អាជ្ញាធរខេត្តមណ្ឌលគិរី នៅតែបន្តរារាំងសកម្មភាពបណ្ដុះបណ្ដាលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តភាគឦសាន្តមួយនេះ។ នេះដោយយោងតាមការបញ្ជាក់ពីលោក សុក រដ្ឋា មន្ត្រីសម្របសម្រួលនៃសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរី និងជាអ្នករៀបចំកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥។
លោក សុក រដ្ឋា បានឲ្យដឹងតាមសារអេឡិចត្រូនិចថា៖ «កម្មវិធីបណ្ដុះបណ្ដាលស្ដីពីសិទ្ធិអំណាចសហគមន៍មូលដ្ឋាន បានដំណើរការដោយរអាក់រអួលបន្តិច ព្រោះអភិបាលស្រុកកោះញែក លោក មើល សឿន បានបញ្ជាឲ្យមេឃុំម្នាក់ មេប៉ុស្តិ៍ម្នាក់ និងកូនចៅសរុប ៥នាក់ មករារាំង និងបញ្ឈប់សកម្មភាពរបស់សមាគមអាដហុក នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥»។
មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ បានឲ្យដឹងបន្ថែមថា អភិបាលស្រុកកោះញែក បានបញ្ជាឲ្យលោកបញ្ឈប់សកម្មភាពបណ្ដុះបណ្ដាល ហើយដាក់ពាក្យស្នើសុំតាមឋានុក្រមពីថ្នាក់ខេត្ត។ លោកបានព្ជាក់ថា សមាគមអាដហុកខេត្តមណ្ឌលគិរី បានជូនដំណឹងទៅអភិបាលខេត្តនេះរួចហើយ ដោយពុំចាំបាច់ស្នើសុំការអនុញ្ញាតនោះឡើយ។
ទោះបីជាការបណ្ដុះបណ្ដាល បានដំណើរឡើងវិញនាថ្ងៃដដែលក៏ដោយ ក៏សកម្មភាពរារាំងរបស់អាជ្ញាធរស្រុកកោះញែក បានធ្វើឲ្យប៉ះពាល់ដល់ស្មារតីរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលបានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ៕