មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តសៀមរាប បានឲ្យដឹងថា ប្រជាពលរដ្ឋ ២រូប ដែលជាតំណាងរបស់ប្រជាពលរដ្ឋជាង ៣០០គ្រួសារនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានអាជ្ញាធរចាប់ខ្លួន និងប្រើអំពើហិង្សាទៅលើអ្នកទាំងពីរអំឡុងពេលចាប់ខ្លួន នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥។
លោក សួស ណារិន មន្ត្រីអង្កេតសិទ្ធិមនុស្សប្រចាំសមាគមការពារសិទ្ធិមនុស្សអាដហុកនៅខេត្តសៀមរាប បានឲ្យដឹងថា លោក ហុង ណាក់ អាយុ ៣៨ឆ្នាំ រស់នៅភូមិត្នោត និងលោក ឈន គុជសៀក អាយុ ៣២ឆ្នាំ រស់នៅភូមិគោកក្ដុល នៃឃុំកំពង់ភ្លុក ត្រូវបានអាជ្ញាធរស្រុកប្រាសាទបាគងចាប់ខ្លួននៅម៉ោង ៦ព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ ហើយរងអំពើហិង្សាពីសមត្ថកិច្ចនៅពេលអ្នកទាំងពីរសួររកដីកាចាប់ខ្លួ។
តំណាងប្រជាពលរដ្ឋទាំងពីររូបនេះ ត្រូវបានចាប់ខ្លួនក្រោយពីការផ្ទុះឡើងនូវអំពើហិង្សាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ ក្នុងសំណុំរឿងជម្លោះសហគមន៍ទេសចរណ៍កំពង់ភ្លុក ដែលប៉ុនប៉ងបង្កើតសហគមន៍ដឹកជញ្ជូនភ្ញៀវទេសចរផ្ដាច់ចេញពីក្រុមហ៊ុនស៊ូជីង៕