សេចក្តីថ្លែងការណ៍ ស្តីពី «ការជួញដូរមនុស្ស និងជួញដូរកម្លាំងពលកម្ម» ក្រោមរូប​ភាព​រៀបអាពាហ៍​ពិពាហ៍​នារី​កម្ពុជា ជាមួយបុរស​ចិន

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងរយៈពេល៦ខែដើម​ឆ្នាំ២០១៤នេះ សមាគមការពារសិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅកម្ពុជាហៅកាត់ថា (អាដហុក) មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថានភាព​ស្ត្រីកម្ពុជា ដែលជារឿយៗតែងតែទទួល រង​គ្រោះ​ពីការជួញដូរភេទ ក្រោមរូបភាពរៀបអាពាហ៍​ពិពាហ៍ជាមួយបុរសជនជាតិចិន ។ ក្នុងរយៈពេលនេះ សមាគមបានទទួល​ពាក្យបណ្តឹងដែល​ទាក់ទង​នឹងការជួញដូរមនុស្ស ចំនួន១០៨ករណី ពាក់ព័ន្ធទៅនឹងការជួញដូរមនុស្សទៅកាន់ប្រទេសផ្សេងៗ ដែលមានជន រងគ្រោះសរុប២៩៥នាក់ ក្នុងនោះមាន​ប្រទេសចិនចំនួន២៦ករណី​ មានជនរងគ្រោះ ២៩នាក់ ។ សមាគមបានជួយ និងធ្វើ អន្តរាគមន៏ទៅស្ថាប័នពាក់ព័ន្ធនានា ដូចជាក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ក្រសួងការងារ ក្រសួងមហាផ្ទៃ ស្ថានទូត/​ស្ថានកុង​ស៊ុល​ប្រចាំប្រទេសទទួល ។ ជនរងគ្រោះដែលចាញ់បោកមេខ្យល់​ទៅរៀបការ ជាមួយ​បុរស​ជនជាតិចិន បានជួបនូវបញ្ហា មួយចំនួន ​ដូចជា  ការ​ធ្វើទារុណកម្ម ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ  ការបង្អត់អាហារ និង ការបង្ខំឲ្យធ្វើការផ្ទះ​ដូចជាទាសករជាដើម ។​ តាមការ សិក្សា​លើករណីទាំងនោះ បាន​រកឃើញថា ​គឺបណ្តាលមកពីកង្វះទីផ្សារការងារ ការ បាត់បង់ដីធ្លី និងការជំពាក់បំណុល​ធនាគារជាដើម ។

ប៉ុន្តែអ្វីដែលគួរឲ្យយើងសោកស្តាយជាងនេះទៅទៀតនោះ គឺនៅពេលមានស្រ្តីខ្មែរ​ដែលជាជនរងគ្រោះ បានរត់ទៅដល់ស្ថានទូត ឬ ស្ថានកុងស៊ុល​ខ្មែរដែលប្រចាំនៅទីនោះ ដើម្បីសុំអន្តរាគមន៍ ​ត្រូវមន្រ្តីស្ថានទូតទាំងនោះ មិនបានយកចិត្តទុកដាក់ក្នុងការចេញមុខ​ជួយដោះស្រាយឡើយ បែរជាត្រូវទុកឲ្យពួកគាត់ឈរនៅមុខស្ថានទូត ក្រោម​ធាតុអាកាស​ត្រជាក់ និងមូសខាំ​ ថែមទាំងមិនមានថវិកាជាប់នឹងខ្លួន ​សំរាប់ទិញចំណី​អាហារ​ ព្រោះ​មិនហ៊ានដើរចេញពីមុខ​ស្ថានទូត​ដោយខ្លាចអាជ្ញាធរចិនចាប់ខ្លួន ។ នៅក្នុងនោះដែរក៏មាន ស្រ្តីរងគ្រោះ​​ខ្លះទៀត ត្រូវបានអាជ្ញាធរចិនចាប់បញ្ជូន​ឲ្យគ្រួសារខាងប្តី​វិញ និងខ្លះទៀតត្រូវ​រត់ទៅនៅក្នុងព្រៃ ដោយជីកទំពាំងធ្វើជាអាហារ ។ ដូច្នេះក្នុងនាមអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ពន្ធ័​ខាងវិស័យការពារ​សិទ្ធិមនុស្ស យើង​សូមធ្វើការ​ថ្កោលទោស ចំពោះ អំពើ​អមនុស្សធម៌របស់បុរសជនជាតិចិន ដែលបានប្រព្រឹត្តមកលើស្រ្តី​រងគ្រោះខ្មែរ និង ចំពោះមន្រ្តីស្ថានទូតណា ដែលធ្វើការតំណាងឲ្យខ្មែរនៅក្រៅប្រទេស ដែលមិនបានយក​ចិត្តទុកដាក់ក្នុងការ​ការពារសិទ្ធិពលរដ្ឋរបស់ខ្លួន នៅពេលដែលពួកគេ​ត្រូវការជំនួយ​ជាបន្ទាន់ ដោយទុកបណ្តោយឲ្យរងនូវការធ្វើទុកបុកម្នេញតាមអំពើចិត្ត ។

