សិក្ខាសាលាការអនុវត្តន៍កេរដំណែលរបស់អង្គជំនុំ​ជម្រះ​​វិសាមញ្ញក្នុងតុលាការកម្ពុជា

លោក ធន សារាយ ប្រធានសមាគមអាដហុក បានថ្លែងគូសបង្ហាញនូវបទពិសោធន៍ ពាក់ព័ន្ធនឹងការអនុវត្តន៍កេរដំណែលរបស់ អង្គជំនុំ​ជម្រះ​​វិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) សម្រាប់ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាតិ នៅសណ្ឋាគារ SUNWAY រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣។

រាជធានីភ្នំពេញ: នៅវេលាម៉ោង៨:០០ ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ លោក ធន សារាយ ប្រធានសមាគមអាដហុក(ADHOC) និង ជាគណៈកម្មាធិការ ប្រព្រឹត្តិកម្ម នៃអង្គការ​សមាគម​ការពារសិទ្ធិ​មនុស្សកម្ពុជា (CHRAC) បានថ្លែងសុន្ទរកថាស្វាគមន៍សិក្ខាសាលា ស្តីពី ការអនុវត្តន៍កេរដំណែល របស់ អង្គជំនុំ​ជម្រះ ​​វិសាមញ្ញក្នុងតុលាការកម្ពុជា សម្រាប់ការកែ ទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាតិ

វត្តមានគណអធិបតីចូលរួមនៅក្នុងសិក្ខសាលារួមមាន១) លោក ធន​ សារាយ ២)លោក មេធាវី ប៊ុន ហុន ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ៣)លោ​ក Mark Spitzkatz ប្រធានកម្មវិធីនីតិរដ្ឋ នៃមូលនិធិខុនរ៉ាដ អាដុនណោអ៊ែរ  ប្រទេសសឹង្ហបុរី និង៤) លោក សួន ប៊ុនស័ក ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ​សមាគម​ការពារសិទ្ធិ​មនុស្សកម្ពុជា (CHRAC) ។ នៅក្នុងសិក្ខាសាលានេះ ក៏មានវត្តមានពី វាគ្មិនជំនាញ ផ្នែក ច្បាប់ មេធាវី តំណាងអង្គការសង្គមស៊ីវិល ប្រមាណជា ៧០រូប ផងដែរ ។

សិក្ខាសាលាថ្ងៃនេះ ​មានគោលបំណងសំខាន់ៗ ដូចតទៅ៖

  1. ផ្តួចផ្តើមគំនិតក្នុងការគិតគូរអំពីកេរដំណែលល្អៗនៃអ.វ.ត.ក ជាពិសេស អំពី​របៀប​ដែល​ត្រូវផ្ទេរនូវចំណុចល្អៗនោះទៅកាន់ប្រព័ន្ធតុលាការជាតិ
  2. ពិភាក្សានូវទិដ្ឋភាពកេរដំណែលល្អៗ ដែលអាចយកទៅអនុវត្តន៍នៅក្នុងវិស័យ​កំណែ​ទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
  3. ពិភាក្សានូវតួនាទីរបស់សង្គមស៊ីវិល និងគណៈមេធាវី ក្នុងដំណើរការ​កែទម្រង់​ច្បាប់ និងប្រព័ន្ធយុត្តិធម៌។​
  4. បង្កើតផែនការសកម្មភាពសម្រាប់សង្គមស៊ីវិលនៅក្នុងសកម្មភាពកំណែទម្រង់ច្បាប់ និង ប្រព័ន្ធយុតិ្តធម៌​។

ថ្ងៃនេះ គឺជាសិក្ខាសាលាបន្តដែល ត្រូវបានរៀបចំត្រូវបានរៀបចំឡើង​ដោយគណៈ កម្មាធិការប្រព្រឹត្តិកម្ម និង​អង្គជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កាលពីថ្ងៃទី ១៣ -១៤ ខែកញ្ញា ឆ្នាំ២០១២ ហើយមានបញ្ហាសំខាន់ៗជាច្រើន ត្រូវបានជជែកពិភាក្សា និងសមេ្រចបាននូវ លទ្ធផលជាច្រើន ផងដែរ សម្រាប់ជាមូលដ្ឋាននៃការគិតគូរ ពិចារណា និងដាក់បញ្ចូលក្នុងផែនការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុតិ្តធម៌ជាតិរបស់ យើងឲ្យកាន់តែ ល្អប្រសើរថែមទៀត។ នៅក្នុងឱកាលជួបជុំរបស់អង្គសិក្ខាសាលា ដែលមានវត្តមានចូលរួមពីគ្រប់​ភាគី​ទាំងអស់របស់អ.វ.ត.ក ជាពិសេស មេធាវីដែល បំរើរការនៅអ.វ.ត.ត និងមេធាវីដែលបំរើការ​នៅតុលាការជាតិ ស្ថាប័នឧត្តមសិក្សាសំខាន់ៗ ព្រមទាំងតំណាងអង្គការមិនមែនរដ្ឋា​ ភិបាល។​ យើងត្រូវ ការពិភាក្សា ​អំពី​បទពិសោធន៍​​វិជ្ជមាន​នានា ដែល​បានធ្វើឡើងនៅឯ អ.វ.ត.ក ហើយថាតើ យើងត្រូវ​ប្រើនូវ​បទពិសោធន៍​​ទាំងនេះយ៉ាងដូចម្តេច ដើម្បីអាច នាំឲ្យ​មានការអនុវត្តន៍ និង​គោរពនូវ​គោលការណ៍សិទិ្ធ​ជាមូលដ្ឋាន នៃការកាត់ក្តីមួយប្រកប​ដោយ​យុត្តិធម៌សម្រាប់ប្រព័ន្ធ​តុលាការ​ជាតិរបស់យើង​ នា​ពេលបច្ចុប្បន្ននេះ។

