សមាគមការពារសិទ្ធិមនុស្ស មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ការកើនឡើងនូវចំនួនករណីឃាតកម្មដោយសារហិង្សាក្នុងគ្រួសារ ដែលឈានដល់ការសម្លាប់ និងអត្តឃាតកម្ម ជាពិសេសកើតឡើងថ្មីៗនៅចុងឆ្នាំ២០១៣ និង ដើមឆ្នាំ២០១៤ និងសូមអំពាវនាវដល់រដ្ឋាភិបាល ត្រូវមានវិធានការជាក់លាក់ម៉ឺងម៉ាត់ក្នុងការអនុវត្តន៍ច្បាប់ទប់ ស្កាត់អំពើហិង្សាក្នុងគ្រួសារឲ្យមានប្រសិទ្ធិភាព ដើម្បីបញ្ចប់នូវការបាត់បង់ជីវិត ក៍ដូចជាផលប៉ះពាល់ដោយអំពើហិង្សាក្នុងគ្រួសារទាំងនេះ។
អំពើហិង្សាទាំងនោះរួមមាន ការធ្វើទារុណកម្មផ្លូវចិត្ត ការវាយដំលើរូបរាងកាយ បង្កើតជាហិង្សាធ្ងន់ធ្ងរ ដូចជាប្តីសម្លាប់ប្រពន្ធ ប្រពន្ធសម្លាប់ប្តី កូនសម្លាប់ម្តាយ ម្តាយចុងសម្លាប់កូនដើម និងការដុតសម្លាប់ខ្លួន លេបថ្នាំសម្លាប់ខ្លួន លោតទឹកសម្លាប់ខ្លួន ដើម្បីបញ្ចប់បញ្ហា ដែលកើតឡើងក្នុងគ្រួសាររ៉ាំរ៉ៃអស់រយៈពេលច្រើនឆ្នាំ ហើយពុំអាចស្វែងរកដំណោះស្រាយបាន។
តាមការឃ្លាំមើល និងតាមដានពីស្ថានភាពក្នុងសង្គមជាក់ស្តែង ព្រមទាំងការស៊ើបអង្កេតផ្ទាល់លើករណីហិង្សាទាំងនោះ សមាគមអាដហុកកត់សំគាល់ឃើញថា ករណីហិង្សាក្នុងគ្រួសារ កើតមានឡើងមិនចំពោះតែគ្រួសារក្រីក្រ ឬគ្រួសារអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ អ្នកមានការយល់ដឹងទាប ឬអ្នកមានចំណេះដឹងខ្ពស់ ឬក៍មានតួនាទីខ្ពស់ក្នុងសង្គមនោះទេ ភាគច្រើនកើតចេញពីការមិនយល់អធ្យាស្រ័យគ្នា ទម្លាប់នៃការចូលចិត្តប្រើប្រាស់អំណាចក្នុងសង្គម រួមទាំងអំណាចខាងសេដ្ឋកិច្ច ឬកម្លាំងកាយក្តី ចរិតមានះ រឹងត្អឹង ការរងនូវឥទ្ធិពលនៃបរិស្ថានសង្គម ដូចជាល្បែង សម្ភារៈនិយម គ្រឿងញៀន បញ្ហាសុខភាព បញ្ហាជីវភាពទីទ័លក្រ បណ្តាលឲ្យមានភាពតឹងតែងខ្លាំងផ្នែកផ្លូវចិត្ត ក្លាយជាវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ហើយមិនបានគិតវែងឆ្ងាយ ក៍ដាច់ចិត្តហ៊ាន សម្លាប់ប្រពន្ធ ប្តី កូន ម្តាយ យ៉ាងសាហាវព្រៃផ្សៃ ដែលទង្វើបែបនេះមិនគួរនឹងកើតឡើង