សមាគមការពារសិទ្ធិមនុស្ស អាដហុក ចាត់ទុកថា ការបង្រ្កាប ទៅលើក្រុមបាតុករ សហគមបឹងកក់ ដែលធ្វើអោយ ស្រ្តីមានផ្ទៃពោះ ២នាក់ រងរបួសម្នាក់ និង ម្នាក់ទៀតរងរបួស រហូតដល់ រលូតកូន ដែលមានអាយុ ២ខែកន្លះនៅក្នុងផ្ទៃ ដោយអាជ្ញាធរ រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ ជាអំពើរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ។ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣ សហគមន៍ជនរងគ្រោះ ដោយការរំលោភដីធ្លី បឹងកក់ បានរួមគ្នា ធ្វើបាតុកម្មដោយសន្តិវិធីមួយ នៅខាងមុខសាលារាជធានីភ្នំពេញ ដើមបើស្នើសុំអោយអាជ្ញាធរ ក្រុងភ្នំពេញ ធ្វើការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ។ ការធ្វើបាតុកម្ម ដោយសន្តិវិធីនេះ បានចាប់ផ្ដើមពី ម៉ោង ៨និង ៣០ នាទីព្រឹក នៅមុខសាលាក្រុងភ្នំពេញ ដើម្បីស្នើសុំអោយ អាជ្ញាធរក្រុងភ្នំពេញ ធ្វើការដោះស្រាយ បញ្ហាជម្លោះដីធ្លីរបស់ពួកគេ ជាមួយក្រុមហ៊ុន ស៊ូកាគូអ៊ីន (Shukaku Inc) ដែលកើតឡើង តាំងពីឆ្នាំ២០០៧។ ការបង្ក្រាបយ៉ាង ធ្ងន់ធ្ងរនេះ បានធ្វើអោយ អ្នកស្រីម្នាក់ ឈ្មោះ ហែក ច័ន្ទរស្មី អាយុ ៣៣ មានផ្ទៃពោះ ២ខែកន្លះ រងរបួស ដោយសារការវាយ បង្ក្រាបពី សំណាក់ សម្ថកិច្ចក្រុងភ្នំពេញ ដែលដឹកនាំដោយ លោក សុខ សម្បតិ អភិបាលខណ្ឌដូនពេញ បណ្ដាលអោយ រលូតកូននៅក្នុងផ្ទៃ។
សូមបញ្ជាក់ថា ករណីទំនាស់ដីធ្លីនេះ សាលារាជធានីភ្នំពេញ បានសន្យា ម្ដងហើយម្ដងទៀត ថានឹងដោះស្រាយបញ្ហានេះជូនពួកគាត់ ក៏ប៉ុន្តែកាសន្យា សាលារាជធានីភ្នំពេញ មិនបានធ្វើការដោះស្រាយ តាមការសន្យានោះទេ ផ្ទុយទៅវិញ ក្នុងពេលកន្លងមក សាលាក្រុងភ្នំពេញ បានប្រើ គ្រប់មធ្យោបាយ ក្នុងការគំរាមកំហែង បំបាក់ស្មារតី ប្រជាពលរដ្ឋរងគ្រោះ តាមផ្លូវតុលាការ។ ជាក់ស្ដែង កាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ច ប៉ូលិសរាជធានីភ្នំពេញ បានធ្វើការ ចាប់ខ្លួនប្រជាពលរដ្ឋ បឹងកក់ ចំនួន ១៣នាក់។
សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជា ចាត់វិធានការផ្លូវច្បាប់ ជាបន្ទាន់ដល់ សមត្ថកិច្ចណា ដែលបានប្រព្រឹត្ត ខុសច្បាប់ ដើម្បីផ្ដន្ទាទោស តាមច្បាប់ អោយខានតែបាន។
ពត៌មានបន្ថែម សូមទំនាក់ទំនង
លោក នី ចរិយា ប្រធានផ្នែកស៊ើបងង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១១ ២៧ ៤៩ ៥៩
លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបងង្កេតសិទ្ធិមនុស្សសមាគមអាដ ០១២ ៥៩៩១០៦