នៅថ្ងៃទី ២០ ខែ ឆ្នូ ឆ្នាំ ២០១៣ ពលករខ្មែរចំនួន ៥នាក់ រស់នៅភូមិ ត្អូរលំ ឃុំ កំពង់ហៅ ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង ត្រូវបានឃុំខ្លួនក្នុងបន្ទប់មួយចាក់សោរជាច្រើនជាន់ នៅនឹងផ្ទះមួយជាន់ទី៣ លើកោះមួយឈ្មោះ ពេញនិញ ក្នុងប្រទេសម៉ាឡេស៊ី ដោយផ្តល់អាហារបាយផ្អូម តែ១ពេលក្នុង១ថ្ងៃ ដោយអះអាងថា ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុននាំពលករមួយនៅប្រទេសម៉ាឡេស៊ី។
មុនចេញដំណើរទៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៣ មេខ្យល់មកបញ្ចុះបញ្ចូលជនរងគ្រោះដល់ផ្ទះ ដោយប្រាប់ថាទៅធ្វើការនៅប្រទេសម៉ាឡេស៊ីតាមក្រុមហ៊ុនមួយ ទទួលបានតម្លៃ២៥០ដុល្លារក្នុង១ខែ។ ជនរងគ្រោះទាំង៥នាក់បានមកចុះឈ្មោះនៅក្រុមហ៊ុននាំពលករមួយក្នុងប្រទេសកម្ពុជា។ ថ្ងៃទី ១១ និងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៣ ជនរងគ្រោះត្រូវបានមេខ្យល់ដែលអះអាងថា ជាកូនប្រសាប្រធានក្រុមហ៊ុន និងជាភ្នាក់ងាររបស់ក្រុមហ៊ុននាំឆ្លងដែនទៅប្រទេសម៉ាឡេស៊ី តាមប្រទេសថៃដោយប្រើមធ្យោបាយរថយន្ត ។ លុះពេលទៅដល់ប្រទេសម៉ាឡេស៊ីជនរងគ្រោះទាំង៥នាក់ត្រូវបានគេឃុំខ្លួនតែម្តង ព្រោះខ្លាចរត់គេច។ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៣ ជនរងគ្រោះម្នាក់បានមកដល់ប្រទេសកម្ពុជាវិញ ដោយបង់ប្រាក់អោយមេខ្យល់ ១០០០ដុល្លា ៣នាក់ទៀតត្រូវគេបញ្ជូនទៅធ្វើការតាមផ្ទះ និងម្នាក់ទៀតបាត់ខ្លួនមិនដឹងទៅទីណា។
ក្រោយទទួលបណ្តឹង សាកសួរពត៌មានពីជនរងគ្រោះ សាច់ញាតិជនរងគ្រោះ និងធ្វើការស៊ើបអង្កេត សមាគមអាដហុកខេត្ត កំពង់ឆ្នាំងបានអន្តរាគមន៏ទៅ
- ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
- នាយកដ្ឋានប្រឆាំងការជួញដូរ ក្រសួងមហាផ្ទៃ
សមាគមអាដហុក ជំរុញកិច្ចអន្តរាគមន៏ និងតាមដានករណីនេះបន្តទៅទៀត។