សេចក្តី​ថ្លែងការណ៍ ស្តីអំពី អំពើ​ទារុណកម្ម​លើកម្មការី​ខ្មែរដោយ​ថៅកែ​ជនជាតិថៃ

សមាគម​ការពារ​សិទ្ធមនុស្ស​ និ​ង​អភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់​ថា​អាដហុក (ADHOC)​​ សូមជំរុញ​​រដ្ឋាភិបាល​កម្ពុជា បង្កើន​ការចាប់​អារម្មណ៍​ចំពោះបញ្ហា​និទណ្ឌភាព​នៃជនជាតិ​ថៃ ប្រព្រឹត្តិ​អំពើ​ទារុណកម្ម​និង​ រំលោភ​លើសេចក្តី​ថ្លៃថ្នូរ​របស់ស្ត្រី​ខែ្មរ​ម្នាក់​ទៅធ្វើការ​នៅប្រទេស​ថៃ កាលពី​ថ្ងៃទី ២៨ វិច្ឆិកា ២០១៣ ដល់​ថ្ងៃ​ទី​១៧ ធ្នូ​ ២០១៣ ។

ក្នុងករណីនេះ សាខា​សមាគមអាដហុក​ប្រចាំ​ខេត្ត​​បន្ទាយមានជ័យ​​​ បាន​ទទួល​ពាក្យ​បណ្តឹង​ពី សាច់ញាតិ​នារីរង​គ្រោះ​ និងជួយ​អន្តរាគមន៍​ទៅស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​សង្រ្គោះ​នារីរង​គ្រោះមក​ដល់ផ្ទះ​វិញ។

សមាគមអាដហុក​មានកង្វល់​ជាខ្លាំង ជុំវិញ​ករណី​ថៅកែ​ជនជាតិថៃ​ និងបក្ខពួក​បានប្រព្រឹត្ត​អំពើ​ទារុណកម្ម និងថត​រូបបង្ហោះ​រូ​បភាព​អាសអាភាស ព្រមទាំង​បង្ខាំង​នារីខ្មែរ​ជាបុគ្គលិក​បំរើការ​​​នៅកាស៊ីណូ​​របស់​ខ្លួន។ ទង្វើទាំង​នេះបាន​​ផ្ទុយនឹង​ស្មារតី​នៃច្បាប់​ជាតិ​មាន​ច្បាប់​រដ្ឋធម្មនុញ ក្រមព្រហ្ម​ទណ្ឌ ច្បាប់​បង្រ្កាប​អំពើ​ជួញដូរ​មនុស្ស និងអំពើ​ធ្វើអាជីវ​កម្មផ្លូវភេទ ព្រមទាំង​ប្រឆាំង​នឹង​សេចក្តីថ្លែង​ការណ៍​​ជា​សកល​ស្តី​ពីសិទ្ធិមនុស្ស កតិកា​សញ្ញាអន្តរ​ជាតិស្តីពី​សិទ្ធិពលរដ្ឋ និង​អនុសញ្ញា​ស្តីពីការ​លុបបំបាត់​នូវ​រាល់​​ទម្រង់​នៃ​រើស​អើងប្រឆាំង​នឹងនារីភេទ ។

តាមពត៌មាន​ដែលយើង​បានដឹង​រហូតមក​ទល់ពេល​នេះ ថៅកែ​ថៃរូបនេះ ពុំទាន់​បានត្រូវ​ទទួល​​ការដាក់​ទណ្ឌកម្ម ពីអាជ្ញាធរ​មានសមត្ថកិច្ច​ថៃនៅឡើយទេ​។

ទង្វើបែប​នេះជាការ​ប្រមាថមើល​ងាយ និង រំលោភសិទ្ធិ​ស្រ្តី ដែលបណ្តាល​អោយប៉ះ​ពាល់​ដល់​​កិត្តិយស សេចក្ដី​ថ្លៃថ្នូ​ររបស់ស្រ្តីខ្មែរ ប្រជាពលរដ្ឋ​កម្ពុជា និង រាជរដ្ឋាភិបាល​កម្ពុជា​ ។

ដើម្បី​ដោះស្រាយ​បញ្ហានេះ និងផ្តល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ផ្ទាល់ សមាគមអាដហុក សូម​​អំពាវនាវ​​ដល់​ រាជរដ្ឋាភិបាល​មេត្តាជំរុញ​អោយមាន​ការចាត់វិធានការ​ផ្លូវច្បាប់​ជាមួយ​នឹងតុលាការថៃ ឬ​រាជរដ្ឋាភិបាល​​ថៃ ជាបន្ទាន់ដើម្បី ការពារ​កិត្តិយស និងសេចក្តី​ថ្លៃថ្នូរ​របស់កម្មារី​នីជនជាតិ​ខ្មែរ ដែលត្រូវ​បានថៅ​កែជនជាតិ​ថៃវាយធ្វើ​ទារុណកម្ម​យ៉ាងឃោរឃៅ និង​​អំពើអាស​គ្រាម​​នៅលើទឹកថៃ ​ ។ ​

          ភ្នំពេញ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៣

ពត៌មានបន្ថែមសូមទំនាក់ទំនង៖

‑លោកស្រី ជួន ចំរុង ប្រធានកម្ម​វិធីស្ត្រី និងកុមារ នៃសមាគម​អាដហុក ទូរស័ព្ទលេខៈ ០១៧​ ៧៣៨​ ៣៨៧

‑លោកស្រី លឹម មុនី អនុប្រធានកម្ម​វិធីស្ត្រី និងកុមារ​នៃ​សមាគមអាដហុក ទូរស័ព្ទលេខៈ ០១២​ ៨៣៤​ ៤៤៩