មនុស្សឃាត ដោយចេតនាមិនបានសំរេច កើតឡើងដោយ អធិការប៉ូលិស ក្រុងប៉ោយប៉ែត ឈ្មោះ ស្រី វាសនា

កាលពីថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង ៤ និង ៣០នាទី រសៀល មានករណី មនុស្សឃាត ដោយចេតនាមិនបានសំរេច មួយបានកើតឡើង​ពីសំណាក់ ប៉ូលិសអធិការក្រុងប៉ោយប៉ែត ឈ្មោះ ស្រី វាសនា មកលើប្រជាពលរដ្ឋ ១ នាក់ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

កាលពីថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង ៤ និង ៣០នាទី នៅពេល ដែល លោក ម៉េង ទ្រី អាយុ ៤៤ ឆ្នាំ កំពុងតែកាន់ទុយោបាញ់ទឹក ស្រាប់តែឡាន VIGO មួយគ្រឿងពណ៌ទឹក ប្រាក់ ដែលមានមនុស្សប្រុសចំនួន ០៤នាក់ ស្លៀកពាក់ស៊ីវិល បានបើកឡានមកឈប់ នៅមុខផ្ទះ របស់ លោក ហើយក៏មានមនុស្ស ម្នាក់ បានចុះពីឡាន ហើយបានដកកាំភ្លើង ចេញពីចង្កេះដើរ ចូលមក ជនរងគ្រោះ បានឃើញដូចនេះ បានរត់ចេញពីមុខផ្ទះ ទៅ​ចំហៀងផ្ទះខាងត្បូង ស្រាប់តែ ជនប្រព្រឹត្តបានបាញ់មួយគ្រាប់ ទៅលើជនរងគ្រោះ ពោះពីមុខ ហើយធ្លាយ ចេញមកក្រោយ ដែលបណ្ដាល អោយ​ជនរងគ្រោះដួល នៅនឹងកន្លែង។ ក្រោយពីបាញ់រួច ជនប្រ ព្រឹត្តបានឡើងជិៈម៉ូតូឌុបគេចខ្លួន ។ ចំណែក ក្រុមជនប្រព្រឹត្ត បីនាក់ ផ្សេងទៀត បានចូល​ទៅចាប់ជនរងគ្រោះ ដាក់ខ្នោះហើយចាប់ដាក់លើឡាន VIGO ហើយបាននាំយកទៅ មណ្ឌលសុខភាព  ដីថ្មី ។ ដោយរបួស របស់ ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ ពេក ទើបមន្ទីរ ពេទ្យបង្អែកដីថ្មី បានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ជប៉ុន ដើម្បីសង្គ្រោះជីវិត ។ នៅវេលាម៉ោង ៦ និង ៣០នាទី យប់ មានប៉ូលិសបានមកតាមប្រពន្ធជនរងគ្រោះ ឈ្មោះ អ្នកស្រី អុល សុវណ្ណ អាយុ ២៧ ឆ្នាំ ដល់ផ្ទះ ដោយបានយកអ្នកស្រីទៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ជប៉ុន ដោយ និយាយថា ប្តីរបស់អ្នកស្រី ត្រូវការវះយកក្បាលគ្រាប់កាំភ្លើងចេញពីខ្លួន ។ តែនៅពេលអ្នកស្រីបានទៅដល់មន្ទីរពេទ្យ នោះប្តី របស់អ្នកស្រី ត្រូវបានលោកគ្រូពេទ្យ បានវះកាត់យកគ្រាប់ចេញរួចហើយ ។

