មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តមណ្ឌលគិរី ត្រូវបានអភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍន៍ គំរាមចាប់ដាក់ខ្នោះ ប្រសិនបើសមាគមមួយនេះបន្តរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសិទ្ធិអំណាចសហគមន៍ជនជាតិភាគតិចនៅក្នុងខេត្តនេះ។
លោក សុក រដ្ឋា អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក ស៊ិន វណ្ណវុឌ្ឍន៍ អភិបាលស្រុកកែវសីមា បានគំរាមចាប់ខ្លួនលោក អៀង ម៉េងលី មន្ត្រីសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរី នៅពេលមន្ត្រីសិទ្ធិមនុស្សរូបនេះយកលិខិតមានចំណារពីអាជ្ញាធរខេត្ត ទៅប្រគល់ជូនគាត់។
លោក អៀង ម៉េងលី មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សប្រចាំខេត្តមណ្ឌលគិរី ដែលរងការគំរាមកំហែងពីលោកអភិបាលស្រុកកែវសីមា បាននិយាយថា លោកបានយកលិខិតជូនដំណឹងមួយច្បាប់ប្រគល់ជូនលោក ស៊ិន វណ្ណវុឌ្ឍន៍ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ប៉ុន្តែ គាត់បានប្រគល់ឲ្យមកវិញទាំងកាយវិការទ្រគោះបោះបោក ជាមួយសម្ដីគំរាមកំហែងទៀតផង។
សមាគមការពារសិទ្ធិមនុស្សអាដហុក កាលពីចុងខែមេសាកន្លងមក បានផ្ញើលិខិតមួយច្បាប់ទៅអភិបាលស្រុកកែវសីមា ដោយបានជូនដំណឹងអំពីការបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសិទ្ធិអំណាចសហគមន៍ជនជាតិដើមភាគតិចនៅក្នុងខេត្តនេះនៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ។
ប៉ុន្តែ លោក ស៊ិន វណ្ណវុឌ្ឍន៍ អភិបាលស្រុកកែវសីមា បានចារនៅលិខិតនោះបញ្ជូនត្រឡប់មកវិញ ដោយតម្រូវឲ្យសមាគមអាដហុកស្នើសុំការអនុញ្ញាតពីរដ្ឋបាលខេត្តជាមុនសិន។
សមាគមការពារសិទ្ធិមនុស្សអាដហុក ក៏បានជូនដំណឹងផងដែរអំពីផែនការរៀបចំវគ្គបណ្ដុះបណ្ដាលនោះ ទៅគណៈអភិបាលខេត្តមណ្ឌលគិរីរួចហើយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥កន្លងមក។
សមាគមការពារសិទ្ធិមនុស្សអាដហុក បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសិទ្ធិអំណាចសហគមន៍តាមបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជា ហើយវគ្គបណ្ដុះបណ្ដាលនេះ គ្រោងនឹងរៀបចំធ្វើឡើងនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី១១ និងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ៕