឿងក្ដី ប្រទូស្តកេរ្តិ៍ រវាងលោក អ៊ុំ សុជាតិ និង ស្រ្តីរងគ្រោះ ដែលជាដើមចម អោយមាន បទប្ដឹង​បរិហារបង្កាច់កេរ្តិ៍នោះទេ។ ហើយ​ថែម​ទាំង យកចិត្តទុកដាក់ ដំណើរការរឿងក្ដី “បទប្ដឹងបរិហារ​បង្កាច់កេរ្តិ៍” តាមពាក្យបណ្ដឹងរបស់ លោក អ៊ុំ សុជាតិ ប្ដឹង លោក ស៊ុំ ច័ន្ទគា អ្នកសម្របសម្រួល សមាគអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ ទៅវិញ បើទោះបីជា រឿងក្ដីនេះ ជាផលដែល​កើតចេញពី អំពើនៃ បទប្រទូស្ដកេរ្តិ៍ ក៏ដោយចុះ។

សកម្មភាពនេះបានធ្វើអោយយើង មានការសង្ស័យថា ដោយឥទ្ធិពល នៃលិខិតអន្តរាគមន៏ ខាងលើ​នេះ បានធ្វើអោយ ព្រះរាជអាជ្ញា អមតុលាការខេត្តបន្ទាយមានជ័យ ក្លាចរអែងមិនហ៊ាន បន្តនីតិវិធី ដែលយើង អាចចាត់ទុកថា ជាការជ្រែយជ្រែកកិច្ចការ តុលាការ ដែលផ្ទុយនឹងយុទ្ធសាស្រ្ត​ចតុកោណរបស់រាជរដ្ឋាភិបាល កិ្នុងវិស័យយុត្តធម៌។

ភ្នំពេញ, ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២

 

ពត៌មានបន្ថែម សូមទំនាក់ទំនង

លោក នី ចរិយា ប្រធានផ្នែកស៊ើបងង្កេត ០១១ ២៧ ៤៩ ៥៩