យុវតីម្នាក់ទៀតត្រូវបានរំលោភបូកអំឡុងពេលបុណ្យចូលឆ្នាំថ្មី

យុវតី​វ័យ​ ២​០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​យុវជន ៤​នាក់​ រំលោភ​សេពសន្ថវៈ​កាល​ពី​សប្ដាហ៍​កន្លង​មក  នៅ​ឯ​ខេត្ត​ព្រះវិហារ ដែល​នេះ​ជា​ករណី​រំលោភ​បូក​ទីពីរ ត្រូវ​បាន​រាយការណ៍​ថា បាន​កើត​មាន​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​មក។

យោង​តាម​កំណត់​ហេតុ​សាក​សួរ​ជន​រង​គ្រោះ​ធ្វើ​ឡើង​ដោយ​មន្ត្រី​អង្កេត​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា យុវតី ស.ត. ជា​កម្មករ​ស៊ី​ឈ្នួល​ដែល​បាន​មក​ស្នាក់​នៅ​ជាមួយ​បង​ស្រី​នៅ​ក្នុង​​ឃុំ​រអាង ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ ត្រូវ​បាន​យុវជន ៤​នាក់ រស់​នៅ​ក្នុង​ភូមិ​ឃុំ​ខាង​លើ ចាប់​រំលោភ​យ៉ាង​ព្រៃផ្សៃ​រហូត​ដល់​សន្លប់​បាត់​ស្មារតី កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៥​កន្លង នៅ​ឯ​វាល​ស្រែ​ចុង​ភូមិ។

នារី​រង​គ្រោះ ត្រូវ​បាន​បង​ថ្លៃ​ស្វែង​រក​ឃើញ និង​បញ្ជូន​មក​សង្គ្រោះ​ និង​ធ្វើ​កោសល្យ​វិច័យ​នៅ​មន្ទីរ​ពេទ្យ​ស្ថិត​នៅ​ទីរួម​ខេត្ត។

របាយការណ៍​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា ជន​ល្មើស​ទាំង ៤​នាក់ មាន​ឈ្មោះ ហេង ចាន់ហុង អាយុ ២៥​ឆ្នាំ, ប៉ុង រី អាយុ ១៦​ឆ្នាំ, នឿន វ៉ាន់ថៃ អាយុ ២៥​ឆ្នាំ និង គង់ ម៉ូត អាយុ ២៨​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចាប់​ឃាត់​ខ្លួន​បាន​ក្រោយ​កើត​ហេតុ ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត រង់​ចាំ​ការ​កាត់​ក្ដី​ពី​តុលាការ។

នេះ​គឺ​ជា​ករណី​រំលោភ​បូក​មួយ​ក្នុង​ចំណោម ២​ករណី​ដែល​បាន​កើត​ឡើង​នៅ​ខេត្ត​ផ្សេង​គ្នា​អំឡុង​ពេល​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កាល​ពី​សប្ដាហ៍​កន្លង​មក។ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៥​កន្លង​មក យុវតី​វ័យ ១៥​ឆ្នាំ​ម្នាក់ នៅ​ខេត្ត​កែប ត្រូវ​បាន​ជន​ល្មើស ៤​នាក់​ បញ្រ្ចក់​ស្រា​រហូត​ដល់​សន្លប់​បាត់​ស្មារតី ហើយ​រំលោភ​សេពសន្ថវៈ​បាន​សម្រេច។

យោង​តាម​របាយការណ៍​របស់​សមាគម​អាហុដ បាន​ឲ្យ​ដឹង​ថា ករណី​រំលោភបូក​ប្រឆាំង​លើ​ស្ត្រី​ភេទ បាន​កើន​ឡើង​ពី ១១​ករណី​នៅ​ឆ្នាំ​២០១៣ ដល់ ១៦​ករណី​នៅ​ឆ្នាំ​២០១៤ ហើយ​ចំនួន​ជន​ល្មើស​បាន​កើន​ឡើង​ទ្វេ​ដង​នៅ​ក្នុង​រយៈ​ពេល​នេះ។ ដោយ​ឡែក​ខេត្ត​ព្រះវិហារ មាន​ករណី​រំលោភ​បូក​លើ​ស្ត្រី​ភេទ ១​ករណី​នៅ​ឆ្នាំ​២០១៤៕