អង្គហេតុ
ករណីដីធ្លីរវាងប្រជាពលរដ្ឋ ៨៨គ្រួសារជាមួយ នឹង ដើមបណ្តឹងឈ្មោះចាន់ហេង សួ ស៊ូហ៊ាង និងលឹមជូ ទីតាំងដីទំនាស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសី ហនុ ។ទំហំដីដែលភាគី ប្តឹងទាមទារ៣៧ហិតានិង៣១១៨ម៉ែតការ៉េ ។ក្រោយពីបានទទួលពាក្យបណ្តឹងផ្ទាល់មាត់តាមរយៈទូរសព្ទ័ពីប្រជាពលរដ្ឋ នៅភូមិស្ទឹងច្រាល និងមានការឯកភាពពីលោកប្រធានផ្នែកដីធ្លី អ្នកអង្កេតសមាគមអាដហុក ខេត្តព្រះសី ហនុបានធ្វើដំណើរទៅអង្កេតករណីនេះនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា កាលពី ថ្ងៃទី១៣ដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ។យើងបានជួបសាកសួរប្រជាពលរដ្ឋ ដែលត្រូវចៅ ក្រមសាលាដំបូងខេត្តព្រះសីហនុ កោះហៅទៅផ្សះផ្សារនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ ម៉ោង ៨:៣០នាទីព្រឹក ។ និងបានសាកសួរលោកអតិតអាជ្ញាធរមូលដ្ឋាននៅទីនោះ ។ ពត៌មានទទួល បានមានដូចតទៅ៖
១.ការចូលកាន់កាប់របស់ប្រជាពលរដ្ឋ
ពីដើមមក (ឆ្នាំ១៩៩៣) តំបន់ដីទំនាស់ស្ថិតនៅក្នុង គ្រប់គ្រងរបស់ឃុំកំពង់សិលា ស្រុក ស្រែអំបិល ខេត្តកោះកុង ។ ប្រជាពលរដ្ឋដែលបានមកកាប់ឆ្ការចាប់យកដីនៅតំបន់នេះ ក្នុងពេលនោះ គឺអ្នកភូមិមកពីភូមិស្ទឹងសំរោង ឃុំកំពង់សិលា ។ និងខ្លះទៀតមកពីខេត្តផ្សេងៗ ដែលគ្មានដីរស់នៅ ក៍នាំបងប្អូនមករស់នៅទីនេះ ។ អាជ្ញាធរមូលដ្ឋាន មិនបានហាមឃាត់ ការចូលកាន់កាប់ របស់ ប្រជាពលរដ្ឋទេ ព្រោះអាជ្ញាធរចង់អោយមូលដ្ឋានរបស់គាត់ មានប្រ ជាពលរដ្ឋរស់នៅច្រើន និងមានដីកាន់កាប់ ធ្វើស្រែចំការ ផ្ទះសម្បែង ។
តំបន់នេះគឺជាព្រៃ និងជាតំបន់ ដែលខ្មែរក្រហមកឆ្លងកាត់ ចេញចូល ដើម្បីមករក ស្បៀងអាហារនិងថ្នាំសង្កូវ ។ ឆ្នាំ១៩៩៥ ប្រជាពលរដ្ឋបានចូលមកតាំងលំនៅនៅទីនេះរកេត រកូតពេញ ព្រៃ ក្នុងតំបន់នេះ មានមុខរបរកាប់ឈើ ដុតធ្យូង រកខ្លឹម រកវល្ល័ (វល្ល័ល្មៀត ). . . តំបន់នេះ ក៍មានមីនដែរ ។ មានប្រជាពលរដ្ឋម្នាក់ឈ្មោះតាមោក បានស្លាប់ដោយដើរជាន់មីនកប់ដីរបស់ខ្មែរក្រហម ។
ជំនាន់នោះមានទាហានខ្មែរយើងបោះទីតាំងនៅត្រង់ ស្ពានស្ទឹងសំរោង និងនៅបន្ទាយ ចាស់ស្ទឹងច្រាល ។ ប្រហែលជាឆ្នាំ១៩៩៥ មានជនមិនស្គាល់មុខបានយកមីន មកដាក់នៅស្ពានស្ទឹងសំរោង បណ្តាលឲ្យផ្ទុះពេលយប់ ។ មិនបានធ្វើឲ្យប្រជាពលរដ្ឋមានរបួសស្នាមទេ តែធ្វើអោយខូចផ្លូវ ជាតិលេខ៤ ជាច្រើនកន្លែង ។ ដោយមានបញ្ហាអសន្តិសុខបែប នេះ ទាហានដែលការពារសន្តិសុខ នៅទីនេះ បានបណ្តេញប្រជាពលរដ្ឋចេញពីម្តុំស្ទឹងច្រាល (បច្ចុប្បន្នភូមិស្ទឹងច្រាល )ចេញ ឲ្យទៅរស់នៅក្នុងភូមិស្ទឹងសំរោងវិញហើយ ។