បើតាមសាក្សីនៅកន្លែងកើតហេតុ លោក បូរ៉ា មី រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ នៅថ្ងៃកើតហេតុ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង ៤ និង ៤០នាទី រូប គាត់កំពុងតែធ្វើរបាយការណ៍ឆមាសសិស្សនៅខាងមុខផ្ទះ ចំណែក​ជនរងគ្រោះ ម៉េង ទ្រី ភេទប្រុសកំពុងការទុយោ ស្រោចទឹកដីមិនឲ្យហុយ នៅខាងមុខផ្ទះ ស្រាប់តែមានឡាន ២ បាំង១ គ្រឿង បានបើកមកឈប់នៅ​មុខផ្ទះរបស់ជនរង គ្រោះ ។ ឃើញមនុស្សពីរនាក់ចុះពីលើឡាន ហើយ ១ នាក់ទៀត នៅក្នុងឡាន  ។ ជនរងគ្រោះឃើញមនុស្ស២នាក់បាន ចុះមក ហើយជនរងគ្រោះ បានរត់គេចចេញពីកន្លែងនោះមកខាងជើង ហើយចូលតាមដីឡូតិ៍ ដើរទៅខាងក្រោយវិញ នៅពេលនោះមានមនុស្ស ១ នាក់ ស្លៀកពាក់ស៊ីវិលដើរតាមក្រោយ ចំណែក ១ នាក់ទៀតស្លៀកពាក់ស៊ីវិល បានរត់តាម​ មុខផ្ទះរបស់គាត់ទៅខាងខាងជើង ព័ទ្ធតាមផ្លូវខាងកើត ។ មួយ​សន្ទុះ​ស្រាប់តែស្នូរផ្ទុះកាំភ្លើង ១ គ្រាប់ ។ ឃើញជនម្នាក់ ដែលដើរតាមក្រោយជនរងគ្រោះពីមុននោះ បានដើរត្រឡប់មកវិញ ហើយបានរត់តាមឡាន​ទៅខាងត្បូង​ហើយបត់មក ផ្លូវខាងកើតវិញ ចំណែកជនអ្នកប្រព្រឹត្តបានរត់ទៅថ្នល់ ហើយបានហៅម៉ូតូឌុបឡើងជិៈទៅតាមផ្លូវមុខសាលាសង្កាត់  គេចខ្លួនបាត់ទៅ ។ ជនរងគ្រោះត្រូវបានគេបាញ់ ១ គ្រាប់នោះ ត្រូវពោះធ្លាយទៅខាងក្រោយ បានវា ចេញពីកន្លែងថ្លុក ឈាមបានប្រហែល ១៧ ម៉ែត្រ ស្រែកឲ្យគាត់ និង ប្រពន្ធជនរងគ្រោះជួយ ហើយគាត់បំរុងនឹងជួយមានមនុស្សម្នាក់ ដែលរត់តាមឡាននោះ បានឈប់ឡាននៅផ្លូវខាងកើត បានដើរ​ចូលមកយកខ្នោះដាក់ដៃជនរងគ្រោះខាងឆ្វេង ហើយ ចាប់គ្រៀកដាក់ចូលឡាន បើកចេញទៅ ។ នៅពេលនោះ គាត់បានឃាត់ប្រពន្ធជនរងគ្រោះ មិនឲ្យធ្វើអ្វីមួយភ្លាមទេ ដោយសារតែគាត់សំគាល់ថា នោះគឺជាសមត្ថកិច្ច តែមិនដឹងជាសមាសភាពក្រុមណាទេ ។

លោក គៀត ម៉េងហៀង ជាបុគ្គលិកជំនាញផ្នែកវះកាត់ បំរើការងារនៅមន្ទីរពេទ្យ មិត្តភាព កម្ពុជា ជប៉ុន ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ បានមាន​ប្រសាសន៍ថាៈ លោកបានទទួលអ្នករបួស ដោយសារគ្រាប់កាំភ្លើង កាលពីថ្ងៃ ទី ១៥ ខែ កុម្ភៈ ឆ្នាំ២០១៣ ពិតមែន ព្រោះក្នុងពេលនោះត្រូវចំវេន​ប្រចាំការ​របស់លោក ។ អ្នករបួសមានស្ថានភាពធ្ងន់ធ្ងរ ដោយសារតែគ្រាប់កាំភ្លើងបានបាញ់ឆ្លុះពីម្ខាងទៅម្ខាង ដែលក្នុងខ្លួនអ្នករបួស ប៉ៈពាល់៤ កន្លែងសំខាន់ៗ មានត្រូវថ្លើម. ប្រមាត់. ក្រពះ ហើយនិង តម្រងនោម ។ ដូចនេះហើយលោកត្រូវធ្វើការវះកាត់ជាបន្ទាន់ ដើម្បីសង្រ្គោះជីវិត តែក្រោយ ពីវះកាត់រួច គាត់មាន​អាការៈគ្រាន់ធូរស្រាលបន្តិច ហើយចង្វាក់បេះដូងរបស់គាត់មកជាធម្មតាវិញ ។ ចំពោះគ្រាប់ចូល ពីខាងណាមុននោះ លោកមិនបានដឹងទេ ព្រោះលោក​មិនមែន​ជាជំនាញកោលស្យវិច័យនោះទេ ។

ករណីឃាតកម្មមិនបានសំរេច ដោយសម្តថកិច្ច ប៉ូលិស ខាងលើនេះ គ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្ដឹង មកសមាគអាដហុក ខេត្តបន្ទាយមានជ័យ យោងតាមពាក្យបណ្ដឹងរបស់គ្រួសារ ជនរងគ្រោះ សមាគអាដហុកខេត្តបន្ទាយមានជ័យ បានធ្វើសុំអន្តរាគមន៍ ពីតុលាការខេត្តបន្ទាយមានជ័យភ្លាមៗ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ នោះ។ ករណីខាងលើនេះ លោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ផាន់ វ៉ាន់រ័ត្ន បានបញ្ជា​ឲ្យប៉ូលិស​ចុះធ្វើ សាវតាជាតិជនដែលបានប្រព្រឹត្តនោះ ហើយថែមទាំងបើកការស៊ើបអង្កេត ធ្វើបញ្ជូនរបាយការណ៍ជូនមកលោក អំពី សកម្មភាពកើតឡើង​ឈាន​ដល់ ការផ្ទុះអាវុធ បណ្តាលឲ្យមនុស្សរបួសនោះ ។ ក្នុងពេលនេះប៉ូលិសអធិការក្រុងប៉ោយ ប៉ែត កំពុងតែចាត់វិធានការទៅ​លើការបញ្ជា​របស់លោកនេះ។