រវាងអ្នកដែលមានមនោសញ្ចេតនាជ្រាលជ្រៅនឹងគ្នានោះឡើយ ។ ផ្ទុយទៅវិញទង្វើនៃការកាប់សម្លាប់គ្នា សម្លាប់ខ្លួនឯង បែបនេះកើតឡើងក្នុងគ្រួសារ ក្នុងសង្គម ហាក់ដូចជាប្រជាពលរដ្ឋរស់នៅក្នុងភាពទ័លច្រក ច្បាប់ពុំមានប្រសិទ្ធិភាពក្នុងការអនុវត្តន៍ ការខ្វះចន្លោះនូវវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវសុខមាលភាពសង្គម។ ដែលទង្វើទាំងនេះបានបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សមាជិកគ្រួសារផ្ទាល់ ក៏ដូចជាសង្គមទាំងមូល ជាពិសេសជះឥទ្ធិពលមិនល្អដល់សមាជិកក្នុងគ្រួសារ ត្រូវរស់នៅក្នុងភាពភ័យខ្លាច មានជម្ងឺផ្លូវចិត្ត ជម្ងឺថប់អារម្មណ៍ ជំរុញឲ្យមានការធ្វើចំណាកស្រុកប្រថុយប្រថាន ក្លាយជាកម្មវត្ថុនៃការជួញដូរ និងអាចឈានទៅប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ និងជាពិសេសប៉ះពាល់ដល់ការអភិវឌ្ឍន៍សង្គម ។
បញ្ហាទាំងនេះអាចបណ្តាលមកពីខ្វះការយកចិត្តទុកដាក់ និង ភាពយឺតយ៉ាវក្នុងការដោះស្រាយឲ្យបានទាន់ពេលវេលា របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការជួយអន្តរាគមន៍ទាន់ពេលវេលា បណ្តាលឲ្យមានអំពើហិង្សាកាន់តែមានសភាពធ្ងន់ធ្ងរ ករណីខ្លះស្រ្តីត្រូវបានក្លាយខ្លួនពីជនរងគ្រោះ ទៅជាជនល្មើស ដោយសារ អត់ទ្រាំនឹងអំពើទារុណកម្មយូរឆ្នាំ អស់សង្ឃឹមក្នុងជីវិត អស់ជំនឿលើប្រព័ន្ធដោះស្រាយសម្រាប់ពួកគាត់ ទើបឈានដល់ការផ្តាច់ជីវិត ដោយសារពួកគេយល់ថា ការរស់នៅក្នុងស្ថានភាពទ័លច្រក ពុំមានវិធីណាអាចដោះស្រាយបញ្ហាដែលកើតឡើង ក្រៅពីការតបត សងសឹកវិញដើម្បីរស់ ឬសម្លាប់ខ្លួនឯង ឬក៍ជំរើសស្លាប់ជាមួយគ្នាទាំងប្រពន្ធទាំងប្តី ដើម្បីបញ្ចប់វិបត្តិគ្រួសារ ដោយភ្លេចគិតពីកូនដែលរស់នៅដោយគ្មានទីពឹង តើអនាគតពួកគេទៅជាយ៉ាងណា? តើរដ្ឋាភិបាល ទទួលខុសត្រូវបែបណាចំពោះស្ថានភាពសង្គមបែបនេះ ក្នុងនាមរដ្ឋភាគីនៃអនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់នៃការ រើសអើង លើស្ត្រីភេទ ?
