សេចក្ដីថ្លែងការណ៍ ថ្កោលទោសការប៉ុនប៉ង ធ្វើឃាត លោក សុក រដ្ឋា អ្នកសម្របសម្រួល សមាគមអាដហុក ខេត្តមណ្ឌលគីរី

សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោស យ៉ាងដាច់ អហាំការ ចំពោះ ការប៉ុនប៉ង ធ្វើឃាត ទៅលើ មន្រ្តី និង សកម្មជនសមាគមអាដហុក ប្រចាំខេត្តមណ្ឌលគីរី គឺ លោក សុក រដ្ឋាជាអ្នកសម្របសម្រួល លោក ប៊ុន ចន្ថា និង លោក ឡេ កៅ ជាសកម្មជន សមាគមអាដហុក រួមជាមួយនិង តំណាងសហគមន៍ ចំនួន៩ នាក់ផ្សេងទៀត ដោយចេតនា ពីសំណាក់ក្រុមហ៊ុន វីឡាស៊ូភឺមែន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ កន្លងទៅនេះ លោក សុក រដ្ឋា និង សហការីរបស់គាត់ ២រូប រួមដំណើរជាមួយនិង ប្រជាពលរដ្ឋតំណាងសហគមន៍ ចំនួន ៩នាក់ផ្សេងទៀត បានចុះទៅ តំបន់ អូរចុងចារ ភូមិឡៅការ ឃុំសុខដុម ស្រុកសែនមនោរម្យ ដើម្បីធ្វើការស៊ើបអង្កេត ករណីឈូសឆាយព្រៃឈើ ដែលប៉ះពាល់ដល់ ដីរបស់ប្រជាសហគមន៍ ដោយយោងតាម ពាក្យបណ្ដឹង របស់ប្រជាសហគមន៍ ដែលបានដាក់ប្ដឹង មកសមាគម អាដហុក កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ កន្លងមកនេះ។ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ វេលាម៉ោងប្រហែលជា ១២ និង៣០នាទី ថ្ងៃត្រង់ ក្រុមការងារ ដែលដឹកនាំដោយ លោក សុក រដ្ឋា បានធ្វើដំណើរតាម ម៉ូតូ ទៅដល់ចំណុចមួយ ដែលមានចំងាយ ប្រមាណជា ២០០ម៉ែត្រ ពីច្រកចូលក្រុមហ៊ុន ក៏មានរថយន្ត ១គ្រឿង ម៉ាក Tacoma ពាក្យស្លាកលេខ 2A-5873 ដែលគេដឹងថាជារថយន្តរបស់ក្រុមហ៊ុន បើកបរដោយ ឈ្មោះ ខំ បានបើកយ៉ាងលឿន សំដៅមកបុក លោក សុក​ រដ្ឋា និង សហការី ប៉ុន្តែ ដោយបានដឹងមុន អ្នកទាំងអស់ក៏បានគេច ចេញពីផ្លូវ ប៉ុន្តែទោះជាយ៉ាងណា ម៉ូតូ របស់លោក ប៊ុន ចន្ថា ត្រូវបានរថយន្តបុក បណ្ដាលអោយខូចខាតផងដែរ។ យោងតាមប្រភព ប្រជាពលរដ្ឋ និង មេការមួយចំនួន ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុននេះ សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា ក្រុមហ៊ុន នេះមានរូបភាព ជាក្រុមហ៊ុន ដាំកៅស៊ូ តែនៅក្នុង បរិវេណនៃក្រុមហ៊ុននេះ មានស្តុកឈើប្រណិត ជាច្រើន ហើយត្រូវបាន គ្រប់គ្រងដោយ ឯកឧត្ដម យឹម លុច អភិបាលរងខេត្តមណ្ឌលគីរី។

សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវ អោយ សមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវចាត់វិធាន ការតាមផ្លូវច្បាប់ ដោយត្រូវតែផ្តន្ទាទោសដល់ ជនដៃដល់ដែលបាន ធ្វើសកម្មភាព ប៉ុនប៉ង ធ្វើឃាត ដោយចេតនា ទៅលើ លោក សុក រដ្ឋា និង សហការីទាំង អស់អោយខានតែបាន។

 

ព័ត៌មានបន្ថែម សូមទំនាក់ទំនង

លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១១ ២៧៤៩៥៩

លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១៦ ៦៦៧៣៧៣