២.ប្រវត្តិទំនាស់ពីមុននិងការតវ៉ារបស់ប្រជាពលរដ្ឋ
ក្រោយពីដេញប្រជាពលរដ្ឋហើយទាហានតំបន់អភិវឌ្ឍន៍ចំការចេក(ខេត្តកំពង់ស្ពឺ)បានមកបោះទីតាំងនៅទីនេះ ។ ហើយបានដាក់ផ្លាកក្រុមហ៊ុន “ ម៉ាកាំបូត ” លើដីដែលប្រជាពលរដ្ឋបាន កាន់កាប់ពីមុន ។ទាហានបាននៅការពារដីឲ្យក្រុមហ៊ុនទៀត ។ ប្រជាពលរដ្ឋឃើញដូច្នេះក៍នាំគ្នាតវ៉ាជាមួយទាហានការពារដីក្រុមហ៊ុនយកដីរបស់ពួកគាត់វិញពីឆ្នាំ១៩៩៦ ។ប្រជាពលដ្ឋបានដាក់ពាក្យបណ្តឹងទៅឃុំ និងទៅស្រុកស្រែអំបិល មិនបានទៅដល់ខេត្តទេ ។ ទំនាស់រវាង ទាហាននិងប្រជាពលរដ្ឋនៅតែបន្តរ៉ាំរ៉ៃរហូត មិនមានដំណោះស្រាយទេ ព្រោះអាជ្ញាធរពេល នោះ ខ្លាចទាហានដែរ ។
តំណាងប្រជាពលរដ្ឋមួយចំនួន ត្រូវបានទាហានចាប់ខ្លួន លោកចិន សុផល (សមាជិក គណកម្មការរៀបចំភូមិ) , លោកជា តាំង (អនុប្រធានភូមិស្ទឹងសំរោង) , លោកសុខ សុផល(អាចារ្យវត្ត)នាំទៅទីចាត់ការយោធាចំការចេក ។ ទាហានគំរាមពួកគាត់ឲ្យទៅប្រាប់អ្នកភូមិ ឲ្យ ចាកចេញនិងបញ្ឈប់កាប់រានដីរបស់ក្រុមហ៊ុនតទៅទៀត ! ។ ពេលនោះអ្នកតំណាងទាំងអស់ បានប្រាប់វិញថា “ បើទាហានចង់ការពារដីនេះ ទុកឲ្យក្រុមហ៊ុនទៅប្រាប់ខ្លួនឯងទៅ ពួកខ្ញុំជាតំ ណាងប្រជាពលរដ្ឋ នៅតែការពារផលប្រយោជន៍ប្រជាពលរដ្ឋ ។ ព្រោះប្រជាពលរដ្ឋបានចូល មករស់នៅទី នេះមុនទាហានមកដល់ “ ។ ប្រជាពលរដ្ឋលបចូលមកបោះរបង ទាហានដើរ ល្បាតឃើញដកចោលអស់ ។ ពេលខ្លះមានការបាញ់កាំភ្លើង ជាច្រើនគ្រាប់គំរាម អោយអ្នក ភូមិចាកចេញ ។
បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី៥ ,ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ទាហានបានដកចេញ ទៅបោះទីតាំងនៅលើដីរបស់ក្រុមហ៊ុនយូនីផ្លេនវិញ ។ ប្រជាពលរដ្ឋមានការធូរស្រាលបន្តិច អាចចូល មកធ្វើចំការ ខ្ទមចាំស្រែ ដាំដំណាំបានវិញខ្លះ ទាហានមិនបានប្រើអំពើហិង្សាទេ អាជ្ញាធរក៍ មិនបានដោះស្រាយអ្វីដែរ ក្នុងឆ្នាំ១៩៩៨ ។ ក្រោយពីការបោះឆ្នោតឆ្នាំ១៩៩៨ទាហានបានចូលមកធ្វើសកម្មភាពអុកឡុកប្រជាពលរដ្ឋបន្តទៀត ដោយរុះរើផ្ទះ និងរបងអ្នកភូមិចេញសារជាថ្មីទៀត ។