ក្នុងកំឡុងតែ២ខែប៉ុណ្ណោះ គឺ នៅក្នុងខែធ្នូ ឆ្នាំ២០១៣ និង ខែមករា ឆ្នាំ២០១៤ យ៉ាងហោចណាស់មាន១១ ករណីនៃអំពើឃាតកម្ម និងការធ្វើអត្តឃាត កើតឡើងដោយសារទំនាស់ និងហិង្សាក្នុងគ្រួសារ ។ ករណីទាំងនោះបណ្តាលឲ្យមនុស្សស្លាប់ និងរបួសចំនួន៣៨នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ និងបុរស៣នាក់ ត្រូវស្លាប់ ហើយ ស្ត្រី៤ និងបុរស ២នាក់ រងរបួស ចំណែកកុមារចំនួន២២នាក់ ក្លាយជា ជនរងផលប៉ះពាល់ផ្ទាល់ ពីបញ្ហាហិង្សាដែលកើតឡើងខាងលើនេះ ដូចជាក្លាយជាក្មេងកំព្រា និង រស់ក្នុងភាពតក់ស្លុត ប៉ះពាល់ការសិក្សា រងនូវវិបត្តិផ្នែកស្មារតី ជាដើម។ នៅក្នុងចំណោម ១១ករណីនេះ មាន២ករណីដែល ជនប្រព្រឹត្តិត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ។
ស្ថានភាពសាហាវយង់ឃ្នង សោដនាកម្មក្នុងគ្រួសារ និង ការដោះស្រាយបញ្ហាបែបទ័លច្រកទាំងនេះ បង្ហាញនូវភាពទន់ខ្សោយនៃការអនុវត្ដន៍ច្បាប់ ជាពិសេសច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សា និង ការខកខាននូវការធានាសុខមាលភាពសង្គមរបស់រដ្ឋក្នុងការធានាបាននូវការ គោរពសិទ្ធិមនុស្ស សិទ្ធិស្ត្រី ។ ទង្វើបែបនេះ សបញ្ជាក់ថាប្រជាពលរដ្ឋរស់ក្នុងភាពអស់សង្ឃឹម ជាពិសេសស្ត្រី ដែលរងគ្រោះនូវអំពើហិង្សា[1] ។ តាមរបាយការណ៍របស់សមាគមអាដហុកក្នុងឆ្នាំ២០១៣ បង្ហាញថាមានតែ ២៦.១៨% នៃករណីទាំងអស់ (២៧៥ករណី) ដែលជនប្រព្រឹត្តបានបញ្ជូនទៅតុលាការរឿងព្រហ្មទណ្ឌ និងចាប់ឃុំខ្លួន ក្រៅពីនេះ ករណីភាគច្រើនត្រូវបានដោះស្រាយនៅអាជ្ញាធរមូលដ្ឋាន ប្តឹងលែងលះ និងរួចពីការដាក់ទោសទណ្ឌ ។
ដើម្បីដោះស្រាយបញ្ហាខាងលើនិងការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្ត្រី សមាគមអាដហុកសូមស្នើដល់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ មេត្តាចាត់វិធានការជាបន្ទាន់ដូចខាងក្រោម៖
១/. រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចគួរតែអន្តរាគមន៍ជាបន្ទាន់ ចំពោះករណីអំពើហិង្សាក្នុងគ្រួសារ មិនត្រូវជម្រុញឲ្យភាគីធ្វើការសម្រុះសម្រួលករណីហិង្សាដែលកើតឡើង ជាលើកទី២ ឬ របួសធ្ងន់ធ្ងរឡើយ
២/.រដ្ឋាភិបាលគួរបង្កើតឲ្យមានយន្តការ និងនីតិវិធីជាក់លាក់ ជាពិសេសប្រព័ន្ធជួយសង្គ្រោះបន្ទាន់(hotline) សម្រាប់ការជួយសង្រ្គោះជនរងគ្រោះ ឬបំបែកជនមុខសញ្ញាចេញពីជនរងគ្រោះ ដើម្បីធានាសុវត្តិភាពចំពោះជនរងគ្រោះ និងក្រុមគ្រួសារឲ្យបានទាន់ពេល ចៀសវាងការបណ្តែតបណ្តោយឲ្យហិង្សារ៉ាំរ៉ៃដោយពុំមានវិធានការ បន្ទាន់
