អាដហុក​ខេត្តកណ្តាល ប្រើប្រាស់យន្តការ ADR បញ្ចប់ទំនាស់​មរតកដ៍រ៉ាំរ៉ៃ​បានដោយ​ជោគជ័យ

ជារឿយៗ ទំនាស់តែងកើតឡើយ​​ដោយសារ​តែការមិនយល់គ្នា រវាងមនុស្ស​ពីរនាក់ ឬ ច្រើននាក់ ចំណែកឯការ​ដោះស្រាយវិញ ក៏មានការលំបាក​ដែរ ប្រសិនបើពួក​គេទាមទារយក​ឈ្នះតែរៀងៗខ្លួន ប៉ុន្តែពុំ មែនមាន​ន័យថា មិនអាចដោះស្រាយ​បាននោះទេ ។ ជាក់ស្តែង ដូចករណីទំនាស់​ដណ្តើម​កេរមរតក​ដ៏រ៉ាំរ៉ៃមួយ រវាងកូនស្រី​ឈ្មោះ ម៉ាម៉ុន គឹមសួរ អាយុ៣៣ឆ្នាំ មុខរបរជា​កម្មកររោងចក្រ ប្រទេសកូរ៉ មានទីលំ​នៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល និង ម្តាយចុងឈ្មោះ វ៉ែន អេង អាយុ៦៣ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា បន្ទាប់ពីលោក ម៉ា ម៉ុន ត្រូវជាប្តី និង ជាឪពុកបាន​ស្លាប់កាលពី​ឆ្នាំ២០០៩ ហើយបន្សល់​ទុកនូវទ្រព្យ​សម្បត្តិមាន ផ្ទះ និង ដីចំការ ដែលមិនទាន់​បានបែងចែកគ្នា​ឲ្យដាច់ស្រេច ។
យោងតាម​ការ​ស្រាវជ្រាវរបស់សមាគមអាដហុក​ខេត្តកណ្តាល បន្ទាប់ពីបានទទួល​ពាក្យស្នើសុំសម្រុះសម្រួល​របស់ភាគី​ទាំងពីរ​ឃើញថា៖ ទំនាស់នេះ កើត​ឡើងតាំង​ពីខែ វិច្ឆិកា ឆ្នាំ២០១២ មកម្ល៉េះ គឺនៅ​បន្ទាប់ពី នាង គឹមសួរ ទទួល​ព័ត៌មានថា ម្តាយចុង របស់​នាងឈ្មោះ វ៉ែន អេង បានចុះបញ្ជី​ ធ្វើប័ណ្ណកម្ម​សិទ្ធិ ផ្ទះ និង ដីចំការ​ទាំងអស់ ដាក់​ឈ្មោះតែម្នាក់​ឯង ។ ដោយមិនសុខចិត្ត​ នឹងទង្វើលោភលន់​ របស់ម្តាយចុងខ្លួន ​គឹមសួរ ក៏បានដាក់ពាក្យប្តឹង​ទៅ អាជ្ញាធរ ភូមិ ឃុំ ដើម្បីឲ្យជួយ អន្តរាគមន៍​ទប់ស្កាត់ ការចុះបញ្ជី តែដោយអាជ្ញាធរ​ពេលនោះ មិនបានអើពើ ទើបនៅថ្ងៃទី១៥ ខែ ១២ ឆ្នាំ២០១២ គឹមសួរ បានសម្រេច ដាក់ពាក្យបណ្តឹង ​ទៅសាលាដំបូង​ ខេត្តកណ្តាល ដើម្បីទាមទារ​សិទ្ធិគ្រប់គ្រង ដោយនាងសំអាងថា ទ្រព្យសម្បត្តិ​ទាំងអស់នោះ ជាកេរមតក​របស់ឪពុក​នាងបន្សល់ទុកឲ្យ ។
បន្ទាប់ពីការចាញ់ក្តី​នៅសាលាដំបូង គឹមសួរ ក៏បានបន្ត​ប្តឹងទៅសាលាឧទ្ធរណ៍ ហើយមកសុំ​ឲ្យសមាគមអាដហុក​ជួយផ្តល់មេធាវី ប៉ុន្តែនៅពេលដឹងថា សមាគម​មានកម្មវិធីដោះស្រាយទំនាស់ នាងក៏បានសើ្នសុំ​ឲ្យសមាគម​ជួយធ្វើការសម្រុះសម្រួល ដោយបញ្ជាក់ពីគោលបំណងថា នាងទាមទារលុយ​ដែលបាន​ពីការលក់ដីផ្ទះចំនួន ២ម៉ឺនដុល្លារ និង