តុលាការសៀមរាបដំណើរការសវនការជម្លោះដីធ្លី

11350024_497945277023877_1741673158_nតុលាការ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ បាន និង​កំពុង​ដំណើរការ​សវនការ​ជម្រះ​ក្ដី​លើ​ប្រជា​ពលរដ្ឋ ២​រូប ដែល​ជាប់​ចោទ​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ដ៏​ចម្រូង​ចម្រាស់​មួយ​ជាមួយ​សហគមន៍​តាខ្មៅ ដែល​កាន់​កាប់​ដោយ​ជន​ជាតិ​វៀតណាម។

លោក បឿន សុខ និង​លោក វ៉ែន ឡន ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​សៀមរាប​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៥ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន តាម​បណ្ដឹង​របស់​សហគមន៍​តាខ្មៅ ដែល​កាន់​កាប់​ដី​ជាង ៤០០​ហិកតា​នៅ​ក្នុង​ខេត្ត​នេះ។ ការ​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ចាត់​ទុក​ថា ធ្វើ​ឡើង​ខុស​នីតិវិធី​ច្បាប់។

លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាហុក ដែល​បាន​ចូល​រួម​ឃ្លាំ​មើល​សវនការ​ដោយ​ផ្ទាល់ បាន​ឲ្យ​ដឹង​ថា សវនការ​ដែល​មាន​លោកចៅក្រម កុយ សៅ ជា​ប្រធាន​អង្គ​ជំនុំ​ជម្រះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​សាធារណៈ ដោយ​មាន​ការ​ចូល​រួម​ឃ្លាំ​មើល​ពី​សំណាក់​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​សារព័ត៌មាន។

លោក​បន្ថែម​ថា សវនការ​ដែល​បន្ត​ធ្វើ​ឡើង​នៅ​រសៀល​ម៉ោង ៣​ថ្ងៃ​ដដែល​នេះ គឺ​ជា​ការ​ស្ដាប់​ការ​បក​ស្រាយ​របស់​មេធាវី​ចុង​ចោទ បន្ទាប់​ពី​ការ​បក​ស្រាយ​របស់ភាគី​ព្រះ​រាជ​អាជ្ញា បាន​បញ្ជាប់​នៅ​ក្នុង​សវនការ​កាល​ពី​ព្រឹក​ថ្ងៃ​តែ​មួយ​នេះ។

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ បាន​ចាត់​ទុក​សវនការ​ដោយ​ចំហរ​នេះ ជា​គំរូ​សម្រាប់​ស្ថាប័ន​តុលាការ​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ជា​ច្រើន ដែល​រង​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព និង​ដី​ធ្លី​ពី​សំណាក់​បុគ្គល​មាន​អំណាច និង​មាន​ទ្រព្យ​សម្បត្តិ៕