៣/.រដ្ឋាភិបាលគួរបង្កើតកន្លែងអប់រំកែប្រែ ដល់ជនប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ក្នុងដំណាក់កាលឃាត់ខ្លួន ជនមុខសញ្ញា សម្រាប់ផ្តល់ការអប់រំកែប្រែ និងមានការដាក់កំហិតតឹងតែង ដើម្បីទប់ស្កាត់ហិង្សាកើតឡើងជាថ្មីទៀត
៤/.រដ្ឋាភិបាល និង ក្រសួងសង្គមកិច្ច គួរផ្តល់នូវសេវាសុខមាលសង្គមដោយឥតគិតថ្លៃ ជាពិសេស ការផ្តល់សេវាពិគ្រោះយោបល់ និង សុខភាពផ្លូវចិត្តដល់ជនរងគ្រោះក្នុងអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទ អំពើជួញដូរមនុស្ស និងចំណាកស្រុក
៥/.ពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ និងការផ្សព្វផ្សាយ/អប់រំ ច្បាប់ទប់ស្កាត់អំពើហិង្សាបន្ថែមទៀត ជាពិសេសសម្រាប់មន្តី្រអនុវត្តច្បាប់ និងអាជ្ញាធរមូលដ្ឋាន ដែលធ្វើការងារអន្តរាគមន៍ ទប់ស្កាត់ ព្រមទាំងជម្រុញការផ្តន្ទាទោសជនប្រព្រឹត្តិល្មើស ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ
៦/.រដ្ឋាភិបាលត្រូវមានការដាក់ពិន័យ ឬផ្តន្ទាទោសដល់មន្ត្រី ដែលមិនបានអនុវត្តន៏តួនាទីរបស់ខ្លួនបណ្តោយឲ្យហិង្សាកាន់តែ ធ្ងន់ធ្ងរ និងបាត់បង់ជីវិតប្រជាពលរដ្ឋ ។
ភ្នំពេញ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៤
ពត៌មានបន្ថែមសូមទំនាក់ទំនង៖
‑លោកស្រី ជួន ចំរុង ប្រធានកម្មវិធីស្ត្រី និងកុមារ នៃសមាគមអាដហុក ទូរស័ព្ទលេខៈ ០១៧ ៧៣ ៨៣ ៨៧
‑លោកស្រី លឹម មុនី អនុប្រធានកម្មវិធីស្ត្រី និងកុមារនៃសមាគមអាដហុក ទូរស័ព្ទលេខៈ០១២ ៨៣ ៤៤ ៤៩
ជូនភ្ជាប់នូវករណីសិក្សាជាក់ស្តែងចំនួន១១ករណីដូចខាងក្រោម៖
១/. ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៣ ករណីហិង្សាក្នុងគ្រួសារកើតឡើងនៅភូមិឈើទាល ឃុំ ត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់ ប្រព្រឹត្តដោយឈ្មោះ ឈម ហេង ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជាកម្មករ បានវាយសម្លាប់ម្តាយរបស់ខ្លួននឹងអង្រែបុកគ្រឿង ក្នុងខណៈជនរងគ្រោះកំពុងដេកលក់ បណ្តាលអោយស្លាប់ភ្លាមៗ ដោយសារជនប្រព្រឹត្តមានជំងឺសរសៃប្រាសាទ ក្រោយពេលត្រឡប់មកពីធ្វើការងារនៅប្រទេសថៃវិញ។ ជនរងគ្រោះឈ្មោះ អ៊. ខ. ភេទស្រី អាយុ ៦៩ឆ្នាំ ត្រូវជាម្តាយជនប្រព្រឹត្ត។
