ក្រុមអ្នកតវ៉ាប្រហែល ៣០០នាក់ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥នេះ បានប្រមូលផ្ដុំគ្នានៅឯទីលានប្រជាធិបតេយ្យ ដើម្បីបន្តតវ៉ាទៅនឹងសេចក្ដីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស់ ដែលគ្រោងនឹងអនុម័តដោយរដ្ឋសភាជាតិនាពេលឆាប់ៗខាងមុខនេះ។
ក្រុមអ្នកតវ៉ា ដែលភាគច្រើនជាសមាជិកនៃបណ្ដាញអ្នករត់ម៉ូតូកង់បី ក្រុមបណ្ដាញកសិករ ព្រះសង្ឃ និងសកម្មជនដីធ្លី បានជួបជុំតវ៉ាជាថ្មី មួយថ្ងៃក្រោយពីកិច្ចពិគ្រោះយោបល់សាធារណៈដ៏តក់ក្រហល់មួយរៀបចំដោយរដ្ឋសភាជាតិកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥។
ដោយរក្សាជំហរជំទាស់ទៅនឹងសេចក្ដីព្រាងច្បាប់នោះ លោក អុំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងទៅកាន់ក្រុមអ្នកតវ៉ាថា ខ្លឹមសារក្នុងមាត្រាខ្លះនៃសេចក្ដីព្រាងច្បាប់នោះ មិនត្រូវបានចែងឲ្យច្បាស់លាស់ ឬមានលក្ខណៈទូលំទូលាយពេក ដែលទុកឱកាសឲ្យរដ្ឋាភិបាល និងអាជ្ញាធរ គៀបសង្កត់លើសិទ្ធិសេរីភាព និងសកម្មភាពរបស់សង្គមស៊ីវិល។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ដែលធ្វើការយ៉ាងសកម្មប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា បានថ្លែងថា សេចក្ដីព្រាងច្បាប់នោះ មិនត្រឹមតែរឹតត្បិតលើអង្គការ ឬសមាគមដែលធ្វើសកម្មភាពជួយការពារសិទ្ធិមនុស្សនោះឡើយ ប៉ុន្តែ វាក៏ប៉ះពាល់ដល់សកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជាផងដែរ។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងថា ប្រសិនបើសេចក្ដីព្រាងច្បាប់នោះ ត្រូវបានរដ្ឋសភាអនុម័ត នោះបង្ហាញថា ប្រជាធិបតេយ្យ និងស្ថានភាពសិទ្ធិសេរីភាពនៅកម្ពុជា កំពុងដើរថយក្រោយ។
ចំណែកឯលោក ហូរ វ៉ាន់ សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ ក៏បានបញ្ជាក់ពីជំហរមិនគាំទ្រច្បាប់នេះផងដែរ ហើយទាមទារឲ្យរដ្ឋាភិបាលពន្យារពេលអនុម័តនេះ។
សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការ ត្រូវបានបញ្ជូនទៅដល់រដ្ឋសភារួចហើយ ហើយគ្រោងនឹងអនុម័តនៅដើមសប្ដាហ៍ក្រោយ បើទោះបីជាមានសំឡេងជំទាស់ខ្លាំងក្លាពីក្រុមសង្គមស៊ីវិលក៏ដោយ៕