ជារឿយៗ ទំនាស់តែងកើតឡើយដោយសារតែការមិនយល់គ្នា រវាងមនុស្សពីរនាក់ ឬ ច្រើននាក់ ចំណែកឯការដោះស្រាយវិញ ក៏មានការលំបាកដែរ ប្រសិនបើពួកគេទាមទារយកឈ្នះតែរៀងៗខ្លួន ប៉ុន្តែពុំ មែនមានន័យថា មិនអាចដោះស្រាយបាននោះទេ ។ ជាក់ស្តែង ដូចករណីទំនាស់ដណ្តើមកេរមរតកដ៏រ៉ាំរ៉ៃមួយ រវាងកូនស្រីឈ្មោះ ម៉ាម៉ុន គឹមសួរ អាយុ៣៣ឆ្នាំ មុខរបរជាកម្មកររោងចក្រ ប្រទេសកូរ៉ មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល និង ម្តាយចុងឈ្មោះ វ៉ែន អេង អាយុ៦៣ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា បន្ទាប់ពីលោក ម៉ា ម៉ុន ត្រូវជាប្តី និង ជាឪពុកបានស្លាប់កាលពីឆ្នាំ២០០៩ ហើយបន្សល់ទុកនូវទ្រព្យសម្បត្តិមាន ផ្ទះ និង ដីចំការ ដែលមិនទាន់បានបែងចែកគ្នាឲ្យដាច់ស្រេច ។
យោងតាមការស្រាវជ្រាវរបស់សមាគមអាដហុកខេត្តកណ្តាល បន្ទាប់ពីបានទទួលពាក្យស្នើសុំសម្រុះសម្រួលរបស់ភាគីទាំងពីរឃើញថា៖ ទំនាស់នេះ កើតឡើងតាំងពីខែ វិច្ឆិកា ឆ្នាំ២០១២ មកម្ល៉េះ គឺនៅបន្ទាប់ពី នាង គឹមសួរ ទទួលព័ត៌មានថា ម្តាយចុង របស់នាងឈ្មោះ វ៉ែន អេង បានចុះបញ្ជី ធ្វើប័ណ្ណកម្មសិទ្ធិ ផ្ទះ និង ដីចំការទាំងអស់ ដាក់ឈ្មោះតែម្នាក់ឯង ។ ដោយមិនសុខចិត្ត នឹងទង្វើលោភលន់ របស់ម្តាយចុងខ្លួន គឹមសួរ ក៏បានដាក់ពាក្យប្តឹងទៅ អាជ្ញាធរ ភូមិ ឃុំ ដើម្បីឲ្យជួយ អន្តរាគមន៍ទប់ស្កាត់ ការចុះបញ្ជី តែដោយអាជ្ញាធរពេលនោះ មិនបានអើពើ ទើបនៅថ្ងៃទី១៥ ខែ ១២ ឆ្នាំ២០១២ គឹមសួរ បានសម្រេច ដាក់ពាក្យបណ្តឹង ទៅសាលាដំបូង ខេត្តកណ្តាល ដើម្បីទាមទារសិទ្ធិគ្រប់គ្រង ដោយនាងសំអាងថា ទ្រព្យសម្បត្តិទាំងអស់នោះ ជាកេរមតករបស់ឪពុកនាងបន្សល់ទុកឲ្យ ។
បន្ទាប់ពីការចាញ់ក្តីនៅសាលាដំបូង គឹមសួរ ក៏បានបន្តប្តឹងទៅសាលាឧទ្ធរណ៍ ហើយមកសុំឲ្យសមាគមអាដហុកជួយផ្តល់មេធាវី ប៉ុន្តែនៅពេលដឹងថា សមាគមមានកម្មវិធីដោះស្រាយទំនាស់ នាងក៏បានសើ្នសុំឲ្យសមាគមជួយធ្វើការសម្រុះសម្រួល ដោយបញ្ជាក់ពីគោលបំណងថា នាងទាមទារលុយដែលបានពីការលក់ដីផ្ទះចំនួន ២ម៉ឺនដុល្លារ និង ដីចំការពាក់កណ្តាលនៃទំហំ ២៦ម៉ x ២២៥ម៉ ។ ចំណែកភាគី វ៉ែន