ប្រជាពលរដ្ឋរងគ្រោះដីធ្លីប្រហែល៧០នាក់ បាននាំគ្នា ឡើងទៅដាក់ពាក្យបណ្តឹងតវ៉ា ទាម ទារដីធ្លីរបស់ខ្លួន នៅមុខមន្ទីររដ្ឋសភា ។ ពេលនោះមានតំណាងប្រជាពលរដ្ឋបីនាក់ មាន លោកជា ចន (បច្ចុប្បន្នស្លាប់) លោកឡាច បឿន និងលោកចិន សុផល បានចូលទៅជួបផ្ទាល់ សម្តេចក្រុមព្រះនរោត្តមរណរិទ្ធ ។ ព្រះអង្គមានបន្ទូលប្រាប់ថា “ ឲ្យប្រជាពលរដ្ឋរស់នៅចុះ គ្មាននរណាធ្វើស្រែលើថ្នល់កៅស៊ូកើតទេ ? ” ។ ព្រះអង្គនឹងបញ្ជាឲ្យឯកឧត្តមសាយ ហាក់ អភិ បាលខេត្តកោះកុង ចុះមកដោះស្រាយរឿងនេះ ។ពេលនោះមិនមានលិខិតជាលាយលក្ខអក្សរ អ្វីទេ ។ ប្រហែលជាមួយអាទិត្យ ក្រោយមកឯកឧត្តមសាយ ហាក់ បានមកជួបប្រជាពលរដ្ឋ មែនហើយប្រាប់ឲ្យ ប្រជាពលរដ្ឋរស់នៅទីនេះចុះ ។ តំណាងរាស្រ្តខេត្តកោះកុងអាយខន ក៍បានគាំទ្រ ឲ្យប្រជាពលរដ្ឋបន្តការរស់នៅទីនេះតទៅទៀតដែរ ។ ទំនាស់ជាមួយទាហានចាំដីឲ្យក្រុមហ៊ុន ក៍ស្ងប់ស្ងាត់ទៅ ។
ការបង្កើត ឃុំអូរបាក់រទេះ
ឆ្នាំ១៩៩៩ រដ្ឋាភិបាលបានបំបែកឃុំ ដែលស្ថិតនៅតាមបណ្តោយថ្នល់ជាតិលេខ៤នេះ ចេញពីស្រុកស្រែអំបិល បង្កើតជាស្រុកកំពង់សិលា ស្ថិតនៅក្នុងខេត្តកោះកុងដែរ ។ ស្រុកកំ ពង់សិលាមាន៤ឃុំ គឺឃុំស្ទឹងឆាយ ឃុំចំការហ្លួង ឃុំកំពង់សិលា និងបង្កើតឃុំថ្មី ឈ្មោះឃុំអូរ បាក់រទេះមានភូមិ ស្ទឹងសំរោង ភូមិព្រៃប្រសិទ្ធិ និង ភូមិស្ទឹងច្រាល (កន្លែងដែលកំពុងតែមាន ទំនាស់ដីធ្លី ) ។ មេឃុំអូរបាក់រទេះឈ្មោះឆាយ ជាងហេង ។
ក្រោយពីបង្កើតជាឃុំ មានប្រពន្ធ័រដ្ឋបាលត្រឹមត្រូវហើយ អ្នកភូមិបានបង្កើតជាសហគមន៍អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ មានលោកហូយ ផល្លា ជាប្រធាន និង មានការគាំទ្រពីអង្គការក្វេគរ័ អាមេរិកកាំង នៅស្រុកស្រែអំបិល ខេត្តកោះកុង ។ អង្គការនេះបានផ្តល់នូវគ្រាប់ពូជដំណាំ និងកូនឈើហូបផ្លែ ដូចជា ស្វាយ ខ្នុរ ចេកជាដើម ឲ្យប្រជាពលរដ្ឋនៅ តំបន់នេះដាំដុះ ។ ចាប់តាំងពីពេលនោះមក ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ មិនដែលមានទំនាស់ ជាមួយអ្នកណាផ្សេងទៀតទេ។អ្នកភូមិបានប្រើប្រាស់ដីនេះជាដីលំនៅដ្ឋានស្រែចំការ មណ្ឌលកុមារកំព្រា ភោជ្ជនីយដ្ឋាន. . . ។ល។ អ្នកភូមិបានប្រភពចំណូលពីការអាស្រយ័រុកុ្ខផលព្រៃឈើ កម្មករសំណង់ ធ្វើស្រែចំការ លក់ដូរនៅផ្ទះ លក់ដូរនៅតំបន់ទេសចរណ៍ថ្មរូង ។ ដីនៅតំបន់ នេះ មិនទាន់មានការចុះបញ្ជីដីជាលក្ខណប្រពន្ធ័ទេ ។ អាជ្ញាធរឃុំអូរបាក់រទេះ បានចេញលិខិត បញ្ជាក់ការកាន់កាប់ដីធ្លី ឲ្យទៅប្រជាពលរដ្ឋ មួយចំនួនដែលត្រូវការខ្ចីលុយពីធនាគារ ។
