សមាគមអាដហុកចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥ភូមិ ក្នុងឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង៩ និង៣០នាទីព្រឹក សមាគមអាដហុក​បានពាំនាំយកអំណោយសម្បុរសធម៌ពីប្រទេសកាណាដា ទៅចែកជូនប្រជា​ពលរដ្ឋរងគ្រោះ​ដោយ​ទឹកជំនន់ និង​ជនក្រីក្រ​បំផុតចំនួន៣៣៤គ្រួសារ ដែលរស់នៅ​ក្នុងឃុំ​ដង​កាំបិត ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​ ដែលជា​តំបន់ជាប់​ព្រៃឡង់ ។ តំបន់ដែលសមាគមអាដហុក បានសម្រេចយកអំណោយទៅចែក​ជូននេះ ​គឺជាកន្លែងរងគ្រោះដោយទឹកជំនន់មួយក្នុង​ចំណោម​កន្លែងទទួលរងគ្រោះធ្ងន់ធ្ងរនៅ​ក្នុង​ខេត្តកំពង់ធំ​​ ។ ការផ្តល់អំណោយជូននេះ គឺជាការផ្តល់បន្ថែមរបស់សមាគមអាដហុក​ទៅដល់ក្រុមប្រជាពលរដ្ឋមួយចំនួនធ្លាប់បាន​ទទួល អំណោយ​លើកដំបូងពីរដ្ឋាភិបាល​តែគាត់​នៅ​មានស្ថានភាពធ្ងន់ធ្ងរក្រោយ​ទឹកជំនន់ និងអ្នក ខ្លះមិនដែលទទួលបានសោះ ដោយ​សារការខ្វះ​ចន្លោះនេះ សមាគមបានធ្វើការបំពេញបន្ថែម​សម្រាប់ចែកជូនដល់ពួកគាត់ ​។ សូមបញ្ជាក់ថា និតិវិធីក្នុងការស្រាវជ្រាវលក្ខខណ្ឌ នៃការបាន ទទួល​អំណោយនេះ សមាគមបានចុះអង្កេតដល់មូលដ្ឋានដោយជួបប្រាស្រ័យផ្ទាល់ជាមួយ ប្រជាពលរដ្ឋ ដើម្បីចង្អុលបង្ហាញពីអ្នកក្រីក្រក្នុងមូលដ្ឋានរបស់គេក្នុងភូមិនីមួយៗ ។

អំណោយដែលសមាគម អាដហុកនាំយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣៣៤គ្រួសារ មានអង្ករ​៥០​គីឡូក្រាម និង​ត្រីខ​មួយយួរ សម្រាប់​មួយ​គ្រួសារ នៅក្នុងភូមិវាល​ស្រែខាង​កើត១១៧, ភូមិវាលស្រែខាងលិច​៥៤, ភូមិសំព័រតូច​៣៤, ភូមិសំព័រធំ​៧៦ និងភូមិស្រែខ្សាច់៥៣ ឃុំ​ដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ទីកន្លែងដែលរៀបចំចែកជូនអំណោយ គឺ​នៅទីវត្ត​ដ៏កំសត់មួយកន្លែង គឺ​រីបុព្វតារាម ហៅវត្ត​ស្រែវាល ​។

លោក ធន សារាយ ប្រធាន​​សមាគម​អាដហុក​បានថ្លែង​ឲ្យដឹងថា អាដហុក​បាន​ចុះ​ស្រាវជ្រាវ​ផ្ទាល់​រកក្រុម​គ្រួសារ​ដែលទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ និងក្រីក្រ​បំផុត ហើយ​ត្រូវ​បាន​​ជ្រើសរើស​ដោយមាន​ការទទួលស្គាល់​ពីអាជ្ញាធរ ភូមិ-ឃុំ​ផងដែរ ​ដើម្បី​ផ្តល់​ជំនួយ​ទាំងអស់​នេះលោក​បានបន្តថា​ «វាជា​អំណោយ​សប្បុរសជន ក្នុងន័យ​មនុស្សធម៌​សុទ្ធសាធ គ្មានការរើសអើង​ និង​មិនមាន​ពាក់ព័ន្ធ​ទៅនឹង​គណបក្សនយោយ ឬ​ក្រុម​ជនណា​នោះទេ​»​។

លោក ជុន ប៊ុនគន តំណាងសប្បុរសជនមកពីប្រទេសកាណាដាថា អំណោយដ៏តិចតួច នេះ គឺពិតជាជួយចូលរួមចំណែកដល់បងប្អូនក្រីក្រដែលជួប្រទះនូវការលំបាកបានមួយ​ចំណែក ។ ​លោកនឹងនាំយករូបភាពវីដេអូអំពីសកម្មភាពនេះទៅបង្ហាញជូនម្ចាស់អំណោយនៅ ឯនាយសមុទ្រ ដែលបានផ្តល់ជូន និងសូមការគាំទ្របន្ថែមទៀត ។

លោក អ៊ុត សំអន អភិបាលរងខេត្តកំពង់ធំ ក៏ដូចអាជ្ញាធរមូលដ្ឋានដទៃដែល បានចូលរួមបានលើកឡើងថា ប្រជាពលរដ្ឋ៣៣៤គ្រួសារ មកពីភូមិ​ចំនួន​៥ នៅក្នុង​ឃុំ បាន​មកទទួល​អំណោយ​ក្រោយពី​ជួប​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​នាឆ្នាំ​កន្លងទៅ ដែលបានរងការជន់ លិច​ទាំងស្រុង​ និងជាតំបន់​នៅឆ្ងាយ​ដាច់​សង្វែង​​ឆ្ងាយពី​ទីប្រជុំជន​នានា ​។ តាំងតែ​ពីអំឡុង​ជួបគ្រោះ​ទឹកជំនន់នៅក្នុង​ឃុំ​ដងកាំបិត មិនដែល​មានអង្គការ​ក្រៅរដ្ឋាភិបាល ឬក៏​កាកបាទ​ក្រហម ចុះមកដល់​ដើម្បី​ចែកអំណោយ​ផ្ទាល់នោះទេ ដោយសារតែ​មូលដ្ឋាននេះ​នៅឆ្ងាយ​ដាច់ស្រយាល​ពិបាក​ធ្វើដំណើរ ខណៈ​ដែល​ជំនួយ​សង្គ្រោះបន្ទាន់​របស់​អាជ្ញាធរ​ខេត្ត បានទៅ ដល់​​ដៃគ្រួសារ​មួយចំនួនតូច ដែលបាន​ហៅឡើង​មកទទួល​នៅឯ​សាលាស្រុក​សណ្តាន់។ ទោះ ជាយ៉ាងណា លោកលើកឡើងថា អំណោយដែលសមាគមអាដហុកយកមកនេះ សំខាន់​ណាស់  និងសមាគមមិនត្រឹមតែជួយការពារសិទិ្ធមនុស្សទេ ថែមទាំងជួយដោះស្រាយជីវភាព ពលរដ្ឋទៀតផង យើងមានទិសដៅរួមគ្នាដើម្បីជួយពលរដ្ឋ​៕