សមាគមអាដហុក ក៏មានកង្វល់ផងដែរ ជុំវិញបញ្ហាប្រឈមថ្មីៗ របស់ជនងាយ​រងគ្រោះ ដូចជា៖

១/មេខ្យល់ដើរធ្វើការផ្សព្វផ្សាយ ពីការជ្រើសរើសនារីកម្ពុជាយកទៅរៀបការ​ជាមួយ​បុរសចិន ដោយបង្កើតជាបណ្តាញទាំងនៅប្រទេសកម្ពុជា និង ចិន ។

២/ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍ដោយមិនបានរៀបចំ គ្រួសារខាងប្រុស ដកយកលិខិតឆ្លងដែនទុក គ្រឿងអលង្កា ថវិកាដែលនៅជាប់ខ្លួនទុក ជាថ្នូរនឹងថវិកាចន្លោះ ពី​៨ម៉ឺនយ័នទៅ១២ម៉ឺនយ័ន (១០០០០ទៅ១៥០០០ដុល្លារ) ទៅឲ្យមេខ្យល់​ ។

៣/​ជនរង​គ្រោះរងនូវសុខភាពទ្រុឌទ្រោម​ ​ដោយសារត្រូវធ្វើការដូចជាទាសករដាច់​ថ្លៃសំរាប់ក្រុមគ្រួសារទាំងមូល របបអាហារមិនគ្រប់គ្រាន់ និងមិនមានជីវជាតិគ្រប់គ្រាន់ ។

៤/ការយកទៅ​លក់បន្តទៅឲ្យអ្នកផ្សេង ឬផ្ទះបន​

៥/ការរំលោភផ្លូវភេទសំណាក់បុរសជាប្តី និងគ្រួសារ (ការរំលោភជាក្រុម)

៦/ការមិន​យកចិត្តទុកដាក់ពីសំណាក់មន្រ្តីស្ថាន​ទូត និងស្ថានកុងស៊ុលខ្មែរ​នៅ​ប្រទេសចិន ។

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ សមាគមអាដហុក សូមអំពាវនាវដល់​ ស្ថាប័ន​ពាក់ព័ន្ធ ត្រូវជំរុញឲ្យមានការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាខាងលើ​ឲ្យ បានទាន់​ពេល​វេលា និង កាន់តែមានប្រសិទ្ធភាព ។

ដើម្បីជាកិច្ចការពារជនរងគ្រោះ ព្រមទាំងបញ្ចៀសបាននូវបញ្ហាជួញដូរមនុស្ស អាដហុកសូមផ្តល់ជូននូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

  • ជម្រុញឲ្យមានការចាប់ និងផ្តន្ទាទោសមេខ្យល់ និងបក្សពួកតាមផ្លូវច្បាប់ ដើម្បីកាត់បន្ថយនិទណ្ឌភាព​ និង មានវិធានការតឹងតែងចំពោះមន្រ្តីល្មើស​ច្បាប់ តាមរយៈការពង្រឹងយន្តការប្រឆាំង និងស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើ ជួញដូរមនុស្សឲ្យបានច្បាស់លាស់ ។
  • បង្កើនការផ្សព្វផ្សាយពីផលវិបាកនៃការធ្វើចំណាកស្រុកទៅក្រៅប្រទេស
  • បង្កើនឪកាសការងារក្នុងស្រុកឲ្យបានប្រសើរ និងសមរម្យសម្រាប់ពលរដ្ឋ កម្ពុជា ។
  • ជម្រុញឲ្យការចុះអនុស្សរណៈនៃការយោគយល់គ្នា កម្ពុជា និងចិន ស្តីពី​ការជួញដូរស្រ្តីខ្មែរទៅកាន់ប្រទេសចិនឲ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយ​ការជួញដូរមនុស្សដោយខុសច្បាប់ ។ មុនការចុះអនុស្សរណៈ គួរតែមានការ ពិគ្រោះយោបល់ជាមួយអង្គការពាក់ព័ន្ធ អំពីខ្លឹមសារនៃអនុស្សរណៈនោះ សិន ។
  • ជម្រុញស្ថានទូត/ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសចិន ជួយសំរួលដល់ ការធ្វើមាតុភូមិនិវត្តរ៍របស់នារីរងគ្រោះ ។

 —————————————————————————-

សូមទាញយករបាយការណ៍ដែលភ្ចាប់នៅខាងក្រោម

សំរាប់ព័ត៌មានលំអិតសូមទាក់ទង៖

–          អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រី្ត កុមារ និងដោះស្រា

យទំនាស់ក្រៅប្រព័ន្ធតុលាការ ០១២ ៣៤៤ ៧១៩ ភាសាខ្មែរ និងអង់គ្លេស

–          អ្នកស្រី លឹម​មុនី អនុប្រធានផ្នែកស្រី កុមារ និងនិងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ០១២ ៨៣៤ ៤៤៩ភាសាខ្មែរ និងអង់គ្លេស