ព្រឹត្តិការណ៍ថ្ងៃកើតហេតុ
ដោយភូមិស្ទឹងច្រាលជាកន្លែងដែល គេអាចឆ្លងកាត់ទៅកាន់រមណីយដ្ឋានធម្មជាតិថ្មរូង ផ្លូវក្នុងភូមិ បានអភិវឌ្ឍន៍ឡើង ដោយក្រាលគ្រួសក្រហម រហូតដល់តំបន់រមណីដ្ឋាន ។ មានរថ យន្តចេញចូលមិនសូវលោះថ្ងៃ ។ អ្នកភូមិស្ទឹងច្រាលខ្លះ ចិញ្ចឹមជីវិតដោយការលក់ចំណីអា ហារឲ្យភ្ញៀវទេសចរណ ដែលមកកំសាន្តនៅទីនេះ ។ ស្រាប់តែថ្ងៃទី០៨ខែតុលា ឆ្នាំ២០១៣ អ្នកភូមិបានទទួលដិកាកោះហៅពីលោកចៅក្រមសាលាដំបូងខេត្តព្រះសីហនុឈ្មោះស្វាយ តុញ បានកោះអញ្ជើញប្រជាពលរដ្ឋចំនួន៨៨គ្រួសារ ដែលពាក់ពន្ធ័និងរឿងដី ធ្លី ចំនួន៣៧ហិតា៣ ១១៨ម៉ែតការេ មានដើមចោទឈ្មោះចាន់ ហេង សួស៊ូហ្វាងនិងលឹមជូ (អ្នកភូមិប្រាប់ថាពួកគាត់មិនដែលស្គាល់ដើមចោទទាំង៣នាក់នេះ ទេ ) ។ ដិកានេះបានចេញពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ឲ្យសហចុងចម្លើយចូលខ្លួនទៅធ្វើការផ្សះផ្សា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង៨:៣០នាទីព្រឹក ។ មន្រ្តីនគរបាលប៉ុស្តរដ្ឋ បាលឃុំ អូរបាក់រទេះ ជាអ្នកយកដិកាកោះនេះ ទៅជំរាបជូនអ្នកភូមិ និងស្នើសុំអោយគាត់ផ្តិត មេដៃ ។ អ្នកភូមិខ្លះបានផ្តិតមេដៃ ក្នុងបញ្ជីឈ្មោះនោះ ព្រោះយល់ឃើញថា ចៅក្រមបានចេញដិកាកោះ ហៅស្រួលបួល ឲ្យចូលទៅផ្សះផ្សាគ្នា ដូច្នេះ មិនមានបញ្ហាអ្វីទេ ។ អ្នកខ្លះមិនផ្តិតមេ ដៃទេព្រោះគាត់យល់ ថា “អ្នកប្តឹងទាមទារឲ្យគាត់រុះរើផ្ទះ និងចាកចេញពីដីដែលគាត់កំពុងរស់នៅ ជា របស់គាត់ ។ ដូច្នេះបើគាត់ផ្តិតមេដៃមានន័យថាគាត់យល់ព្រមចាកចេញពីដីកម្មសិទ្ធិ របស់គាត់។
ការស្វែងរកការគាំទ្រ
ដោយអ្នកភូមិមានភាពច្រួលច្របល់ក្នុងរឿងនេះនៅថ្ងៃទី០៩ខែតុលា ឆ្នាំ២០១៣ លោក ចិន សុផលជាអតិតសមាជិក ក្រុមប្រឹក្សាខេត្តកោះកុង (មកពីគណបក្សសមរង្សី ) ដែលមានឈ្មោះក្នុងដិកាកោះនេះដែរ បានជួបជាមួយប្រជាពលរដ្ឋ ដែលបានទទួលព៌តមានឲ្យចូលខ្លួនទៅផ្សះ ផ្សាជាមួយភាគីដើមចោទថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ ឲ្យទៅជួបលោកមេឃុំអូរបាក់ រទេះ ពិន សេម នៅសាលាឃុំអូរបាក់រទេះ ដើម្បីសុំយោបល់និងការគាំទ្រ ។
ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង២:៣០រសៀល លោក ពិន សេម មេឃុំអូរបាក់ រទេះ បានជួបពិភាក្សាជាមួយប្រជាពលរដ្ឋ ភូមិស្ទឹងច្រាល ដែលមានឈ្មោះក្នុងបញ្ជីរបស់សាលាដំបូង ខេត្តព្រះសីហនុ ។ លោកបាននិយាយគាំទ្រនិងទទួលស្គាល់ការកាន់កាប់ដីធ្លី និងការរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់នេះ ហើយលោកបានបន្ថែមទៀតថានិងចូលរួមបំភ្លឺនៅសាលាដំបូងប្រសិនបើតុលាការត្រូវការលោក ។
ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ តំណាងប្រជាពលរដ្ឋបានប្តឹង មកសមាគមអាដហុកតាម រយៈទូរសព្ទ័របស់អ្នកស្រី ជាប សុធារី និងស្នើសុំឲ្យអ្នកស្រីជួយអន្តរាគមន៍ករណីនេះផង ដូចជាការចុះអង្កេតផ្ទាល់ ការប្រឹក្សាយោបល់ និងការផ្តល់មេធាវី ។
ថ្ងៃទី១៣ខែតុលា ឆ្នាំ ២០១៣ សមាគមអាដហុកនិងអង្គការលីកាដូ បានចុះអង្កេត ករណីនេះផ្ទាល់នៅកន្លែងកើតហេតុ ដោយជួបជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរនៅទីនោះ ។
សេចក្តីសន្និដ្ឋានរបស់អាដហុក
កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ចៅក្រមសាលាដំបូង ខេត្តព្រះសីហនុ ឈ្មោះ ស្វាយ តុញ ពិតជាបានចេញដិកាកោះហៅ ប្រជាពលរដ្ឋចំនួន៨៨គ្រួសារ មានអាស័យដ្ឋាន ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ឲ្យចូលខ្លួនទៅធ្វើការផ្សះផ្សា នៅសាលា ដំបូងខេត្តព្រះសីហន នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង៨:៣០នាទី ។
ករណីនេះជាសំណុំរឿងរដ្ឋប្បវេណីលេខ៨៦ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ របស់ សាលាដំបូងខេត្តព្រះសីហនុ មានដើមចោទបីនាក់ ឈ្មោះចាន់ ហេង, សួ ស៊ូហ្វាង និងលឹម ជូ (មិនបានបញ្ជាក់អត្តសញ្ញាណ របស់ដើមចោទទេ ) ។
កម្មវត្ថុនៃការប្តឹងរបស់ដើមចោទ “ ប្តឹងសុំអោយសហចុងចម្លើយ និងតតីយជនផ្សេងៗ ទៀតរុះរើផ្ទះ និងចាកចេញពីដីទំហំ៣៧ហិតា៣១១៨ម៉ែតការ៉េ ស្ថិតនៅឃុំកំពង់សិលា ស្រុក ស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នស្ថិតនៅ ភូមិស្ទឹងឆាយ ឃុំអូរបាក់រទេះ ស្រុកស្ទឹងហាវខេត្ត ព្រះសីហនុ (កន្លែង នេះខុសពីទីតាំងដីជាក់ស្តែង គឺស្ថិតនៅភូមិស្ទឹងច្រាល មិនមែនស្ទឺងឆាយទេ ឯស្រុកមិនមែន ស្រុកស្ទឹងហាវទេ គឺស្រុកកំពង់សិលា ) ។
ប្រជាពលរដ្ឋ៨៨ គ្រួសារនេះ ខ្លះមានអាសយ័ដ្ឋាននៅកន្លែងដីទំនាស់ ខ្លះនៅកំពង់ចាម ខ្លះនៅភ្នំពេញ ។ចំណែកការប្រើប្រាស់ដីរបស់ពួកគាត់ ខ្លះសង់លំនៅដ្ឋាន បើកកន្លែងលក់ដូរ ជាភោជ្ជនីយដ្ឋាន ខ្លះជាស្រែ ចំការ ជាកន្លែងចិញ្ចឹមគោ . . . ។
