សកម្មជនការពារសិទ្ធិមនុស្សមួយរូប ដែលតែងតែរិះគន់ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានតុលាការរាជធានីភ្នំពេញកោះហៅឲ្យចូលបំភ្លឺនាពេលខាងមុខ តបតាមបណ្ដឹងរបស់មន្ត្រីតុលាការសៀមរាបពីររូប ពីបទបរិហាបង្កាច់កេរ្តិ៍ បរិហាជាសាធារណៈ និងផ្សព្វផ្សាយអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្តាធិការ។
យោងតាមដីកោះដែលចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ និងទើបទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយច្បាប់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ កោះអញ្ចើញឲ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ តបតាមបណ្ដឹងរបស់លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង និងលោក គី រិទ្ធី ចៅក្រមនៃតុលាការខេត្តសៀមរាប ដែលបានចោទសកម្មជនការពារសិទ្ធិមនុស្សរូបនោះពីបទបរិហាបង្កាច់កេរ្តិ៍ បរិហាកេរ្តិ៍ជាសាធារណៈ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្តាធិការ។
បណ្ដឹងប្រឆាំងនឹងសកម្មជនការពារសិទ្ធិមនុស្សរូបនេះ បានកើតឡើងជាងមួយសប្ដាហ៍ក្រោយលោក នី ចរិយា បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ ដែលបានរិះគន់មន្ត្រីតុលាការទាំងពីររូបនោះថា បានឃុំខ្លួនប្រជាពលរដ្ឋពីររូបដោយខុសច្បាប់ ពាក់ព័ន្ធនឹងសំណុំរឿងជម្លោះដីធ្លីមួយរវាងប្រជាពលរដ្ឋ ១៩គ្រួសារនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប និងសហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម។
នៅក្នុងសំណុំរឿងជម្លោះដីធ្លីដ៏ចម្រូងចម្រាស់ និងការចាប់ខ្លួនប្រជាពលរដ្ឋពីរនាក់ពីសំណាក់តុលាការខេត្តសៀមរាបនេះ សមាគមការពារសិទ្ធិមនុស្សអាដហុកបានដាក់បណ្ដឹងទៅឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម តុលាការកំពូល និងអគ្គព្រះរាជអាជ្ញា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ប្រឆាំងនឹងមន្ត្រីតុលាការសៀមរាបទាំងពីររូបនោះ។
ទោះជាយ៉ាងណា បណ្ដឹងរបស់សកម្មជនការពារសិទ្ធិមនុស្សរូបនេះ មិនត្រូវបានស្ថាប័នទាំងនោះចាត់ការនោះឡើយរហូតមកដល់ពេលនេះ។ ផ្ទុយទៅវិញ បណ្ដឹងប្រឆាំងនឹងរូបលោក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចាត់ការមុនទៅវិញ៕