ការស្វែងយល់ពី ប្រសិទ្ធភាពក្នុង ការអនុវត្តន៍ ឧបករណ៍ដោះស្រាយ ក្រៅប្រព័ន្ធតុលាការ

ក្រោមជំនួយ​ឧបត្ថម្ភពី​សហភាពអឺរ៉ុប (EU) និងអុកស្វាមណូវីប (Oxfam Novib) នៅក្នុងរយៈពេល ​ប្រាំមួយខែដើមឆ្នាំ២០១៣ នេះ ផ្នែកដោះស្រាយ ទំនាស់​ក្រៅប្រពន្ធ័​តុលាការ​នៃ​ស​មាគមអាដហុក បានប្រើប្រាស់​​នូវ​ឧបករណ៏​ទាំង​២៣ ដែលជា​ជំនួយ​​បច្ចេកទេស​របស់​​សាកលវិទ្យាល័យ​ទីលប័ក មកធ្វើ​ការដោះស្រាយទំ​នាស់​​​តូចតាច​ជូនប្រជាពលរដ្ឋ​​បានចំនួន​៧៩ករណីរួមមានៈ

ដីធ្លី១៩​ករណី កិច្ចសន្យា៦ករណី មត៌ក២ករណី អាពាហ៍ពិពាហ៍​៧ករណី ទំនាស់​ទ្រព្យសម្បត្តិ​២ករណី ការដាំដើម​ ឈើក្បែររបង​១ករណី ការប្រើប្រាស់ ផ្លូវសាធារណៈ​៤ករណី ទំនាស់ពាក្យ សំដី​៩ករណី ទំនាស់ក្មេងៗ​ស្រឡាញ់គ្នា ១ករណី និង ផ្សេងៗ១ករណីក្នុងនោះ​មាន ​៥៨ករណី​ ដោះស្រាយបានជោគជ័យ ដោយគូភាគីយល់ព្រម​ចុះកិច្ចព្រមព្រៀងបញ្ចប់ទំនាស់ ។

IMG_5209

        ដូច្នេះដើម្បីធ្វើការ​ស្វែងយល់​បន្ថែមទៀតអំពី​ឧបករណ៍នោះ ទើបនៅថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៣ លោក Robert Porter និងអ្នកស្រី Corry van Zeelandអ្នកជំនាញមក ពីសាកលវិទ្យាល័យធីលប័ក ប្រទេសហូឡង់ដ៍ បានធ្វើការចុះជួប​សម្ភាសន៍អតីតភាគី​ទំនាស់ចំនួន​១៥នាក់ នៅខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដែលកន្លងមកធ្លាប់​បានមករក​​សមាគមអាដហុក​ឲ្យជួយដោះស្រាយ ។ ក្នុងការជួប​សម្ពាសន៍នោះ រួមមានភាគីទំនាស់​ផ្សេងៗគ្នា​ដូចជា៖  ទំនាស់ក្នុងគ្រួសារ ទំនាស់ផ្លូវដើរ កិច្ចសន្យា(ជំពាក់ប្រាក់) ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​(កាប់របង) និងទំនាស់គ្រូដាក់ទណ្ឌកម្មសិស្ស ។  