ដីនៅតំបន់នេះ មិនទាន់មានការចុះបញ្ជីដីធ្លីជាលក្ខណៈប្រពន្ធ័ទេ ។ ប្រជាពលរដ្ឋមានតែលិខិត បញ្ជាក់ការកាន់កាប់ដីធ្លី ដែលធ្វើដោយ អាជ្ញាធរឃុំអូរបាក់រទេះ ចាប់ពីឆ្នាំ២០០៥ រហូតមក ដល់បច្ចុប្បន្ននេះ ។
ប្រភពនៃការបានដីរបស់ប្រជាពលរដ្ឋ នៅតំបន់នេះ គឺតាមរយៈភោគៈ គឺការចូលទៅ កាន់កាប់ខ្លួនឯង នឹងមួយចំនួនទៀតអាជ្ញាធរចែកឲ្យ ។ បន្ទាប់មកក៍មានការផ្ទេរសិទ្ធិកាន់កាប់ ពីភាគី ម្នាក់ទៅម្នាក់ទៀត ដោយមានអាជ្ញាធរភូមិឬឃុំដឹងឮដែរ ។
ប្រជាពលរដ្ឋពិតជាបានចូលមកកាន់កាប់ដីនេះ តាំងពីមុនមានជំលោះលើកទី១ជាមួយ ទាហានការពារដីឲ្យក្រុមហ៊ុនម៉ាកាំបូត (ប្រហែលជានៅឆ្នាំ១៩៩៥ ) ។
ទំនាស់លែងកើតមានបន្ទាប់ពី ប្រជាពលរដ្ឋបានឡើងទៅប្តឹងដល់រដ្ឋសភា ជួបជាមួយ សម្តេចក្រុមព្រះនរោត្តម នរិទ្ធ ។ និងក្រោយមកជួប ឯកឧត្តមអភិបាលខេត្តកោះកុង សាយ ហាក់ បានគាំទ្រឲ្យប្រជាពលរដ្ឋរស់នៅទីនេះ ។ និងឯកឧត្តមតំណាងរាស្រ្ត អាយ ខន បានចុះមកជួប ប្រជាពលរដ្ឋ ហើយគាំទ្រ ឲ្យប្រជាពលរដ្ឋបន្តការរស់នៅទីនេះតទៅទៀត ។
រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ទើបឃើញមានបណ្តឹងរដ្ឋប្បវេណីរបស់ដើម ចោទចំនួន៣នាក់ នេះប្តឹងទាមទារឲ្យប្រជាពលរដ្ឋ និងតតីតជនដែលកំពុងតែរស់នៅលើដី រុះរើផ្ទះ និងចាកចេញពីដី ។ បើយើងពិចារណាទៅឃើញថាប្រជាពលរដ្ឋទាំងអស់ដែល បាន រស់នៅលើដី នៅតំបន់នេះគឺតាំងពីមុនច្បាប់ភូមិបាលឆ្នាំ២០០១ ហើយពួកគាត់បានអះអាងថា គាត់មិនដែល មានទំនាស់ដីធ្លីជាមួយបុគ្គលណាម្នាក់ទេ ហើយអាជ្ញាធរដែនដីដែលបានផ្លាស់ ប្តូរចាប់តាំងពី មុនមានការបោះឆ្នោត រហូតដល់មានការបោះឆ្នោតមេឃុំលើកទី១ រហូតដល់ អណត្តិឆ្នាំ២០១៣នេះ បានទទួលស្គាល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។
.ដូច្នេះពួកគាត់ពិតជាបានកាន់កាប់ដីនេះ មុនភាគីដើមចោទដែលកំពុងតែប្តឹងទាមទារ
.យោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ អ្នកភូមិ គឺជាភោគីស្របច្បាប់ ដែលត្រូវបានការពារ ដោយច្បាប់ភូមិបាល ។
.ប្រសិនបើភាគីដើមចោទមានបណ្ណ័ឬលិខិតសុំអនុញ្ញាតកាន់កាប់ប្រើប្រាស់ដីធ្លី ឬ កិច្ច សន្យាលក់ទិញ . . . ករណីនេះយើងត្រូវការមេធាវីដើម្បីការពារផលប្រយោជន៍របស់អ្នកភូមិ ។ ដើម្បីពិនិត្យមើល តើលិខិតស្នាមទាំងអស់នេះ ត្រឹមត្រូវដែរឬទេ ?
