អង្គការ​សង្គមស៊ីវិលបដិសេធបេក្ខភាពលោក ដួង វិរ័ត្ន ជាតំណាងរបស់ខ្លួន

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ជំទាស់​ទៅ​នឹង​ការ​ជ្រើស​រើស​មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល ធ្វើ​ជា​តំណាង​របស់​ពួកគេ​សម្រាប់​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​មួយ​ជាមួយ​មេដឹកនាំ​អាស៊ាន​នៅ​ឯ​ទីក្រុង​គួឡាឡុំពួ នា​សប្ដាហ៍​ខាង​មុខ​នេះ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ទីក្រុង​គួឡាឡុំពួ ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៥ ក្រុម​មេដឹកនាំ​សង្គម​ស៊ីវិល​ធំ​មក​ពី​ប្រទេស​កម្ពុជា បាន​ថ្លែង​ថា ពួកគេ​បាន​សម្រេច​ជ្រើស​រើស​លោក​ស្រី ធីតា ឃឹះ នាយក​ប្រតិបត្តិ​អង្គការ​សីលការ ធ្វើ​ជា​តំណាង​សង្គម​ស៊ីវិល​កម្ពុជា សម្រាប់​ចូល​រួម​ប្រជុំ​ជាមួយ​មេដឹកនាំ​កំពូលៗ​មក​ពី​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ប៉ុន្តែ រាជ​រដ្ឋាភិបាល​កម្ពុជា​បែរ​ជា​តែង​តាំង​លោក ដួង វិរ័ត្ន ប្រធាន​នាយកដ្ឋាន​សង្គម​ស៊ីវិល អង្គការ​មិន​មែន​រដ្ឋាបាល និង​សិទ្ធិ​មនុស្ស​នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ធ្វើ​ជា​តំណាង​សង្គម​ស៊ីវិល​ទៅ​វិញ។

ក្រុម​សង្គម​ស៊ីវិល បាន​ចាត់​ទុក​ការ​ជ្រើស​តាំង​នេះ ពុំ​បាន​ធ្វើ​ឡើង​តាម​ដំណើរការ​ប្រជាធិបតេយ្យ និង​សម្ដែង​ការ​សោក​ស្ដាយ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​អាប់​ឱន​កិត្តយស​នៅ​ចំពោះ​មុខ​ប្រតិភូ​ជាមិត្ត​នៅ​ក្នុង​តំបន់។

នៅ​ក្នុង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ដែល​បាន​ផ្ញើរ​ជូន​ទៅ​លោក ហោ ណាំហុង ឧប​នាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ការបរទេស​ និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ក្នុង​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា បាន​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​លោក ដួង វិរ័ត្ន ដាក់​ជំនួស​មក​វិញ​ដោយ​លោក​ស្រី ធីតា ឃឹះ ដែល​ត្រូវ​បាន​ក្រុម​សង្គម​ស៊ីវិល​ជ្រើស​រើស​តាម​គោលការណ៍​ប្រជា​ធិបតេយ្យ និង​តំណាង​ឲ្យ​ឆន្ទៈ​របស់​សង្គម​ស៊ីវិល​ពិត​ប្រាកដ។

កាល​ពី​ឆ្នាំ​២០១៤​កន្លង​មក តំណាង​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា មិន​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ទទួល​ស្គាល់ និង​អញ្ចើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​មេដឹកនាំ​ថ្នាក់​តំបន់​នោះ​ឡើយ ហើយ​ក្រុម​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ក៏​បាន​រំសាយ​ចោល​គណៈ​ប្រតិភូ​របស់​ខ្លួនទៅ​វិញ៕