ដីចំការពាក់កណ្តាល​នៃទំហំ ២៦ម៉ x ២២៥ម៉ ។ ចំណែកភាគី វ៉ែន អេង ឯណោះវិញ បន្ទាប់ពីបានស្តាប់​ការ​បញ្ចុះបញ្ចូល​ប្រកបដោយហេតុផល​ច្បាស់លាស់ពីសមាគមអាដហុក និង មិនចង់ឲ្យក្តីក្តាំនេះវែងឆ្ងាយទៅទៀត ព្រោះបើតាមការបញ្ជាក់ពីសាក្សី ដែលជាកូនបង្កើតបានឲ្យដឹងថា «មួយរយៈកន្លងមក ម្តាយរបស់គាត់បានចំណាយប្រាក់អស់ប្រហែលជាងមួយម៉ឺនដុល្លារហើយសំរាប់រឿងក្តីនេះ» ក៏ បានយល់ព្រមធ្វើការសម្រុះសម្រួល តែគាត់ក៏បានផ្តល់នូវជម្រើសចំនួនពីរផងដែរសំរាប់នាង គឹមសួរ គឺ (១)យល់ព្រម​ផ្តល់លុយផ្លៃលក់ដីផ្ទះ​ឲ្យចំនួន​៧០០០ដុល្លារ រួមនិង ដីចំការ ១០ម៉x១០០ម៉ ឬ (២)ផ្តល់តែលុយ ចំនួន ១០០០០ដុល្លារ ។ ហើយជម្រើសទាំងពីរ បើយល់ព្រម ​ទទួលយក​មួយណា មុន ពេល​អនុវត្តនាង គឹមសួរ ត្រូវតែទៅ​ដក ពាក្យបណ្តឹង​ពីសាលាឧទ្ធរណ៍​ជាមុនសិន ។
ដោយបានកិច្ចសហការ​ចូលរួម និង ផ្តល់ទីកន្លែង ពីលោកមេឃុំព្រែកគយ ព្រមទាំងការក្តាប់​បាននូវគោលបំណង​របស់ភាគីទាំងពីរ នៅវេលាម៉ោង៩ព្រឹក​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៣ លោក ម៉ែន មករា អ្នកសម្របសម្រួល​សមាគមអាដហុក​ប្រចាំខេត្តកណ្តាល ក៏បានដំណើរការ​បើកកិច្ចសម្រុះសម្រួល​ករណីវិវាទនេះ​ជាមួយភាគីទាំងពីរ ។ នៅក្នុងដំណើរការ​សម្រុះសម្រួលនោះ លោក ម៉ែន មករា បានលើកយកទ្រឹស្តី​នៃឧបករណ៍​ពាក់ពន្ធ័មួយចំនួន ក្នុង​ចំណោមឧបករណ៍​ដោះស្រាយទំនាស់ទាំង២៣ ដូចជា ឧបករណ៍ទី ៥,៦,៧,៨,៩,១២,១៤,១៩ និង ទី២១ មកអនុវត្ត​យ៉ាងខ្ជាប់ខ្ជួន រួមជាមួយ​នឹងការខិតខំ​ប្រឹងប្រែង ប្រកបដោយទេពកោសល្យផងនោះ ទើបធ្វើឲ្យភាគីទាំងពីរ​ ឈានដល់ការធ្វើសម្បទាន​ឲ្យគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ទំនាស់ ។ នៅចុង បញ្ចប់​ នៃដំណើរការនេះដែរ ភាគីទាំងពីរ​ក៏បានឯកភាពគ្នាចុះកិច្ចព្រមព្រៀង ដោយភាគី វ៉ែន អេង យល់ព្រមផ្តល់លុយចំនួនមួយម៉ឺនដុល្លារ និង ដីចំការ ១០ម៉x១០០ម៉ តាមការស្នើសុំ របស់ភាគី គឹមសួរ ។ បន្ទាប់មក កិច្ចព្រមព្រៀងនេះ ត្រូវបានអនុវត្តបញ្ចប់ជាស្ថាពរ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០១៣ ប្រកប ដោយភាពសប្បាយរីករាយ​របស់គូភាគីទាំងពីរ ស្របគ្នានេះដែរ នាង គឹមសួរ ក៏បានដកពាក្យបណ្តឹងពីសាលាឧទ្ធរណ៍ផងដែរ ។

Capture