សេចក្តីសង្ខេបនៃរបាយការណ៍៖
រដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់លើកកំពស់សិទ្ធិស្ត្រី កុមារ និងគោលនយោបាយសមភាពយិនឌ័រ ជាពិសេសបង្កើតច្បាប់ ស្តីពីការទប់ស្កាត់ អំពើហិង្សា ក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ច្បាប់ ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដើម្បីធានានូវ ការគោរព សិទ្ធិមនុស្ស សិទ្ធិកុមារ និងសមភាពយិនឌ័រ ។ គោលនយោបាយលើកកំពស់សិទ្ធិស្ត្រី កុមារ និង យិនឌ័រត្រូវបានចែង នៅក្នុងផែនការអភិវឌ្ឍន៍ជាតិ ដែលជាការបង្ហាញនូវឆន្ទៈ របស់រាជ រដ្ឋាភិបាល ក្នុងការធានានូវការគោរព សិទ្ធិមនុស្ស។ ទោះបីជា យ៉ាងណាក៍ដោយក៍ស្ថានភាព សិទ្ធិស្រ្តី និងកុមារ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១១ នៅតែមិនទាន់បានល្អប្រសើរនៅឡើយ បើតាមការសង្កេតរបស់សមាគមអាដហុក ។ ទិន្នន័យដែល សមាគមអាដហុក ទទួលបាន ក្នុងឆ្នាំ ២០១១ នេះពុំបាន បញ្ជាក់ថា អំពើ ហិង្សាក្នុងគ្រួសារ បានធ្លាក់ចុះនោះនៅឡើយទេ។ ការអនុវត្តន៍ច្បាប់ ស្តីពីការទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងច្បាប់ដទៃទៀត ពុំទាន់មានប្រសិទ្ធភាពនៅឡើយ និង ភាពយឺតយ៉ាវនៃការផ្លាស់ប្តូរផ្នត់គំនិត និង អាកប្បកិរិយារបស់ បុរសចំពោះស្រ្តី គឺជាកត្តាដ៏សំខាន់ៗ ដែលបន្តអោយកើតមាន នូវអំពើហិង្សាក្នុងគ្រួសារនេះ។ ទោះបីជាទទួលរងនូវ អំពើហិង្សាយ៉ាង ធ្ងន់ធ្ងរយ៉ាងណាក្តី យើងសង្កេតឃើញថា ជនរងគ្រោះ ជាទូទៅពុំចង់អោយមាន ការដាក់ទោស ដល់ សមាជិកគ្រួសាររបស់ខ្លួន ដែលបានប្រព្រឹត្តអំពើហិង្សានេះទេ។ ក្នុងករណីជាច្រើន ជនរងគ្រោះគ្រាន់តែសុំប្តឹង អោយមានការលែងលះគ្នាតែប៉ុណ្ណោះ។ កត្តានេះក៏ជាឧបសគ្គមួយដែរ ដែលធ្វើអោយអំពើហិង្សា នេះមិនអាចកាត់បន្ថយបាន ដោយ សារជនល្មើសនៅអាងលើ មនោសញ្ចេតនាអនុគ្រោះ ពីជនរងគ្រោះបែបនេះ។ ឱកាសនៃការចូលរួមការងារ សង្គមរបស់ស្ត្រី ដែលនៅមានកំរិត ក៍ជាកត្តាមួយទៀតដែរ ដែលភាគច្រើនអាចក្លាយជាជនរងគ្រោះ នៃអំពើហិង្សាក្នុងគ្រួសារនេះ ។ ការធ្លាក់ចុះនូវសីលធម៌ សង្គម ក្នុងការអធ្យាស្រ័យគ្នា គោរពគ្នាទៅវិញទៅមក និង មិនយកហិង្សា ក្នុងការដោះស្រាយបញ្ហា ក៍ជាកត្តាមួយដែលធ្វើឲ្យ អំពើហិង្សានៅតែបន្តកើតមានដែរ។
ឆ្នាំ ២០១១ នេះជាឆ្នាំទី ១ ដែលយើងសង្កេតឃើញថាចំនួន នៃអំពើរំលោភសេពសន្ថវៈ ពុំបានកើនឡើងច្រើន ដូចបណ្តាឆ្នាំមុនៗទេ។ ប៉ុន្តែចំនួនជនរងគ្រោះ ដែលជាអនីតិជន (ក្រោម ១៨ឆ្នាំ) នៅតែមានចំនួនច្រើនលើសលុប(៧២%) ដែលគួរអោយព្រួយបារម្ភដដែល។ យើងសង្កេត ឃើញមាន ការខិតខំប្រឹងប្រែង ពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងការទប់ស្កាត់ បទរំលោភសេពសន្ថវៈនេះ ប៉ុន្តែក៏នៅតែកើតមានការសម្រុះសម្រួលករណីរំលោភជាសំណងរដ្ឋប្បវេណី ទៅជនរងគ្រោះ ដើម្បី បញ្ចប់បណ្តឹងព្រហ្មទណ្ឌតែម្តង (ការសម្រុះសម្រួលធ្វើឡើងដោយអាជ្ញាធរមូលដ្ឋានមាន ១១,៣៤% នៃករណីទាំងអស់ និង ២,៥២% ដោយតុលាការ)។ កត្តាដែលនៅមានការសម្រុះសម្រួលបែបនេះ ហើយដែលធ្វើអោយមាន ឧបសគ្គ នៅក្នុងការកាត់បន្ថយនៃអំពើរំលោភសេពសន្ថវៈនេះ។
