នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៥ វេលាម៉ោង ១១យប់ នៅភូមិ សាយសាម៉ន ឃុំ ចំណោម ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ ស្ត្រីរងគ្រោះម្នាក់ឈ្មោះ គឹម ហួន ហៅ ច្រឹប អាយុ ៤០ឆ្នាំ ត្រូវបានប្តីឈ្មោះ តឿម សុខ អាយុ ២៥ឆ្នាំ វាយដំដោយប្រើ ដំបងត្រូវចំ ថ្គាមខាងឆ្វេង ស្មារខាងឆ្វេង ដៃខាងឆ្វេង ក្បាល និងយកជើងធាក់ចំចុងដង្ហើម រហូតដល់ស្លាប់នៅនឹងកន្លែងកើតហេតុ នៅវេលាម៉ោង ១២យប់ថ្ងៃ ខែ ឆ្នាំ ដដែល ក្រោយព្រឹត្តិការណ៍វាយដំបានមួយម៉ោង។ មុនឈានដល់ហេតុការណ៍បាត់បង់ជីវិតនេះ គ្រួសាររងគ្រោះតែងកើតមានទំនាស់នឹងគ្នាជាញឹកញាប់នៅពេលប្តីផឹកស្រវឹងម្តងៗ។ ក្នុងថ្ងៃកើតហេតុ ស្ត្រីរងគ្រោះ បានទៅកំដរបុណ្យសពអ្នកជិតខាង មិនបានដំាបាយ ធ្វើអោយជនបង្កហេតុជាប្តី ផឹកស្រារស្រវឹង ពេលមកដល់ផ្ទះមិនឃើញប្រពន្ធដាំបាយ ក៍វាយប្រពន្ធរហូតដល់ស្លាប់ រួចរត់គេចខ្លួនតែម្តង។ដោយមានការជួយប្រឹក្សាផ្លូវច្បាប់ពីសមាគមអាដហុក ខេត្ត បន្ទាយមានជ័យ កូនប្រុសស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងទៅអធិការប៉ូលិសស្រុក និងសមាគមអាដហុកអោយជួយអន្តរាគមន៍ បច្ចុប្បន្នសមាគមអាដហុកកំពុងបន្តតាមដានចំណាត់ការរបស់ប៉ូលិសជាបន្តទៀត។