សមាគមការពារសិទ្ធិមនុស្សអាដហុក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បានសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការ ប្រឆាំងនឹងលោក ជ គឹមស៊ អភិបាលរងខណ្ឌចំការមន ដែលបានឃាត់ខ្លួនលោក ឌិត សុធី មន្ត្រីអង្កេតសិទ្ធិមនុស្ស និងព័ត៌មាននៃសមាគមអាដហុក កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ នៅមុខច្រកចូលមជ្ឈមណ្ឌលភ្នំពេញសិនធ័រ។
ក្នុងកម្មវិត្ថុនៃពាក្យបណ្ដឹងដែលចុះហត្ថលេខាដោយលោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយផ្លូវច្បាប់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានរៀបរាប់ថា លោក ជ គឹមស៊ អភិបាលរងខណ្ឌចំការមន បានប្រើតួនាទីរបស់ខ្លួនដឹកនាំកម្លាំងសន្តិសុខខណ្ឌ ធ្វើការចាប់ និងឃាត់ខ្លួនលោក ឌិត សុធី ដែលនេះជាការដកហូត និងធ្វើឲ្យប៉ះពាល់ដល់សេរីភាពបុគ្គល។
លោក ឌិត សុធី ដែលបានចុះទៅអង្កេតស្ថានភាពសិទ្ធិមនុស្សជុំវិញការតវ៉ារបស់ក្រុមយុវជនមាតាធម្មជាតិ ដែលព្យាយាមដាក់ញត្តិទៅរដ្ឋសភានោះ ត្រូវបានកម្លាំងសន្តិសុខចាប់ឃាត់ខ្លួនរួមជាមួយយុវជន ៣នាក់ទៀត និងបញ្ជូនទៅសាលាខណ្ឌចំការមន អស់រយៈពេល ៣ម៉ោង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ មុននឹងត្រូវបានដោះលែងឲ្យវិលត្រឡប់មកវិញនៅថ្ងៃដដែល។