សមាគមការពារសិទ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថាអាដហុក (ADHOC) សូមជំរុញរដ្ឋាភិបាលកម្ពុជា និង មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ បង្កើនការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរដែលទៅបំរើការងារនៅប្រទេសថៃ បន្ថែមទៀត ។
នៅក្នុងឆ្នាំ២០១៣កន្លងមកនេះ សមាគមអាដហុក បានទទួលពាក្យបណ្តឹង និងអន្តរាគមន៍ លើករណីរំលោភសិទ្ធិពលករខ្មែរនៅប្រទេសថៃ យ៉ាងហោចណាស់មានប្រមាណ៧៥ករណី ដែលក្នុងនោះ ពលករមួយចំនួនទទួលរងការធ្វើទារុណកម្ម បង្អត់អាហារ ជាប់ពន្ធនាគារ គំរាមកំហែងវាយធ្វើបាប មិនបើកប្រាក់ខែ ជួញដូរបន្ត រំលោភបំពានផ្លូវភេទ និង មួយចំនួនបាត់ដំណឹងដោយសារក្រុមហ៊ុនបិទទ្វារ ព្រមទាំងមានការទទួលរងការបាញ់ប្រហារបណ្តាលឲ្យស្លាប់[1] ស្លាប់ក្នុងពេលបំពេញការងារ និងស្លាប់ក្នុងបន្ទប់ស្នាក់នៅជាដើម ។
ករណីជាក់ស្តែងមួយ កើតឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៣ សមាគមអាដហុកបានទទួលពាក្យបណ្តឹង និងអន្តរាគមន៍លើករណីរំលោភសិទ្ធិមនុស្ស និងច្បាប់ធ្ងន់ធ្ងរលើស្ត្រីខ្មែរម្នាក់ឈ្មោះថ.ធ. អាយុ៣២ឆ្នាំ រស់នៅភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ក្នុងករណីនេះ សាខាសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ បានទទួលពាក្យបណ្តឹងពីសាច់ញាតិនារីរងគ្រោះ និងជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធដើម្បីសង្រ្គោះនារីរងគ្រោះ មកដល់ផ្ទះវិញ។ សមាគមអាដហុកមានការសោកស្តាយ និងព្រួយបារម្ភជាខ្លាំង ជុំវិញករណីបង្ខាំងមនុស្សដោយខុសច្បាប់ពីសំណាក់ថៅកែកាស៊ីណូ ជនជាតិថៃ និងបក្ខពួកបានប្រព្រឹត្តអំពើទារុណកម្ម ថែមទាំងថតបង្ហោះរូបភាពអាសអាភាសរបស់នារីខ្មែរ ជាបុគ្គលិកបំរើការនៅកាស៊ីណូរបស់ខ្លួនដែលមានទីតាំងនៅតំបន់ ទីក្រុងបាងកកប្រទេសថៃ កាលពី ថ្ងៃ២៨ វិច្ឆិកា ឆ្នាំ ២០១៣ វេលាម៉ោង១២អធ្រាត រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ ដែលទាំងនេះជាទង្វើខុសច្បាប់ និងជាការប្រមាថមើលងាយពីសំណាក់ជនជាតិថៃ មកលើស្ត្រីខ្មែរ ។ ស្ថានភាពរំលោភសិទ្ធិ និងការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរពីសំណាក់ជនជាតិថៃ ត្រូវបានមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃជួយសង្គ្រោះជនរងគ្រោះ ចេញពីកន្លែងបនល្បែងយ៉ាងលំបាក ដោយសារមានការយាមកាមតឹងតែង ប៉ុន្តែនៅពេលមន្រ្តីទូតខ្មែរ មានភស្តុតាងរូបថតបង្ហាញដល់ប៉ូលីស ពីការធ្វើទារុណកម្មហើមមុខមាត់ និងរូបកាយអាក្រាត ទើបប្រគល់ជនរងគ្រោះឲ្យខាងទូតខ្មែរ ។ សមាគមសូមថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រី ទូតខ្មែរ ដែលបានធ្វើសកម្មភាពនេះ ។ ប៉ុន្តែយើងក៍មានការខកចិត្តចំពោះវិធានការបន្តករណីនេះទៅតុលាការ ព្រោះថា ក្នុងករណីនេះ មន្ត្រីស្ថានទូតខ្មែរគឺជាសាក្សីដ៏សំខាន់ ព្រោះបានឃើញផ្ទាល់ពីស្ថានភាពស្ត្រីរងគ្រោះយ៉ាងគួរឲ្យអាណិត និងខ្លោចផ្សារ ទាំងរូបកាយ និងស្មារតីនាពេលនោះ ។ ហេតុនេះ មន្ត្រីស្ថានទូតខ្មែរមានតួនាទីខ្ពស់បំផុត ក្នុងការជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ តែផ្ទុយទៅវិញ ជាប្រការគួរឲ្យសោកស្តាយ ដែលមន្ត្រីស្ថានទូតខ្មែរខកខានពុំបានជួយជំរុញ ឲ្យមានការផ្តន្ទាទោសជនល្មើសទេ បែរជាសុំឲ្យជនរងគ្រោះបញ្ចប់រឿង និងឈប់ធ្វើការប្តឹងផ្តល់ទៅវិញ។
ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើនេះ និងផ្តល់យុត្តិធម៌សម្រាប់ពលករខ្មែរ ដែលបានទៅបំរើការងារនៅប្រទេសថៃ ជាពិសេសនារីជនរងគ្រោះ ថ.ធ. ក៍ដូចជាជនរងគ្រោះដ៍ទៀត សមាគមអាដហុក សូមអំពាវនាវដល់ រាជរដ្ឋាភិបាលមេត្តាបង្កើនការចាប់អារម្មណ៍ ព្រមទាំងជំរុញវិធានការផ្លូវច្បាប់ជាបន្ទាន់ ជាមួយនឹងតុលាការថៃឬរាជរដ្ឋាភិបាលថៃ ដើម្បីធានាបាននូវការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករជនជាតិខ្មែរទូទៅ ជាពិសេសនារីរងគ្រោះ ថ.ធ ដែលត្រូវបានថៅកែជនជាតិថៃវាយធ្វើទារុណកម្មយ៉ាងឃោរឃៅ និងអំពើអាសគ្រាមនៅលើទឹកថៃ ឲ្យបានទទួលនូវយុត្តិធម៌ ។
ភ្នំពេញ ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០១៤
ពត៌មានបន្ថែមសូមទំនាក់ទំនង៖
‑លោកស្រី ជួន ចំរុង ប្រធានកម្មវិធីស្ត្រី និងកុមារ នៃសមាគមអាដហុក ទូរស័ព្ទលេខៈ ០១៧ ៧៣ ៨៣ ៨៧
‑លោកស្រី លឹម មុនី អនុប្រធានកម្មវិធីស្ត្រី និងកុមារនៃសមាគមអាដហុក ទូរស័ព្ទលេខៈ០១២ ៨៣ ៤៤ ៤៩