ពត៌មាន​ស្តីពី ស្តី្រខ្មែរ​ត្រូវជន​ជាតិថៃ វាយធ្វើ​ទារុណកម្ម និងថត​រូបអាក្រាត​បង្ហោះ

សមាគមអាដហុក មានការរន្ធត់ និងសោកស្តាយ​យ៉ាងខ្លាំង​ដោយសា01

          នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ស្ត្រីខ្មែ​រ​​ម្នាក់ឈ្មោះ ថ.ប ធ.ត អាយុ ៣៣ឆ្នាំ​រស់នៅ​ភូមិ ផាស៊ីស្រា ឃុំ ប្ញស្សី​ក្រោក ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ​ត្រូវបាន​ជនជាតិ​ថៃវាយ​ធ្វើ​ទារុណកម្ម និង​ថតរូប​អាក្រាត​បង្ហោះជា​សាធារណៈ ដោយសារ​តែថៅកែ​បនល្បែង​ជនជាតិ​ថៃចោទ​ប្រកាន់ថា ឃុបឃិត​ជាមួយ​អ្នកចូល​លែង​ល្បែង បង្កល​ក្ខណៈ​អោយ​ភ្ញៀវ​ចូលលេង​ឈ្នះ ព្រោះ​ស្ត្រីរង​គ្រោះជា​អ្នកចែក​បៀរក្នុង​បនល្បែង។

ស្ត្រីរងគ្រោះ ត្រូវបាន​ថៅកែ​បនល្បែង​ជាជនជាតិ​ថៃ ប្រើ​មេការ​ក្នុងបន​ល្បែងចាប់​វាយរហូត​សន្លប់ចេញ​ឈាមតាម​រន្ធត្រចៀក ហើយ​ប្រពន្ធ​ថៅកែបន​ល្បែងបាន​យក​កន្ត្រៃកាត់​     សំរាត​ខោអាវ​ជនរង​គ្រោះចេញ រួចយក​ទូរសព្ទ័​ថតរូប​អាក្រាត​នៅចំពោះ​មុខបុគ្គលិក​ដទៃទៀត​ទុកជាការ​ព្រមាន​កុំអោយ​យកតម្រាប់​តាម។

ស្ត្រីរង​គ្រោះ​ត្រូវបន្ត​ឃុំខ្លួន​ដើម្បីសួរ​ចម្លើយ​ក្នុងបន​ល្បែងពី​ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៣ រហូត​ដល់ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៣  ទើប​ដោះលែង ។

មុនចេញ​ទៅ​ប្រទេសថៃ ស្ត្រីរងគ្រោះ​ធ្វើការ​ក្នុងកាស៊ីណូ ហូលីដេ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រទេសកម្ពុជា ក្រោយ​ពីបញ្ឈប់​ការងារ​ក្នុងកាស៊ីណូ ស្ត្រីរងគ្រោះ​បានចេញ​ទៅប្រទេសថៃ​ធ្វើការ​ក្នុងបនល្បែង​ខាងលើ​បានរយះពេល ៨ខែទើបកើត​មានអំពើ​ទារុណកម្ម និង​ថតរូប​អាក្រាត​តែម្តង។

កិច្ចអន្តរាគមន៏ៈ02

ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៣ ឈ្មោះ ថាប់ គីមលី ជាបង​ស្ត្រីរងគ្រោះ បានទទួល​ដំណឹងនូវ​អំពើ​ទារុណកម្ម និង​ថតរូប​អាក្រាត​លើស្ត្រី​រងគ្រោះ ពីឈ្មោះ ស្រីធំ​ស្នាក់នៅ​ប្រទេសថៃ​ដែលផ្តល់​ពត៌មាន​​តាមទូរសព្ទ័ ក្រោយពី​ឃើញ​រូបភាព​អាក្រាត​របស់ស្ត្រី​រងគ្រោះ​ត្រូវ​គេបង្ហោះ​ជា​សាធារណៈ។

ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៣ ថាប់ គីមលី បងស្ត្រីរង​គ្រោះ ជួប​តំណាង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេសថៃ​អោយជូយ តែត្រូវ​បានតំណាង​ស្ថានទូត​កម្ពុជា ផ្តល់​លេខទូរសព័្ទ NGOs នៅប្រទេសថៃ រួចប្រាប់បង​ជនរងគ្រោះ​អោយទៅ​រកគេជួយ ខាងស្ថានទូត​ពិបាក​ដោយសារ​ពុំមាន​ទីកន្លែង​ច្បាស់លាស់។

ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៣ បងស្ត្រី​រងគ្រោះ ជួប អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ់​ប្រទេសថៃ និងNGOs នៅថៃ ប្រាប់ពី​ទីកន្លែង​របស់ជនរង​គ្រោះ​ដែលគាត់​បានស៊ើប​ដឹង តែត្រូវ​បានទូត​កម្ពុជា​ប្រចាំប្រទេស​ថៃ និង NGOs ប្រាប់ថា គេចង់​បានទីកន្លែង​ច្បាស់លាស់។

ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៣ សមាគមអាដហុក បានទទួល​បណ្តឹងពីឈ្មោះ ឆុំ សុភាព បងថ្លៃ​ស្ត្រីរងគ្រោះ។

ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៣ សមាគមអាដហុក បានជួប​អន្តរាគមន៏ដោយៈ

  • ជួបជា​មួយស្នង​ការនគរ​បាលប៉ូលិស​ខេត្ត​បន្ទាយមានជ័យ។
  • អន្តរាគមន៏​ទៅ ប្រធាន​ការិយាល័យ​ព្រំដែន​ក្រុង​ប៉ោយប៉ែត។
  • អន្តរាគមន៏​ទៅអគ្គ​កុងស៊ុល​ខ្មែរប្រចាំ​ប្រទេសថៃ។
  • អន្តរាគមន៏ទៅ អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេសថៃ។

ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៣ វេលាម៉ោង ៤ល្ងាច តំណាង​ស្ថានទូត​កម្ពុជា និង NGOs នៅ​ប្រទេសថៃ បានជូន​បងជន​រងគ្រោះ​ទៅដាក់​ពាក្យបណ្តឹង​នៅប៉ូលិស​ជួញដូរ​ប្រទេសថៃ ក្រោយ​ពេលមាន​កិច្ចអន្តរាគមន៏ និង​ផ្តល់ពត៌មាន​ពីសមាគមអាដហុក។

ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៣ តំណាង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេសថៃ និងNGOs បាន​ជួបជា​មួយថៅ​កែបន​ល្បែង បន្ទាប់​ពីថៅកែ​បនល្បែង​ទូរសព្ទ័​មកបង​ស្ត្រីរង​គ្រោះដើម្បី​ណាត់ជួប ។ ពេលជួប​ដោះស្រាយ​ថៅកែ​បនល្បែង​មិនព្រម​ដោះលែង​ស្ត្រីរង​គ្រោះទេ ដោយ​ចោទថា​ស្រ្តីរង​គ្រោះ​ឃុបឃិត​ធ្វើអោយ​បាត់លុយ​១០លាន​បាត តែ​ដោយ​មានការ​បង្ហាញ​រូបភាព​ធ្វើទារុណកម្ម​ពីតំណាង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃដល់​ថៅកែបន​ល្បែង ទើប​ថៅកែ​បនល្បែង​ព្រមដោះ​លែងស្ត្រីរង​គ្រោះនៅ​ថ្ងៃ​ដដែល​នោះតែម្តង។

ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៣ ស្ថានទូត​កម្ពុជា​ប្រចាំប្រទេសថៃ និងNGOs បានជូន​ជនរង​គ្រោះមក​ប្រទេសកម្ពុជា​វិញ តាមច្រក​ប៉ោយប៉ែត។

បច្ចុប្បន្ន​ស្ត្រីរង​គ្រោះ​បានមកដល់​ប្រទេសកម្ពុជា រស់នៅ​ក្នុងស្ថាន​ភាពភ័យ​ខ្លាច តក់ស្លុត​ជាខ្លាំង ក្នុងពេល​ដែលជន​ប្រព្រឹត្តជាតិ​ថៃកំពុង​រស់នៅ​ដោយមាន​សេរីភាព​ពេញលេញ មិនទាន់​មានស្ថាបន័ ឬអាជ្ញាធរ​មានសមត្ថ​កិច្ចណា​ចាត់វិធាន​ការ​ផ្លូវច្បាប់​លើពួក​គេនៅឡើយ។

សន្និដ្ឋាន ស្រ្តីរង​គ្រោះត្រូវ​ទទួល​រងការ​ធ្វើទារុណកម្ម និង​ថតរូប​អាក្រាត​បង្ហោះ​ជាសាធារណៈ ដែលនាំ​អោយមាន​ការឈឺចាប់ និង​ប៉ះពាល់​ដល់កិត្តិយស​យ៉ាងខ្លាំង ដែលជន​ប្រព្រឹត្ត​ត្រូវតែ​ទទួលទោស​តាមច្បាប់ មិនអាច​អត់អោន​បានឡើយ សមាគមអាដហុក​បន្តជំរុញ​កិច្ច​អន្តរាគមន៏ និងតាម​ដាន​ចំណាត់​ការត​ទៅទៀត។