បន្ថែមពីលើនេះ ការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាការងារអត្ថិភាព និងសំខាន់​របស់រាជរដ្ឋាភិបាលកម្ពុជាយើង ប៉ុនែ្តយើង ក៏សង្កេត ឃើញថា ការងារនេះហាក់ នៅមានល្បឿន​យឺតយ៉ាវ ហើយដែលត្រូវការចំាបាច់ឲ្យមានការចូលរួមពីសំណាក់ភាគី ពាក់ព័ន្ធសំខាន់ៗ​នានា រួមទាំងអង្គការ សង្គមស៊ីវិល និងគណៈមេធាវី ផងដែរ។​ ដោយសារ តែភាពសំខាន់​ចាំបាច់និងការចូលរួមវិភាគទាននៅក្នុងការងារនេះហើយ ទើបគណៈ កម្មាធិការ ប្រព្រឹត្តិកម្ម​ បានខិតខំសហការ និងផ្តួចផ្តើមនូវកិច្ចពិភាក្សាជាច្រើនតាំងពីចុងឆ្នាំ ២០១០ ដោយបាន សហការជាមួយនឹងការិយាល័យ ឧត្តមស្នងការ សហប្រជាជាតិទទួល បន្ទុកសិទិ្ធ​មនុស្សនៅកម្ពុជា អ.វ.ត.ក និងគណៈមេធាវី នាពេលនេះ  ដើម្បីលើកយកនូវ​ប្រធានបទ​សំខាន់ៗ ដែល​ជា​ការអនុវត្តល្អៗ ឬជាកេរដំណែលជាវិជ្ជមាន លើគ្រប់ទិដ្ឋភាព នៃ​ការអនុវត្តន៍​ច្បាប់នៅ អ.វ.ត.ក សម្រាប់ចូលរួមចំណែកក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធ យុត្តិធម៌ជាតិ​របស់យើង។

ដូចឯកឧត្តម លោកជំទាវ មេធាវី លោក លោកស្រី អ្នកនាងកញ្ញា ជ្រាបស្រាប់ហើយ

ថា កេរដំណែលរបស់អ.វ.ត.ក មានច្រើនទិដ្ឋភាពណាស់ដូចជាៈ កេរដំណែលខាងផ្នែក យុត្តិសាស្រ្តចំពោះការចូលរួមរបស់ ជនរងគ្រោះ ជាដើមបណ្តឹង រដ្ឋប្បវេណី, ការសង្កេតឃ្លាំ មើលតុលាការ, ការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌, ការងារផ្សព្វផ្សាយ និងការចងក្រង ឯកសារ, កេរដំណែល ផ្នែកគាំទ្រ ផ្លូវចិត្តចំពោះ សាក្សី និងជនរងគ្រោះ, ព្រមទាំងកេរ​ដំណែលសម្រាប់សិទិ្ធទទួលបានយុត្តិធម៌សម្រាប់ស្រ្តីរងគ្រោះ ជាដើម។ សិក្ខាសាលាថ្ងៃ​នេះមាន គោលបំណង ពិនិត្យមើលបន្ថែមទៀតថាតើ កេរដំណែលទាំងនេះនឹងត្រូវយកមក អនុវត្តន៍ជាក់ស្តែងយ៉ាងដូចម្តេច ជាពិសេស តាមរយៈបទពិសោធន៍ របស់មេធាវី ឬអ្នកច្បាប់ ដែលបំរើការងារផ្ទាល់នៅអ.វ.ត.ក ដែលនឹងត្រូវចែករំលែកក្នុងសិក្ខាសាលានេះផងដែរ។

លោកប្រធានសមាគមអាដហុកសង្ឃឹមថា ដោយមានការចូលរួមដ៏សកម្មរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេធាវី​ និងវាគ្មិនទាំងអស់ ខ្ញុំជឿជាក់ យ៉ាងខ្លាំងថា សិក្ខាសាលារបស់យើងថ្ងៃនេះ​នឹងអាចសម្រេចបាននូវគោល​បំណង​ដែលបានគ្រោងទុក ហើយនឹងរួមចំណែកដល់​ដំណើរ​ការ​យូរអង្វែងក្នុងការផ្ទេរនូវ​កេរដំណែល ឬ​ការអនុវត្តល្អៗ ​របស់ អ.វ.ត.ក សម្រាប់ជាផលប្រយោជន៍វិជ្ជមានដល់ការងារ​កំណែទម្រង់​ច្បាប់ និង តុលាការ ជាតិរបស់យើង។

ទីបញ្ចប់ ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការរួមចំណែក និងការចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ហើយខ្ញុំទន្ទឹងរងចាំស្តាប់នូវដំណើរការ​កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា នាពេលបន្តិចទៀតនេះ។

សូមអរគុណច្រើនចំពោះការយកចិត្តទុកស្តាប់!

អ្នកសរសេររបាយការណ៍ ដោយលោក ឡាត់ គី ប្រធានកម្មវិធីដីធ្លី និងសាលាក្ដីខ្មែរក្រហម នៃសមាគមងាដហុក