នៅ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១ វេលាម៉ោង ១១ ព្រឹក មានមនុស្ស ៣នាក់ ប្រដាប់ដោយ កាំភ្លើងវែង ម៉ាកអាកាស្វ័យបត់ មួយដើម និងមានម្នាក់ ស្លៀកពាក់ឯកសណ្ឋាន ជាយោធា បានធ្វើ ការឃាត់ខ្លួន មន្រ្តីសិទ្ធិមនុស្ស ២នាក់ គឺ លោក យី សុខសាន្ត និង លោក អ៊ូច ឡេង ជាមន្ត្រីសិទ្ធិមនុស្ស អាដហុក ស្នាក់ការកណ្ដាលភ្នំពេញ លោក ចាន់ សុជាតិ ជាមេធាវី របស់អង្គការ CLEC អាជ្ញាធរមូលដ្ឋាន ចំនួន ៣នាក់ មានលោក ហាត់ ម៉ូត ជាមេភូមិមានជ័យ លោក សៅ សារ៉ុម ជាសមាជិកក្រមប្រឹក្សាឃុំស្រែចារ និង លោក ព្រៃ គឹមសុន ជាសមាជិកក្រុមប្រឹក្សា ស្រុកស្នួល និងប្រជាពលរដ្ឋដែល ទទួលរងផលប៉ះពាល់ ក្នុងករណីទំនាស់ដីធ្លី នៅក្នុងឃុំស្រែចារ ចំនួន ២៣នាក់ ដោយគ្មានដីកាពីតុលាការ នៅពេលដែលមន្រ្តី និង ប្រជាពលរដ្ឋទាំងអស់នោះ កំពុង ធ្វើសកម្មភាព វាស់វែងដីទំនាស់ យោងតាមការឯកភាពរវាង អង្គការសង្គមស៊ីវិល និង សាលាខេត្ត ក្រចេះ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១១ ដោយមានការឯកភាពពី អនុប្រធានមន្ទីសុរិយោដីខេត្តក្រចេះ។
សូមបញ្ចាក់ថា ករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ នៅឃុំ ២ធ្នូរ និង ឃុំស្រែចារ ជាមួយ នឹងក្រុមហ៊ុន CIV បានកើតឡើងនៅក្នុងឆ្នាំ២០០៨ ដោយសារការផ្ដល់សម្បទានដីសេដ្ឋកិច្ច ដោយអាជ្ញាធរខេត្ត ចំនួន១,០០០ ហិកតា ដែលជាដីសហគមន៏ និងដីប្រជាពលរដ្ឋ ផ្ទាល់ខ្លួនខ្លះ នៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ក្រោយពីទំនាស់បានកើតឡើងជាបន្តបន្ទាប់មក ប្រជាពលរដ្ឋ ក៏បានដាក់ពាក្យបណ្ដឹង ទៅអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប៉ុន្តែមិនទាន់មានការដោះស្រាយ។ ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋក៏បានដាក់ពាក្យបណ្ដឹង មកសមាគ អាដហុក ដើម្បីសុំអោយមានការដោះស្រាយតាមផ្លូវច្បាប់។ ក្រោយពីបានទទួល ពាក្យបណ្ដឹងពី ប្រជាពលរដ្ឋ សមាគអាដហុក ក៏បានព្យាយាមរកវីធីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយឈរលើមូលដ្ឋានដោះស្រាយទំនាស់ ដោយអហិង្សា រហូតមានការឯកភាពពី អាជ្ញាធរ អោយធ្វើការវាស់ រកផ្ទៃដីដែលមានទំនាស់ អោយបានត្រឹមត្រូវ។
ផ្ទុយទៅវិញ នៅពេលដែលក្រុមការងារ កំពុងធ្វើការវាស់វែងដីទំនាស់ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១ ក៏មានកងកំលាំង ៣នាក់ ដែលម្នាក់ មានឯកសណ្ឋានជាទាហាន មានកាំភ្លើងអាកា មាន ឈ្មោះ រុន ឬ ហៀប ភារុន ប្រចាំការអចិន្ត្រៃយ៏នៅក្នុងក្រុមហ៊ុន CIV ដើរមកគំរាមកំហែង អ្នកភូមិជាម្ចាស់ដី និងធ្វើការឃាត់ខ្លួនមន្ត្រីសិទិ្ធមនុស្ស តាមបញ្ជាពីថ្នាក់លើតាម ទូរស័ព្ទ។ នៅក្នុងព្រឹកនោះ យើងឃើញមានវត្តមានលោក ចិន ហុងស្រ៊ី ជាមេការក្រុមហ៊ុន និង អតីតជានាយរងខុទ្ទការល័យសាលាខេត្តក្រចេះ បានបើកឡានស្ទាក់ផ្លូវ រារាំងមិនឲ្យក្រុម សិទ្ធិមនុស្សចាកចេញពីបរិវេណដីទំនាស់ លុះត្រាតែមានការធានា លោះខ្លួនពីអាជ្ញាធរខេត្ត។
ការឃាត់ខ្លួនមន្ត្រីសិទិ្ធមនុស្ស និងអាជ្ញាធរមូលដ្ឋាន ក្នុងការបំពេញបេសកកម្ម ដោយមានការប្រើប្រាស់យោធា ដែលជាកម្លាំង សន្តិសុខជាតិ ដោយក្រុមហ៊ុនឯកជន តាមអំពើចិត្ត បាន បង្ហាញអោយឃើញថា កម្លាំងសន្តិសុខជាតិ ត្រូវស្ថិតនៅក្នុងដៃក្រុមហ៊ុនឯកជន ម៉្យាងវិញទៀត ការផ្ដល់សិទ្ធិអោយក្រុមហ៊ុនឯកជន ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដោយសេរីនេះ គឺជាការរារាំង ដល់ដំណើរការ ការដោះស្រាយទំនាស់តាមផ្លូវច្បាប់ និងដោយអហិង្សា ដែលជាអំពើផ្ទុយ នឹងច្បាប់។
សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវ ដល់រាជរដ្ឋាភិបាល កម្ពុជា មេត្តាចាត់វិធានការ ផ្លូវច្បាប់ ដើម្បីទប់ស្កាត់ ដល់ក្រុមហ៊ុន CIV អោយបញ្ឈប់ការប្រើប្រាស់ កម្លាំងប្រដាប់ អាវុធរបស់ជាតិតាមអំពើចិត្ត និង មានវិធានការដោះស្រាយទំនាស់ដីធ្លីខាងលើនេះ ជូនប្រជា ពលរដ្ឋ អោយបានយុត្តិធម៌។
ព័ត៌មានបន្ថែម ទំនាទំនង៖
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត សមាគអាដហុក ០១១ ២៧ ៤៩៥៩
លោក ចាន់ សូវ៉េត អនុប្រធានផ្នែកស៊ើបអង្កេត សមគម អាដហុក ០១៦ ៩៣៧ ៥៩១