កម្មការិនី​ប្រហែល​៥០០​នាក់​តវ៉ា​មុខ​ក្រសួង​ការងារ

កម្មការិនីរោងចក្រអេឃីនថិច​នៅ​មុខ​ក្រសួង​ការងារ
កម្មការិនីរោងចក្រអេឃីនថិច​នៅ​មុខ​ក្រសួង​ការងារ

កម្មការិនី​ប្រហែល ៥០០​នាក់​មក​ពី​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​អេឃីនថិច ស្ថិត​នៅ​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា និងវឌ្ឍនៈ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៥ ដោយ​បាន​ទាម​ទារ​លក្ខខណ្ឌ​ការងារ ៩​ចំណុច ក្នុង​នោះ​មាន​ទាំង​ប្រាក់​អតីតភាព​ការងារ។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ តំណាង​ឲ្យ​កម្មការិនី​ទាំង​នោះបាន​ឲ្យ​ដឹង​ថា ការ​តវ៉ា​របស់​ក្រុម​កម្មការិនី​រោងចក្រ​អេឃីនថិច បាន​ផ្ទុះ​ឡើង​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា​កន្លង​មក ដើម្បី​ទាម​ទារ​ប្រាក់​ចំណាច់​អតីត​ភាព​ការងារ​របស់​ពួកគាត់ និង​លក្ខខណ្ឌ​ការងារ​ដទៃ​ទៀត។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា តំណាង​កម្មការិនី​ជាង ១០​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ពិភាក្សា​ជាមួយ​ភាគី​ក្រសួង និង​ភាគី​ថៅកែ​រោងចក្រ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ចប់​ការ​តវ៉ា​នេះ។

រោងចក្រ​អេឃីនថិច ដែល​មាន​ថៅកែ​ជា​ជន​ជាតិ​សិង្ហបុរី និង​មាន​កម្មករ​កម្មការិនី​សរុប​ប្រហែល ១៥០០​នាក់ ធ្លាប់​បាន​ទូទាត់​ប្រាក់​អតីត​ភាព​ដល់​កម្មករកម្មការិនី​ម្ដង​រួច​មក​ហើយ​កាល​ពី ៥​ឆ្នាំ​មុន៕