តាមរបាយការណ៍អង្កេត របស់សមាគមអាដហុកបានបង្ហាញថា ការជួញដូរផ្លូវភេទ នៅតែបន្តកើតមានទាំងនៅក្នុងប្រទេស និងទៅក្រៅប្រទេស ។ ការស៊ើបអង្កេតវែកមុខរកអ្នកប្រព្រឹត្ត អំពើនេះមានការលំបាក ស្មុគ្រស្មាញឡើងៗ ដោយសារអំពើនេះ បានប្រព្រឹត្តនៅក្នុងកន្លែង អាជីវកម្ម ស្របច្បាប់មួយចំនួនដូចជា ហាងម៉ាស្សា ហាងខារ៉ាអូខេ ក្លឹបកំសាន្តជាដើម។ល។ ម៉្យាងទៀត អ្នកដែលប្រព្រឹត្តអំពើនេះច្រើនមានខ្នងបង្អែករឹងមាំសំរាប់ការពារ ពួកគេ។ ជាក់ស្តែង ជា ញឹកញាប់ ពេលសមត្ថកិច្ចចុះបង្រ្កាបបទល្មើសជួញដូរភេទ គឺច្រើនតែបានរំដោះនារីរងគ្រោះ និង ចាប់ឃាត់ខ្លួនមេការតូចតាច តែប៉ុណ្ណោះ ចំណែកថៅកែ ឬម្ចាស់ហាងទាំងនោះមិនត្រូវបានផ្តន្ទា ទោស ទេ ឬមានត្រឹមតែដីកាឃាត់ខ្លួនប៉ុណ្ណោះ។
ក្នុងឆ្នាំ ២០១១ សហរដ្ឋអាមេរិក បានរក្សាលំដាប់ថ្នាក់ដូចឆ្នាំមុខគឺ ចំណាត់ថ្នាក់លេខ២ និងមិនតាមឃ្លាំមើលទេដល់ប្រទេសកម្ពុជា អំពីបញ្ហាជួញដូរភេទ នេះ[1]។ សមាគមអាដហុក ក៏មានការឯកភាព ក្នុងការរក្សាចំណាត់ថ្នាក់នេះដែរ ហើយសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជា និងបន្តខិតខំអោយបានខ្លាំងក្លា ថែមទៀតដើម្បីរក្សា ឬធ្វើអោយចំណាត់ថ្នាក់នេះ កាន់តែប្រសើរឡើងថែមទៀតនៅក្នុងឆ្នាំ២០១២ នេះ។
ដោយឡែកការជួញដូរកំលាំងពលកម្មត្រូវបានគេចាត់ទុក ជាទាសភាពសម័យថ្មី នៃ សតវស្សទី២១ នៅតែមានសន្ទុះគួរអោយព្រួយបារម្ភដែរ ដោយសារបញ្ហាក្រីក្រ ការបាត់បង់ដីធ្លី កំរិតចេះដឹងរបស់ប្រជាពលរដ្ឋនៅទាប ទីផ្សារការងារនៅក្នុងប្រទេសចង្អៀត បានបណ្តាលឲ្យ ប្រជាជនកម្ពុជាដែលស្ថិតក្នុងស្ថានភាពទាល់ច្រក ក្នុងការរកទទួលទាន ដើម្បីទ្រទ្រង់ជីវភាពរស់នៅ សម្រេចចិត្តធ្វើចំណាកស្រុកដោយប្រថុយប្រថានយ៉ាងគ្រោះថ្នាក់បំផុត ជឿតាមមេខ្យល់ទៅរកការងារធ្វើនៅប្រទេសជិតខាង ពិសេសទៅប្រទេសថៃ។
តាមការសង្កេតកន្លងមកយើងកត់សំគាល់ថា ឆ្នាំ២០១១ គឺជាឆ្នាំដែលអាក្រក់បំផុត នៃការរំលោភបំពានដល់សិទ្ធិពលករចំណាកស្រុក ពិសេសពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ មតិមួយចំនួនបានហៅរូបភាពនៃការរំលោភសិទ្ធិនេះ ថាជាទាសភាពសម័យទំនើប។ ករណី ភាគច្រើនកើតមានចាប់តាំងពីការចូលរួមវគ្គបង្ហាត់អោយចេះធ្វើការតាមផ្ទះនៅក្នុងស្រុក រហូតដល់ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ពលការីនីមួយចំនួនធំ ទទួលរងនូវការរំលោភបំពាននូវសិទ្ធិរបស់ ខ្លួន យ៉ាងធ្ងន់ធ្ងរបំផុត មានខ្លះរហូតដល់ស្លាប់បាត់បង់ជីវិតទៀតផង ។ ដោយសារទង្វើរំលោភ ដ៏ធ្ងន់ធ្ងរនេះ បានបណ្តាលអោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សំរេចផ្អាកការនាំចេញពលការីនីឲ្យ ទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីបន្តទៅទៀត។ ក្រោយការផ្អាកនេះ ក៍មានបញ្ហា ស្មុគ្រស្មាញ ខ្លះទៀតកើតឡើងគឺ ការបាត់ទំនាក់ទំនងរវាងពលការីនី នឹងក្រុមគ្រួសារនៅឯកម្ពុជា ការពិបាក តាមរកអាស័យដ្ឋាន និងការតាមឃ្លាំមើលពីសុខទុក្ខរបស់ពលការីនី ដែលមានចំនួនប្រមាណ ៣ម៉ឺននាក់ទៀត ដែលកំពុងបន្តធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ។ ព្រោះថាក្រុមហ៊ុនខ្លះបាន ត្រូវដកអាជ្ញាប័ណ្ណ ហើយក្រុមហ៊ុនខ្លះទៀតបានបញ្ឈប់សកម្មភាព ធ្វើអោយក្រុមគ្រួសារ នៅ កម្ពុជាមានការពិបាកទាក់ទង និងដឹងពីអាស័យដ្ឋានរបស់ពលការីនីទាំងនោះ។
ស្ថាប័នរដ្ឋដែលពាក់ព័ន្ធហាក់ពុំបានផ្តល់ពត៌មាន អោយបានច្បាស់លាស់ពីអាស័យដ្ឋាន និងសុខទុក្ខរបស់ពលការីនី អោយដល់គ្រួសារ របស់ ពួកគេនៅឡើយដែរ ។ មានពាក្យបណ្តឹង ជា ច្រើនបានមកប្តឹងដល់អង្គការសង្គមស៊ីវិលនានាអោយជួយរកកូនចៅ បងប្អូន ដែលជាពលការីនី ទាំងនោះ។ សរុបមក ទាំងពលករីនីដែលកំពុងស្ថិតក្នុងអណត្តិការងារ ក៍ដូចជាអ្នកដែលផុតអណត្តិ ការងារ កំពុងតែប្រឈមមុខ នឹងការខ្វះអ្នកទទួលខុសត្រូវ និងជួយតាមដានសុវត្តិភាពរបស់ខ្លួន ។
ជាសរុប ប្រទេសកម្ពុជាយើងមាន ទាំងច្បាប់ និងគោលនយោបាយដើម្បីលើកតម្កើង និងការពារសិទ្ធិស្ត្រី និងកុមាររួចហើយ ។ ទាំងនេះ ជាទឡ្ហីកដែលបង្ហាញ នូវការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដែលនឹងជួយឲ្យស្ថានភាពរបស់ស្ត្រីកាន់តែប្រសើរ ។ ទោះបីជាយ៉ាងណាក៍ដោយ ក៍មិនអាចផ្លាស់ប្តូរស្ថានភាពអោយបានជោគជ័យភ្លាមៗនោះទេ ។ ការ ផ្លាស់ប្តូរឥរិយាបថ និង ផ្នត់គំនិតរបស់វប្បធម៌ខ្មែរទាក់ទិននឹងការរំលោភ និង ការរើសអើងចំពោះស្រ្តី គឺបានចាក់គ្រឹះយ៉ាងជ្រៅ ដែលធ្វើឲ្យដំណើរការផ្លាស់ប្តូរនូវទស្សនៈមានការយឺតយ៉ាវ ។ និទណ្ឌភាពនៃទង្វើរំលោភសិទ្ធិស្ត្រីនៅតែមានកំរិតខ្ពស់ បើទោះបីជាយើងមានយន្តការផ្លូវច្បាប់ក៍ដោយ ។ ស្ត្រី គឺជាអ្នកទទួលរងនូវផលប៉ះពាល់ដោយមិនសមស្រប ដោយសារបញ្ហាជាច្រើនដូចជា ការរំលាភយកដីធ្លី និងអំពើជួញដូរ ។ សង្កេតឃើញមានការអភិវឌ្ឍន៍បានមួយចំនួន ប៉ុន្តែទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកតម្កើងសិទ្ធិស្ត្រី និងកុមារ ដើម្បីការអភិវឌ្ឍន៍សង្គមប្រកបដោយនិរន្តរភាព។
[1] យោងរបាយការណ៍ជួញដូរមនុស្សឆ្នាំ ២០១១ របស់ស្ថានទូតអាមេរិក តាមរយៈអាស័យដ្ឋាន http://www.state.gov/j/tip/rls/tiprpt/2011/164231.htm Viewing by Publication