អតីតប្រជាពលរដ្ឋបឹងកក់ជាច្រើននាក់ និងសហគមន៍ដទៃទៀតនៅក្នុងរាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នានៅមុខតុលាការរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥នេះ ដោយបានទាមទារយុត្តិធម៌បន្ទាប់ពីពួកគេត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារដោយអយុត្តិធម៌អស់រយៈពេលជាច្រើនខែ។
អ្នកស្រី ទេព វណ្ណនី អតីតប្រជាពលរដ្ឋបឹងកក់ម្នាក់ បាននិយាយថា ប្រជាពលរដ្ឋប្រហែល ១០០នាក់ មកពីសហគមន៍នានាក្នុងទីក្រុងភ្នំពេញ ទាមទាររកយុត្តិធម៌ពីតុលាការ ដែលបានកាត់ទោសសកម្មជនដីធ្លី ១១នាក់ដាក់ពន្ធនាគារចំនួន ៥ខែ។
សកម្មជនដីធ្លីរូបនេះ បានអះអាងថា សកម្មជនដីធ្លី ១១នាក់ ពុំបានប្រព្រឹត្តិបទល្មើសអ្វីនោះឡើយ ប៉ុន្តែ ពួកគេបានជាប់ពន្ធនាគារអស់រយៈពេលជាច្រើនខែដោយអយុត្តិធម៌ មុននឹងត្រូវបានដោះលែងវិញតាមរយៈការលើកលែងទោសពីព្រះមហាក្សត្រកាលពីខែមេសា ឆ្នាំ២០១៥។
ស្ត្រីរូបនេះ បាននិយាយថា ក្រុមប្រជាពលរដ្ឋបានកាន់បដា និងប្រាក់ដុល្លារក្លែងក្លាយនៅមុខតុលាការ ដែលមានន័យថា ពួកគេគ្មានលុយសម្រាប់សុកប៉ានតុលាការនោះឡើយ។
ប្រជាពលរដ្ឋបឹងកក់ ដែលផ្ទះសម្បែងរបស់ពួកគេត្រូវបានឈូសឆាយបំផ្លិចបំផ្លាញនៅក្នុងហេតុការណ៍បណ្ដេញដោយបង្ខំនោះ បានជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏ចម្រូងចម្រាស់មួយជាមួយក្រុមហ៊ុនស៊ូកាគូអ៊ីន អស់រយៈពេលជិត ១០ឆ្នាំហើយ។ អំឡុងពេលការបង្ក្រាបដោយហិង្សាពីសំណាក់កងកម្លាំងរដ្ឋាភិបាល ក្រុមបាតុករជាច្រើន បានរងការធ្វើបាបយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានការវាយដំ ព្រមទាំងការចាប់ឃុំខ្លួនតាមផ្លូវតុលាការ៕