អ្នកភូមិជនជាតិភាគតិចចំនួន ៥១គ្រួសារនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ បានបដិសេធទៅនឹងសំណើរផ្លាស់ប្ដូរទីតាំង ដែលស្នើឡើងដោយអាជ្ញាធរមូលដ្ឋាន ក្នុងបំណងបញ្ចប់ជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន VARANASY Co., Ltd។
យោងតាមលោក សុក រដ្ឋា អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក យឹម លុច អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ ៥១គ្រួសារ ក្នុងវេទិកាសាធារណៈមួយកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ ថា ដើម្បីបញ្ចប់ជម្លោះដីធ្លី ៣៥០ហិចតាជាមួយក្រុមហ៊ុន VARANASY Co., Ltd ប្រជាពលរដ្ឋទាំងអស់ នឹងត្រូវស្នើឲ្យផ្លាស់ប្ដូរទៅទីតាំងថ្មី។
មន្ត្រីសិទ្ធិមនុស្សដដែលនេះ បានឲ្យដឹងថា ទោះជាយ៉ាងណា ក្រុមអ្នកភូមិបានបដិសេធដាច់អហង្ការចំពោះសំណើរបែបនោះ និងស្នើសុំដកដើមកៅស៊ូចោល ប្រសិនបើពុំមានសំណងសមរម្យសម្រាប់ពួកគាត់។
យោងតាមរបាយការណ៍របស់សមាគមអាដហុក បានឲ្យដឹងថា ជម្លោះដីធ្លីរវាងអ្នកភូមិជនជាតិភាគតិច និងក្រុមហ៊ុនកាន់កាប់ដោយជនជាតិបារាំងមួយនេះ បានផ្ទុះឡើងនៅឆ្នាំ២០១០ ហើយគ្មានដំណោះស្រាយណាមួយកើតឡើងរហូតមកដល់សព្វថ្ងៃនេះ៕