.មិនមានការឃាត់ខ្លួនប្រជាពលរដ្ឋទេ ព្រោះករណីនេះមិនមែនជារឿងព្រហ្មទណ្ឌ ។
ការអន្តរាគមន៍របស់អាដហុក
.ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ បានទំនាក់ទំនងទៅវិទ្យុអាស៊ីសេរី សុំឲ្យផ្សាយករណីវិ វាទដីធ្លីនេះ ។
.និងបានប្រាប់អោយអ្នកភូមិរៀបចំ ធ្វើលិខិតបញ្ជាក់ពី ការកាន់កាប់ដីធ្លី របស់ពួកគាត់ ( ឈ្មោះ ទំហំដី ព្រំប្រទល់ ប្រភេទនៃការប្រើប្រាស់ ប្រភពនៃការបានដីនេះ ឆ្នាំដែលបានកាន់ កាប់ ហើយត្រូវយកទៅឲ្យមេភូមិ និងមេឃុំចុះហត្ថលេខា និងត្រូវថតរូបសមាជិកគ្រូសាររបស់ ខ្លួននៅ មុខផ្ទះ នឹងមុខដីស្រែចំការ របស់ខ្លួន ) ។
.ថ្ងៃចូលទៅជួបចៅក្រម ត្រូវប្រមូលឯកសារពាក់ពន័្ធ នឹងការកាន់កាប់ដីនេះយកទៅជាមួយ
.ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ វិទ្យុអាស៊ីសេរីបានចុះផ្សាយករណីវិវាទដីធ្លីនេះ នៅក្នុងការ ផ្សាយម៉ោង៥:៣០ដល់ម៉ោង៦:៣០នាទីព្រឹក ។
.ថ្ងៃទី១៣ដល់ទី១៤ខែតុលា ឆ្នាំ២០១៣បានចុះធ្វើការអង្កេតផ្ទាល់ករណីវិវាទដីធ្លីនេះ ដល់ទីកន្លែងដីទំនាស់ ។
.ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ បានផ្តល់ព៌តមានដល់ សមាជិកគណកម្មការប្រព្រឹត្តកម្ម និង បណ្តាញដីធ្លីក្នុងខេត្តព្រះសីហនុ ។ និងស្នើឲ្យពួកគេចូលរួមឃ្លាំមើលនៅសាលាដំបូង ខេត្ត ព្រះសីហនុនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ ពេលដែលអ្នកភូមិមានទំនាស់ដីធ្លី ឡើងមកសាលាដំបូងខេត្ត ។
អនុសាសន៍
ប្រជាពលរដ្ឋបានជ្រើសរើសតំណាងចំនួន៥នាក់សំរាប់ការចូលជួបចៅក្រមស្វាយតុញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ មាន
១.លោក ចិន សុផល ០១៦ ៩៣៥ ៨០២
២.លោក សុខ សុផល ០១២ ៩៨៧ ៥៤៤
៣.លោក នូន សុខុម ០១៦ ៥៦៥ ៦៨៦ និង ០៨៨ ៣៨៨ ៣៧៧៧
៤.អ្នកស្រី ចិន ផល្លី ០១៧ ៥៣២ ២២៧ និង ០៩៧ ៥៩១ ០៨៧៤
៥.អ្នកស្រី ឆេង ឡាត ០៩៧ ៤៨៥ ៤៣៩៣
.បន្តការ តាមដាននិតិវិធី នៅសាលាដំបូងខេត្តព្រះសីហនុ ។
.ស្នើសុំមេធាវីអាដហុក ការពារប្រជាពលរដ្ឋ ប្រសិនបើមានករណីចាំបាច់ ។
ធ្វើនៅខេត្តព្រះសីហនុ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣
អ្នកអង្កេត
ជាប សុធារី