សេចក្ដីថ្លែងការណ៍ អាជ្ញាធរក្រុងភ្នំពេញកំពុង រំលោភ រដ្ឋធម្មនុញ្ញ និង ច្បាប់

សមាគមការពារសិទ្ធិមនុស្សអាដហុក​ ថ្កោលទោសចំពោះ សកម្មភាព របស់ អាជ្ញាធរក្រុងភ្នំពេញ ដែលបានធ្វើការចាប់ខ្លួនមនុស្ស ចំនួន១១នាក់ ដែលក្នុងនោះរួមមាន កញ្ញា ឡុង គឹមហៀង បុគ្គលិកអង្គការសិទ្ធិលំនៅដ្ឋាន អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី តុង ស្រីលាប អ្នកស្រី ពៅ សុភាព អ្នកស្រី ផាន់ ឈុនវ៉េង អ្នកស្រី ភួង សុភាព អ្នកស្រី ងួន គឹម ឡាង អ្នកស្រី អ៊ឹម ស្រីទូចជាសកម្មជនដីធ្លី តំបន់បឹងកក់ អ្នកស្រី អៀង ភីសា និង លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ កាលពី ម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នៅពេលដែល អ្នកទាំង ១១នាក់ នោះបានចូលរួម ជាមួយ តំណាងអង្គការ សមាគម និងសកម្មជនដីធ្លី ចំនួនប្រមាណជា ១០០នាក់ ផ្សេងទៀត បាននាំគ្នាយក ញាតិ ទៅដាក់ជូន ស្ថានទូតអាមេរិក ស្ថានទូតបារាំង និងស្ថានទូតអង់គ្លេស ដើម្បីសុំអន្តរាគមន៍ អោយមានការដោះលែង តំណាងសហជីព និង បាតុករអហិង្សា ចំនួន ២៣នាក់ រួមជាមួយ លោក វ៉ន ពៅ ដែល កងកម្លាំង របស់រដ្ឋាភិបាល បានធ្វើការចាប់ និង កំពុងឃុំខ្លួន ដោយខុសច្បាប់ នៅពន្ធនាគារ ត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម។ សូមរំលឹកផងដែរថា កាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ កន្លងមកនេះ កងកម្លាំងរដ្ឋា  ភិបាលរួម មាន យោធា កងរាជអាវុធហត្ថ និង កម្លាំងប៉ូលិស ជាច្រើពាន់នាក់ បានធ្វើការបង្រ្កាប ដោយប្រើ កាំភ្លើងស្វ័យ ប្រវត្តិ ទៅលើក្រុមបាតុករ អហិង្សា នៅមុខរោងចក្រ យ៉ាក ជីន និង មុខ សួនកាណាឌីយ៉ា ដែលបណ្ដាលអោយ កម្មករ កម្មការនី ចំនួន ០៥នាក់ ស្លាប់ ដោយត្រូវគ្រាប់កាំភ្លើង ២៣ នាក់រងរបួសធ្ងន់ និង ២៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ព្រមទាំងមាន មនុស្សមួយចំនួន ទៀត កំពុងបាត់ខ្លួន (បើតាម សាព័ត៌មានមួយចំនួនបានផ្សព្វផ្សាយ)។ ស្របពេលដែលអាជ្ញាធរក្រុងភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធ របស់រដ្ឋាភិបាល បានធ្វើការបង្រ្កាប ទៅលើជនស៊ីវិល គ្មានអាវុធ ដែលជាការរំលោភសិទ្ធិមនុស្ស និងច្បាប់ យ៉ាងធ្ងន់ធ្ងរនោះ សាលារាជធានីភ្នំពេញ បានចេញបទបញ្ជា មិនអោយ ប្រជាពលរដ្ឋ ធ្វើការជួបជុំគ្នា ចាប់ពី១០នាក់ ឡើងទៅ បទបញ្ជានេះ សមាគមអាដហុក មិនទាន់ទទួលបានជា លាយលក្ខអក្សរនៅឡើយទេ។ ម៉្យាងវិញទៀត ការចេញបទបញ្ជានេះ ជាបទបញ្ជារំលោភរដ្ឋធមនុញ្ញ ត្រង់មាត្រា ៣៧ និងច្បាប់ស្ដីពី ការធ្វើបាតុកម្ម ដោយសន្តិវិធី ត្រង់មាត្រា៤ និងបទដ្ឋានគតិយុត្តមួយចំនួនទៀត ព្រោះថាសិទ្ធិក្នុងការបញ្ចេញមតិ គឺជាមូលដ្ឋានគ្រឹះនៃ ប្រព័ន្ធប្រជាធិបតយ្យសេរីពហុបក្ស ដូចនេះ បទបញ្ជារបស់ សាលារាជធានីភ្នំពេញ ហាមមិនអោយមានការជួបជុំ ចាប់ពីមនុស្ស ១០នាក់ឡើងទៅនេះ បានធ្វើអោយមានការប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យ ដែលរដ្ឋធម្មនុញ្ញ មាត្រា ១៥៣ថ្មី បានហាមឃាត់ ហើយប្រសិន បើប្រទេស កម្ពុជា ស្ថិតក្នុង ភាពអាសន្ន ដូចមានចែងក្នុងមានត្រា ៨៦ នៃរដ្ឋធម្មនុញ្ញវិញនោះ ក៏មាត្រា ១៥២នៃរដ្ឋធម្មនុញ្ញមិនអនុញាតិ អោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើយ ដូចនេះបទបញ្ជា របស់សាលារាជធានីភ្នំពេញ កំពុងរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ។ ខណៈដែល រដ្ឋាភិបាលបាន នឹងកំពុងរំលោភ ច្បាប់ និង រដ្ឋធម្មនុញ្ញ ខាងលើនេះ យើងសង្កេតឃើញថា រដ្ឋាភិបាលក៏បាន នឹងកំពុង ប្រើប្រាស់កម្លាំង មិនស្របច្បាប់ ក្នុងការចាប់ និងឃុំខ្លួន ប្រជាពលរដ្ឋ ស៊ីវិលថែមទៀតផង។ នៅក្នុងព្រឹត្តិការណ៍ នៃការចាប់​និង ឃាត់ខ្លួន អ្នកការពារសិទ្ធិមនុស្សទាំង ១១រូប ខាងលើនេះ អាជ្ញាធរក្រុងភ្នំពេញ បានប្រើប្រាស់ កម្លាំង សណ្ដាប់ធ្នាប់ ខណ្ឌ/សង្កាត់ ដែលមិនមែនជា នគរបាលយុត្តិធម៌ ហើយក៏ពុំមែនជា កងកម្លាំងសមត្ថកិច្ច តាមផ្លូវច្បាប់ដែរ ដែលទង្វើនេះ ជាការរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ម្ដងហើយម្ដងទៀត។ សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរ ក្រុងភ្នំពេញ ត្រូវបញ្ឈប់ការចាប់ និងឃាត់ខ្លួនប្រជាពលរដ្ឋ ដោយរំលោភច្បាប់  និង ត្រូវធ្វើការដោះលែង អ្នកការពារសិទ្ធិមនុស្ស ទាំង១១នាក់ និង ២៣នាក់ ផ្សេងទៀត អោយបានឆាប់ ដោយគ្មានល័ក្ខណឡើយ។     ពត៌មានបន្ថែមសូមទំនាក់ទំនង លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និង ច្បាប់ នៃសមាគមអាដហុកៈ ០១១ ២៧៤ ៩៥៩