អាដហុក និង​លីកាដូ​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ច្រាន​ចោល​សេចក្ដី​ព្រាង​ច្បាប់​អង្គការ

ស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស​ធំៗ​ចំនួន ២ បាន​អំពាវ​នាវ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឲ្យ​បដិសេធ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់​គ្រង​អង្គការ និង​សមាគម ដែល​ត្រូវ​បាន​សមាជិក​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​កាន់​អំណាច​អនុម័ត​នា​ពេល​ថ្មីៗ​កន្លង​មក​នេះ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥ សមាគម​ការពារ​សិទ្ធិ​អាដហុក និង​អង្គការ​លីកាដូ បាន​លើក​ឡើង​ថា មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ បាន​រំលោភ​សិទ្ធិ និង​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ។

នៅ​ថ្ងៃ​ដដែល​នេះ បណ្ដា​អង្គការ និង​សមាគមចំនួន ២៦​ស្ថាប័ន ក៏​បាន​ស្នើ​សុំ​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី កុំ​ឲ្យ​ឡាយ​ព្រហស្ដ​លេខា​លើ​សេចក្ដី​ព្រាង​ច្បាប់​​ដ៏​ចម្រូង​ចម្រាស់​នេះ​ផង​ដែរ។

សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ត្រូវ​បាន​សមាជិក​សភា និង​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​កាន់​អំណាច អនុម័ត​រួច​រាល់​ហើយ​កាល​ពី​ថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥​កន្លង​មក​ថ្មីៗ​នេះ។ សេចក្ដី​ព្រាង​ច្បាប់​នេះ កំពុង​ស្ថិត​នៅ​ស្ថាប័ន​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ពិនិត្យ​សម្រេច មុន​នឹងបញ្ជូន​ទៅ​ព្រះ​មហាក្សត្រ។

សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ជា​ឧបករណ៍​នយោបាយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណ​បក្ស​កាន់​អំណាច ដើម្បី​រឹត​ត្បិត​លើ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា៕