២/. ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៣ ករណីហិង្សាក្នុងគ្រួសារមួយកើតឡើង នៅភូមិ ព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រព្រឹត្តដោយឈ្មោះ សឿង សាវុន ហៅ នី ភេទ ប្រុស អាយុ ៥៣ឆ្នាំ ជានគរបាលផ្នែកសេដ្ឋកិច្ច ខេត្តកំពង់ស្ពឺ បានវាយដំលើរូបរាងកាយយ៉ាងធ្ងនធ្ងរ ធ្វើបាបផ្លូវចិត្ត សេដ្ឋកិច្ច ជេរប្រមាថ និងបណ្តេញប្រពន្ធអោយចេញពីផ្ទះ ដោយសារជនប្រព្រឹត្តបែកចិត្ត មានទំនាក់ទំនងស្រីខាងក្រៅផ្ទះ ហើយតែងតែវាយធ្វើបាប និងជេរប្រមាថលើប្រពន្ធ នៅផ្ទះស្ទើតែរាល់ថ្ងៃ ជាហេតុបណ្តាលអោយជនរងគ្រោះ រស់នៅក្នុងស្ថានភាពមានជំងឺផ្លូវចិត្តជាយូរឆ្នាំ។
៣/. ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ មានករណីហិង្សាក្នុងគ្រួសារសម្លាប់កើតឡើងក្នុងគ្រួសារក្រីក្រមួយ នៅភូមិ ស្រយ៉ងជើង ឃុំ ស្រយ៉ង ស្រុក គូលែន ខេត្តព្រះវិហារ ប្រព្រឹត្តដោយម្តាយចុងទៅលើកូនដើម ដោយសារម្តាយចុងមានគំនុំនឹងប្តី(ជាឪពុកជនរងគ្រោះ) ដែលតែងតែប្រព្រឹត្តហិង្សាលើខ្លួនស្ទើរតែរាល់ថ្ងៃ។ ជនប្រព្រឹត្តឈ្មោះ រ៉ាន សាមីន ភេទ ស្រី អាយុ ៣៤ឆ្នាំ បានជ្រមុជទឹកកូនដើមរបស់ប្តីទៅក្នុងទឹកស្រះ ខណៈពេលកំពុងរកត្រីជាមួយគ្នា ដោយសារគុំនឹងប្តីដែលតែងបង្កជំលោះ និងវាយធ្វើបាបខ្លួនជាប្រចាំ។ កុមាររងគ្រោះឈ្មោះ ឈ. ង៉. ភេទប្រុស អាយុ ១១ឆ្នាំ ។
៤/. ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៤ ករណីហិង្សាក្នុងគ្រួសារកាប់សម្លាប់និងអារកសម្លាប់ខ្លួនមួយកើតឡើង នៅភូមិ អូរជាំកណ្តាល ឃុំកំពង់ល្ពៅ ស្រុកសម្លូត ខេត្តបាត់ដំបង។ ករណីនេះប្រព្រឹត្តដោយឈ្មោះ ហៀវ អ៊ាវ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាប្តី បានកាប់ប្រពន្ធឈ្មោះ ឌ. ល. អាយុ ៥០ឆ្នាំ ដោយមានទំនាស់ពាក្យសំដីគ្នា ក្រោយសម្លាប់ប្រពន្ធរួច ជនប្រព្រឹត្តបានចាក់សាំងដុតប្រពន្ធ និងអារករសម្លាប់ខ្លួនឯង ដោយសារជនប្រព្រឹត្តមានជំងឺសរសៃប្រាសាទ ឈឺក្បាលជាប្រចាំ។
៥/. ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៤ ករណីដុតសម្លាប់ខ្លួន (បណ្តាលរបួសធ្ងន់ធ្ងរ)ដោយសារទំនាស់ក្នុងគ្រួសារមួយកើតឡើងនៅភូមិ ស្រែននក្នុង ឃុំ កន្ទួត ស្រុកចិត្តបូរី ខេត្តក្រចេះ ។ ស្ត្រីឈ្មោះ ញ. ក្រ. អាយុ ២៧ឆ្នាំ ជនជាតិព្នង បានសម្រេចចិត្តចាក់សាំងដុតសម្លាប់ខ្លួនឯងតែម្តង ដោយសារតែខឹងនឹងប្តី ដែលតែងតែជេរប្រមាថស្ទើរាល់ថ្ងៃ ពីព្រោះតែការប្រច័ណ្ឌ និងទំនាស់ក្នុងគ្រួសារកើតឡើងស្ទើររាល់ថ្ងៃ។ ប៉ុន្តែដោយមានការជួយសង្គ្រោះពីអ្នកជិតខាង ជនរងគ្រោះគ្រាន់តែរបួសធ្ងន់ មិនបណ្តាលអោយស្លាប់នោះទេ ប្តីជនរងគ្រោះឈ្មោះ យុន ជីន ភេទប្រុស អាយុ ៣០ឆ្នាំ។
