អាដហុកស្នើ​អាជ្ញាធរ​កម្ពុជា​ជួយ​រក​យុត្តិធម៌​ជូន​កម្មករ​ខ្មែរ​ស្លាប់​នៅ​ថៃ

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​បញ្ជូន​លិខិត​មួយ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ ផាត សុអិន ដែល​ត្រូវ​បាន​ថៅកែ​ថៃ​បាញ់​សម្លាប់​យ៉ាង​អយុត្តិធម៌​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៥។

យោង​តាម​របាយការណ៍​ស៊ើប​អង្កេត​របស់​សមាគម​អាដហុក បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ ផាត សុអិន អាយុ ២៤​ឆ្នាំ ជា​កម្មករ​សំណង់​មក​ពី​​​ខេត្ត​កំពង់ឆ្នាំង និង​មាន​ប្រពន្ធ​ឈ្មោះ ខាន់ ធូ អាយុ ២៧​ឆ្នាំ ត្រូវ​បាន​ថៅកែ​ថៃ​ឈ្មោះ តា យ៉ៃ បាញ់ត្រូវ​ចំនួន ៦​គ្រាប់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ក្នុង​ភូមិ​ណងតាឡត ឃុំ​បានសុង ស្រុក​ភ្នំសារ៉ាខាម ខេត្ត​ចាក់ជើងសៅ ប្រទេស​ថៃ។ ជន​រង​គ្រោះ បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ហើយ​ជន​ដៃ​ដល់​បាន​រត់​គេច​ខ្លួន​បាត់។

ដោយ​បាន​សាក​សួរ​ទៅ​ស្ត្រី​ជា​ប្រពន្ធ មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ជន​ដៃ​ដល់​បាញ់​ប្រហារ​ទៅ​លើ​ចំនួន ៨​គ្រាប់ និង​ត្រូវ​ ៦​គ្រាប់​ត្រង់​សៀត​ផ្កា​ខាង​ស្ដាំ ១​គ្រាប់ ដើម​ទ្រូង ១​គ្រាប់ ចំ​បំពង់​ក ២​គ្រាប់ និង ២​គ្រាប់​ទៀត​ត្រូវ​កំភួន​ដៃ។ លទ្ធផល​ស៊ើប​អង្កេត បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ត្រូវ​បាន​បាញ់​ប្រហារ​យ៉ាង​អយុត្តិធម៌ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ចុះ​បញ្ចូល​ឲ្យ​រំលាយ​សព​ដើម្បី​បំបាត់​ភស្តុតាង។ សព​ជន​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៥៕