អេង ឯណោះវិញ បន្ទាប់ពីបានស្តាប់ការបញ្ចុះបញ្ចូលប្រកបដោយហេតុផលច្បាស់លាស់ពីសមាគមអាដហុក និង មិនចង់ឲ្យក្តីក្តាំនេះវែងឆ្ងាយទៅទៀត ព្រោះបើតាមការបញ្ជាក់ពីសាក្សី ដែលជាកូនបង្កើតបានឲ្យដឹងថា «មួយរយៈកន្លងមក ម្តាយរបស់គាត់បានចំណាយប្រាក់អស់ប្រហែលជាងមួយម៉ឺនដុល្លារហើយសំរាប់រឿងក្តីនេះ» ក៏ បានយល់ព្រមធ្វើការសម្រុះសម្រួល តែគាត់ក៏បានផ្តល់នូវជម្រើសចំនួនពីរផងដែរសំរាប់នាង គឹមសួរ គឺ (១)យល់ព្រមផ្តល់លុយផ្លៃលក់ដីផ្ទះឲ្យចំនួន៧០០០ដុល្លារ រួមនិង ដីចំការ ១០ម៉x១០០ម៉ ឬ (២)ផ្តល់តែលុយ ចំនួន ១០០០០ដុល្លារ ។ ហើយជម្រើសទាំងពីរ បើយល់ព្រម ទទួលយកមួយណា មុន ពេលអនុវត្តនាង គឹមសួរ ត្រូវតែទៅដក ពាក្យបណ្តឹងពីសាលាឧទ្ធរណ៍ជាមុនសិន ។
ដោយបានកិច្ចសហការចូលរួម និង ផ្តល់ទីកន្លែង ពីលោកមេឃុំព្រែកគយ ព្រមទាំងការក្តាប់បាននូវគោលបំណងរបស់ភាគីទាំងពីរ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៣ លោក ម៉ែន មករា អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកណ្តាល ក៏បានដំណើរការបើកកិច្ចសម្រុះសម្រួលករណីវិវាទនេះជាមួយភាគីទាំងពីរ ។ នៅក្នុងដំណើរការសម្រុះសម្រួលនោះ លោក ម៉ែន មករា បានលើកយកទ្រឹស្តីនៃឧបករណ៍ពាក់ពន្ធ័មួយចំនួន ក្នុងចំណោមឧបករណ៍ដោះស្រាយទំនាស់ទាំង២៣ ដូចជា ឧបករណ៍ទី ៥,៦,៧,៨,៩,១២,១៤,១៩ និង ទី២១ មកអនុវត្តយ៉ាងខ្ជាប់ខ្ជួន រួមជាមួយនឹងការខិតខំប្រឹងប្រែង ប្រកបដោយទេពកោសល្យផងនោះ ទើបធ្វើឲ្យភាគីទាំងពីរ ឈានដល់ការធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ទំនាស់ ។ នៅចុង បញ្ចប់ នៃដំណើរការនេះដែរ ភាគីទាំងពីរក៏បានឯកភាពគ្នាចុះកិច្ចព្រមព្រៀង ដោយភាគី វ៉ែន អេង យល់ព្រមផ្តល់លុយចំនួនមួយម៉ឺនដុល្លារ និង ដីចំការ ១០ម៉x១០០ម៉ តាមការស្នើសុំ របស់ភាគី គឹមសួរ ។ បន្ទាប់មក កិច្ចព្រមព្រៀងនេះ ត្រូវបានអនុវត្តបញ្ចប់ជាស្ថាពរ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៣ ប្រកប ដោយភាពសប្បាយរីករាយរបស់គូភាគីទាំងពីរ ស្របគ្នានេះដែរ នាង គឹមសួរ ក៏បានដកពាក្យបណ្តឹងពីសាលាឧទ្ធរណ៍ផងដែរ ។