កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤វេលាម៉ោង៧យប់ស្ត្រី ឈ្មោះ ណ. ក. អាយុ២៧ឆ្នាំ មានផ្ទៃពោះ២ខែ បានសម្រេចចិត្តគិតខ្លី ចាក់សាំងដុតសម្លាប់ខ្លួននៅលើកាំជណ្តើរផ្ទះតែមិនបានសម្រេចបណ្តាលឲ្យរងរបួសធ្ងន់ ដោយសារតែនាងធុញទ្រាន់នឹងការរស់នៅជាមួយប្តីដែលតែងតែបង្កហឹង្សាក្នុងគ្រួសារជាបន្តបន្ទាប់កន្លងមក។ ប្តីរបស់ស្ត្រីរងគ្រោះ ឈ្មោះ យុន ជិន អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកចម្ការ។ គ្រួសារនេះមានកូន២នាក់ រស់នៅក្នុងបន្ទុក ហើយរស់នៅក្នុងភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ។
ការធ្វើទារុណកម្មខ្លួនឯងរបស់ស្រ្តីជនជាតិមានផ្ទៃពោះ ដោយចាក់សាំងស្រោចខ្លួន និងដុតសម្លាប់ខ្លួន បណ្តាលឲ្យឆាប់ឆេះរាងកាយយ៉ាងសន្ឋោរសន្ឋៅតែត្រូវអ្នកភូមិជួយពន្លត់និងនាំតាមរថយន្តសង្រ្គោះរបស់ស្នងការរដ្ឋាននាំមកមន្ទីរពេទ្យខេត្តភ្លាមៗ។
ប៉ូលិសប៉ុស្តិ៍រដ្ឋបាលកន្ទួត បាននិយាយថា មូលហេតុដែលឈានឲ្យមានការធ្វើ ទារុណកម្មខ្លួនឯងយ៉ាងធ្ងន់ធ្ងរបស់ស្រ្តីរងគ្រោះ គឹបណ្តាលមកពីអំពើហឹង្សាក្នុងគ្រួសារ បង្កឡើងពីសំណាក់បុរសជាប្តី ដែលតែងតែបង្កហឹង្សាវាយធ្វើបាបមកលើស្រ្តីជាប្រពន្ឋ ជាបន្តបន្ទាប់ស្ទើរាល់ថ្ងៃរាល់ពេលស្រវឹងម្តងៗ។ បើតាមការឲ្យដឹងពីប្រជាពលរដ្ឋនៅក្នុងភូមិបានបញ្ជាក់ថា នៅថ្ងៃកើតហេតុបុរស ជាប្តីស្រវឹងស្រា និងកើតជាទំនាស់ជាមួយស្រ្តីជាប្រពន្ឋ ឈានទៅដល់ការធ្វើហឹង្សាវាយដំ ម្តងទៀត។ ដែលធ្វើឲ្យស្រ្តីជាប្រពន្ឋបានយកសាំង មកចាក់ស្រោចលើខ្លួនហើយ ក៏ដុតនៅ កាំជន្តើរមុខផ្ទះតែម្តង ។
គ្រូពេទ្យបានបញ្ជាក់ថា ស្រ្តីរងគ្រោះគឺមានអាការៈធ្ងន់ធ្ងរ លើការសង្រ្គោះដោយរាងកាយស្រ្តីរងគ្រោះត្រូវភ្លើងឆេះរោលរាល ហើយក្រុមគ្រូពេទ្យ បានជំរុញឲ្យក្រុមគ្រួសារស្រ្តីរងគ្រោះនាំទៅសង្រ្គោះនៅមន្ទីរពេទ្យភ្នំពេញ។
សមាគមអាដហុកប្រចាំខេត្តក្រចេះ បានស៊ើបអង្កេតនិងជួបជាមួយសាច់ញាតិជនរគ្រោះ បានជួបអន្តរាគមន៍ទៅប៉ូលីសប៉ុស្តិ័ឃុំកន្ទួត និងអធិការប៉ូលីសស្រុកចិត្របូរី ដើម្បីមានវិធានការដោះស្រាយ និង បន្តជម្រុញកិច្ចអន្តរាគមន៍លើករណីហិង្សាក្នុងគ្រួសារ ដែលរ៉ាំរ៉ៃរហូតឈានដល់ការដុតសម្លាប់ខ្លួនឯងនេះ៕