សមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបាន ធ្វើសកម្មភាព ក្នុងការ ការពារ និងលើកស្ទួយ សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីឆ្នាំ១៩៩១ សូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀង នយោបាយ រវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដែលបានកំណត់ ក្នុងការកែទម្រង់ ស្ថាប័នប្រជាធិបតេយ្យដ៏សំខាន់មួយ គឺ គណៈកម្មការជាតិ រៀបចំការបោះឆ្នោត។ នៅក្នុងកិច្ចព្រមព្រៀង នយោបាយរវាងគណបក្សទាំងពីរ ប្រការ២ គណបក្សទាំងពីរ បានឯកភាពគ្នាក្នុងការកំណត់ស្ថាប័ន គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ និងមានសមាសភាព ៩រូប ដែលក្នុងនោះមាន ៤រូប មកពីគណបក្សប្រជាជនកម្ពុជា ៤រូប មកពីគណបក្សសង្គ្រោះជាតិ និងមាន ១រូប ទៀត គឺត្រូវជ្រើសរើស ដោយមានការព្រមព្រាងពីគណបក្សដែលមានអសនៈ នៅក្នុងរដ្ឋសភា។ យោងតាមកិច្ចព្រមព្រាងនយោបាយនេះ គណបក្សទាំងពីរ ក៏បានធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដោយបានដាក់ស្ថាប័ន គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ រួចជាស្រេចទៅហើយ ដែលនេះជាជំហ៊ាន នៃភាពវិជ្ជមាន។ ក៏ប៉ុន្តែ នៅក្នុងដំណើរការកំណែទម្រង់ ស្ថាប័នថ្មីខាងលើនាពេលនេះ សមាគមអាដហុកបានមើលឃើញថា គណបក្សទាំងពីរ ហាក់បីដូចជា កំពុងធ្វើកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតថ្មី មិនអាយមានឯករាជ្យភាព ក្នុងការរៀបចំរចនាសម្ព័ន្ធ នៃគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងធ្វើអោយមានការប៉ះពាល់ ដំណើរការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅពេលខាងមុខ។