កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ក្រុមការងារអង្គការអាដហុក រួមមាន អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រ្តី កុមារ និងដោះស្រាយទំនាស់ លោក នី សុខា មន្ត្រីកម្មវិធីដោះស្រាយទំនាស់ក្រៅប្រពន្ធ័តុលាការ អ្នកស្រី ធីម ណារីន អ្នកសម្របសម្រួលខេត្តកំពង់ចាម និង លោក សំ ចន្ទ័គា អ្នកសម្របសម្រួលខេត្តកំពង់ឆ្នាំង បានធ្វើដំណើរទស្សនៈកិច្ចសិក្សាទៅកាន់ ប្រទេសឥណ្ឌូនេស៊ី កោះស៊ូម៉ាត្រា (ខេត្តឡាំពូង) ។ ទស្សនៈកិច្ចសិក្សានេះមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់១៥ ខែធ្នូ ឆ្នាំ២០១៤ ក្រោមជំនួយឧបត្ថម្ភរបស់សហភាពអឺរ៉ុប (EU) តាមរយៈ CCFD គោលបំណងដើម្បីស្វែងយល់អំពីយុទ្ធសាស្រ្តនៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ របស់គណៈកម្មការថ្នាក់ជាតិថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់អនុស្រុក និង ថ្នាក់ភូមិ ព្រមទាំងប្រមើមើលអំពីនិរន្តភាពនៃសហគមន៏។
បន្ទាប់ពីជួបពិភាក្សា និង ទទួលបាននូវបទបង្ហាញពី គណៈកម្មការខេត្តឡាំពូង អនុស្រុករីជោ ភូមិទឹក និងក្រុមអង្គការ NGOs រួចមកជារួមយើងមានការចាប់អារម្មណ៏លើយុទ្ធសាស្រ្តការងាររបស់ពួកគេធំៗបួនគឺៈ
1- ការរៀបចំឆ្លើយឆ្លងតាមប្រព័ន្ធអ៊ីនធឺណេត សំរាប់ដោះស្រាយរាល់សំណូមពរផ្សេងៗ របស់ពលរដ្ឋ ពិសេសទាក់ទងសេវាកម្មសាធារណៈ។
2- ការបង្កើតវេទិការដោះស្រាយទំនាស់ដោយផ្ទាល់រវាងបុគ្គល និង បុគ្គល ។
3- ឯការដោះស្រាយវិវាទរវាងពលរដ្ឋ និង ក្រុមហ៊ុន ពលរដ្ឋ និង រដ្ឋ ភាគច្រើនគេប្រើយុទ្ធសាស្រ្តចរចា និង តស៊ូមតិ ។
4- ការរៀបចំឲ្យមានតំណាងពលរដ្ឋ សំរាប់ចូលរួមធ្វើកំណែទំរង់គោលនយោបាយជាតិធំៗ ជាដើម ។
ចំពោះបញ្ហានិរន្តភាពការងារ យើងសង្កេតឃើញថា អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាគណៈកម្មការដោះស្រាយទំនាស់នៅគ្រប់លំដាប់ថ្នាក់ ពួកគេភាគច្រើនជាអ្នកធ្វើការងារស្ម័គ្រចិត្ត ដោយមិនមានប្រាក់ខែ ប៉ុន្តែគេមានថវិការសំរាប់ពេលចុះធ្វើសកម្មភាព ដែលថវិការទាំងនោះពួកគេទទួលបានមួយចំណែកពីគំរោងរបស់រដ្ឋាភិបាល និង មួយចំណែកទៀតបានមកពីកម្មវិធីឥណទានរបស់ពួកគេផ្ទាល់។