៦/. ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៤ ករណីហិង្សាដុតសម្លាប់ក្នុងគ្រួសារមួយកើតឡើង នៅភូមិ ឈើទាលជ្រុំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រព្រឹត្តដោយប្រពន្ធឈ្មោះ ចិត្ត សាន អាយុ ៣០ឆ្នាំ បានចាក់សាំងដុតប្តីរបស់ខ្លួនឈ្មោះ សា សុខា អាយុ ៣០ឆ្នាំ ដោយសារតែមានទំនាស់លុយកាក់ក្នុងគ្រួសាររឿងប្តីបានយកម្តាយរបស់ខ្លួនដែលមានជំងឺមកចិញ្ចឹម និងព្យាបាល ។
៧/. បុរសដែលងប់នឹងល្បែងក្នុងកាស៊ីណូម្នាក់ឈ្មោះ សៅ ញៀន អាយុ ២៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ បានដាច់ចិត្តចាក់សាំងដុតសម្លាប់ខ្លួន ដោយសារតូចចិត្តនឹងប្រពន្ធរត់ចោលព្រោះខ្លួនលេងល្បែង តែការធ្វើអត្តឃាតនេះមិនបានសម្រេចព្រោះឳពុកក្មេកជួយ និងនាំទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ។ ករណីនេះបានកើតឡើងក្នុងភូមិ ១ សង្កាត់លេខ ២ ក្រុងព្រះសីហនុ កាលពីពាក់កណ្តាលអធ្រាតថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៤ ។ តាមការបញ្ជាក់របស់ឳពុកក្មេកអោយដឹងថា ជនរងគ្រោះបានបំផ្លាញទ្រព្យសម្បត្តិរបស់ ប្រពន្ធ កូន និងសាច់ញាតិបងប្អូនអស់ជាច្រើន ទើបប្រពន្ធទ្រាំមិនបាននាំកូនរត់ចុះចេញពីផ្ទះចោលប្តី។ ថ្ងៃកើតហេតុជនរងគ្រោះស្រវឹងស្រាជោគជាំ មកដល់ផ្ទះបានយកដបសាំងមួយលីតចាក់លើក្បាលដុតខ្លួនឯងតែម្តង។
៨/. គូភរិយាដែលបានរៀបអាពាហ៏ពិពាហ៏រយះពេល ១០ឆ្នាំ ទីបំផុតបុរសជាប្តីឈ្មោះ មៀវ សំណាង អាយុ ៣១ឆ្នាំ ជាអ្នកបើករថយន្តដឹកភ្ញៀវទេសចរណ៏ បានសម្រេចចិត្តច្របាច់ករសម្លាប់ប្រពន្ធឈ្មោះ ហ.ស.គ.ធ.រ. អាយុ ៣០ ជាបុគ្គលិកកាស៊ីណូណាហ្គាវើល បន្ទាប់មកចងករសម្លាប់ខ្លួនឯងតាមក្រោយ ដោយសារតែខឹងនិងប្រពន្ធលួចមានសាហាយឌុបគ្នា ប្តីឃើញនិងភ្នែក។ ហេតុការណ៏នេះកើតឡើងនៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០១៤ នៅផ្ទះលេខ ៦៣ ផ្លូវលេខ ២៦៥ ភូមិទី៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រុងភ្នំពេញ ដែលបន្សល់ទុកកូនប្រុស ២នាក់ និងស្រីម្នាក់ រស់នៅកំព្រាគ្មានឳពុក ម្តាយ។