        ជាទូទៅ ព័ត៌មានសំខាន់ៗ​ដែលយើងបានទទួល​ពីការធ្វើសម្ភាសន៍រួមមានៈ (១)ភាគីភាគច្រើនគេ​ស្គាល់​សមាគមអាដហុក​តាមរយៈវគ្គផ្សព្វផ្សាយ (២)មូលហេតុធ្វើឲ្យពួកគេ​មករកសមាគមអាដហុក មកពីគេគិតថា​សមាគមនេះ អព្យាក្រឹត មានយុត្តិធម៌មិនលំអៀង និង ជួយដោះស្រាយមិន​យកលុយ (៣)ករណីជាទូទៅ​សុទ្ធសឹងត្រូវ បានឆ្លងកាត់​ការដោះស្រាយរបស់​អាជ្ញាធរភូមិឃុំ មុនមកដល់អាដហុក (៤)ពួកគេចូលរួម​ធ្វើការ​សម្រុះ​សម្រួល​ដោយ​ស្មគ្រ័ចិត្ត (៥)នៅក្នុងដំណើរ​ការ​សម្រុះសម្រួល ភាគី ទាំងពីរមាន​សិទ្ធិ​​​និយាយ​ស្មើៗគ្នា​ស្របតាមវិធានផ្ទៃក្នុង (៦)កិច្ចព្រមព្រៀងពិតជា​កើតឡើងដោយឆន្ទៈ របស់​ភាគី (៧)ការដោះស្រាយកន្លងមក ពួកគាត់ពុំដែលបានទទួល​ការលើកទឹកចិត្ត និងការពន្យល់ ច្បាស់លាស់​ពីផលលំបាកនានា ដូចខាងសមាគមអាដហុកទេ និង (៨)នៅពេលដែលឭសំណួរថា បើថ្ងៃក្រោយមានបញ្ហា តើអាច​ដោះស្រាយ​បាន​ដោយខ្លួនឯងទេ  មានភាគីតិចតួចណាស់​ ដែល​ឆ្លើយថាពួកគាត់​នឹងព្យាយាមដោះស្រាយ ក្រៅពីនោះនៅតែសុំ​ឲ្យអាដហុកជួយដដែល   ។ ប៉ុន្តែទោះ ជាបែបនេះក្តី តាមរយៈ​នៃការធ្វើសម្ភាសន៍​ដដែលនេះ យើងក៏ឃើញមាន​ភាគីមួយចំនួនតួច បានសំដែងពីភាពមិន​សូវពេញចិត្តចំពោះកិច្ចព្រមព្រៀង ដោយយល់ថា គេបាត់បង់ផលប្រយោជន៍ ។

IMG_5174

        បន្ទាប់មកនៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែ ឆ្នាំដដែល អ្នកជំនាញ​សកលវិទ្យាល័យធីលប័ក បានបន្តជួបជាមួយបុគ្កលិក អ្នកអនុវត្តការងារ​ADR របស់​សមាគមអាដហុក នៅទីស្នាក់ការកណ្តាល និង មកពីតាមខេត្តក្រុង សរុប២៣នាក់ ដើម្បីធ្វើការឆ្លុះបញ្ចាំង​ពីលទ្ធផលដែលបាន​រកឃើញ និង ធ្វើការពិភាក្សា​អំពី​ភាពវិជ្ជមាន និង អវិជ្ជមាននៃឧបករណ៍ ព្រមទាំងរកវិធីសាស្រ្ត​សំរាប់ដោះស្រាយ។ លទ្ធផលជាទូទៅ​បានរកឃើញពីភាព​វិជ្ជមានជាច្រើន ពិសេសឧបករណ៍ទាំង​២៣មានការប្រទាក់​​ក្រឡាគ្នា អាចជួយជាមធ្យោបាយ​ច្រើនដល់អ្នក​សម្រុះសម្រួល ។ ចំពោះភាពអវិជ្ជមាន​វិញ ក៏បាន​ត្រូវរក​ឃើញនៅក្នុង​ឧបករណ៍ខ្លះៗ រួចក៏បានរកវិធីសាស្រ្ត​ដោះស្រាយហើយដែរ ។ ប៉ុន្តែមានបញ្ហា​​សំខាន់ៗបួន ដែលបាន​​រ​​កឃើញ និងគួរឲ្យចាប់​អារម្មណ៍ ហើយពុំមាន​សរសេរក្នុងឧបករណ៍គឺៈ (១)ការសម្រុះ​សម្រួលមាន​ការចូលរួម​ឲ្យ​យោបល់ពីអាជ្ញាធរ (២)ការសម្រុះសម្រួល​មានភាគីពាក់ពន្ធ័​ចូលរួមច្រើន (៣)ការសម្រុះសម្រួល​​មានការចូលរួម​បំភ្លឺ​ពីសាក្សី និង (៤)ការសម្រុះសម្រួល​មានភាគី​ទំនាស់ច្រើន និង មានអ្នកសម្រុះ​​សម្រួល​ច្រើន ។

 

        នៅចុងបញ្ចប់នៃកិច្ចពិភាក្សា សមាជិកទាំងអស់បានឯកភាពគ្នា នឹងយកអ្វីដែលបានរកឃើញ ទៅធ្វើការកែលំអ​ឧបករណ៍ទៅថ្ងៃមុខ ជាពិសេស​បញ្ហាសំខាន់ៗបួន​ ដែលគ្មាន​ក្នុង​​ឧបករណ៍ ទាំង២៣​​នោះ ។

111