ដោយគ្មានអ្វីកែប្រែច្រើន រដ្ឋសភាដែលមានតែសមាជិកមកពីគណបក្សកាន់អំណាច បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងស្រុងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥នេះ ខណៈមនុស្សប្រហែល ៥០០នាក់ បានប្រមូលផ្ដុំគ្នាជំទាស់នឹងការអនុម័តសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នេះ។
សេចក្ដីព្រាងច្បាប់ដែលមាន ៩ជំពូក និង ៣៩មាត្រានេះ ត្រូវបានសមាជិករដ្ឋសភាចំនួន ៦៨រូប មកពីគណបក្សប្រជាជនកម្ពុជា លើកយកមកអនុម័តម្ដងមួយជំពូកៗ និងបញ្ចប់ការអនុម័តទាំងស្រុងនៅត្រឹមមួយព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ខណៈសន្តិសុខជុំវិញវិមានរដ្ឋសភា ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង ដើម្បីទប់ទល់នឹងការតវ៉ាជំទាស់ពីសំណាក់ក្រុមសង្គមស៊ីវិល សមាជិកសហគមន៍ និងយុវជន។
រីឯសមាជិកសភាចំនួន ៥៥រូប មកពីគណបក្សសង្គ្រោះជាតិ ដែលមិនគាំទ្រសេចក្ដីព្រាងច្បាប់នេះ បានធ្វើពហិការទៅនឹងការអនុម័តសេចក្ដីព្រាងច្បាប់ដែលរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
នៅជុំវិញមានរដ្ឋសភា កម្លាំងសន្តិសុខប្រដាប់ដោយខែល ដំបងឆក់ និងរបាំងដែក ត្រូវបានគេដាក់ពង្រាយ និងទប់ស្កាត់ក្បួនតវ៉ារបស់ក្រុមសង្គមស៊ីវិល និងប្រជាពលរដ្ឋ ដែលបានយល់ឃើញថា សេចក្ដីព្រាងច្បាប់នេះរំលោភលើរដ្ឋធម្មនុញ្ញ និងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។
សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅស្ថាប័នព្រឹទ្ធសភាអនុម័តបន្ថែមទៀត មុននឹងបញ្ជូនទៅព្រះមហាក្សត្រឡាយព្រះហស្ថលេខា៕