៩/. ទំនាស់ក្នុងគ្រួសារជាយូរឆ្នាំ ទីបំផុតនៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៤ វេលាម៉ោង ១០ និង៤០នាទីព្រឹក ស្ត្រីជាប្រពន្ធម្នាក់បានដាច់ចិត្តនាំកូនស្រីអាយុ៥ឆ្នាំ មកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា តែការធ្វើអត្តឃាតនោះមិនបានសម្រេច ដោយសារប៉ូលិសប្រចាំការទីនោះឃើញទាន់ ឃាត់នាំខ្លួនយកមកអប់រំណែនាំ និងអោយត្រឡប់មកផ្ទះវិញ។ ស្ត្រីដែលមានបំណងសម្លាប់ខ្លួនឈ្មោះ អ៊ូ ចាន់ណុន ហៅ ស្រីអូន អាយុ ៣១ឆ្នាំ ប្តីឈ្មោះ សុខ ផាន់រិទ្ធ អាយុ ៣១ឆ្នាំ រស់នៅផ្ទះជួលតាមផ្លូវរថភ្លើង ក្នុងភូមិ បឹងសាឡាង សង្កាត់ ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ក្រុងភ្នំពេញ។ ហេតុការណ៏ដែលនាំអោយស្ត្រីជាប្រពន្ធដាច់ចិត្តសម្លាប់ខ្លួន ដោយសារតែខឹងប្តីលេងល្បែង ផឹកស្រាស្រវឹង វាយធ្វើបាបខ្លួនជាប្រពន្ធស្ទើរាល់ថ្ងៃ។
១០/. នៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ វេលាម៉ោង ៥ និង ៣០នាទី ល្ងាច ស្ត្រីរងគ្រោះម្នាក់ឈ្មោះ ធា អាយុ៣៤ឆ្នាំ បានសម្រេចចិត្តធ្វើអត្តឃាតនៅផ្ទះរបស់ខ្លួនក្នុងភូមិ ថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ ដោយលេបថ្នាំងង៉ុយដេកសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេច ព្រោះប្តីមកទាន់នាំយកទៅសង្គ្រោះនៅមន្ទីពេទ្យនៅពេលឃើញជនរងគ្រោះដេលសន្លប់បែកពពុះមាត់។ ហេតុការណ៏ដែលនាំអោយស្ត្រីជាប្រពន្ធធ្វើអត្តឃាតនេះ ដោយសារតែមានទំនាស់ក្នុងគ្រួសាររឿងប្តីស្តីបន្ទោស អោយចេះរៀបចំទុកដាក់ក្នុងគ្រួសារ កុំចេះតែដើរលេងនៅផ្ទះអ្នកជិតខាងខ្លាំងពេក។
១១/.ករណីលេបថ្នាំសម្លាប់ខ្លួន មួយកើតឡើងនៅក្នុងភូមិ២ ស្រុកសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤ បណ្តាលឲ្យស្លាប់ ។ ស្រ្តី រងគ្រោះឈ្មោះ ហ.ស.ដ អាយុ៣៩ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៣នាក់ ប្តីរបស់នាង ជាបុគ្គលិកអប់រំ នៅក្នុងស្រុកសេរីសោភ័ណ្ឌ ។ មូលហេតុដែលបណ្តាលឲ្យស្ត្រីសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន ដោយសារមានទំនាស់នៅក្នុងគ្រួសារ ដែលកើតឡើងជាញឹកញាប់ ។
‑‑‑‑‑
[1] បើតាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការយេនឌ័រ និងអភិវឌ្ឍន៍ មានស្រ្តី៥៣%នៃអ្នកដែលបានសំភាសន៍បានទទួលរងអំពើហិង្សាក្នុងគ្រួសារ។