ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣
ក្នុងគោលបំណងជួយប្រយុទ្ធប្រឆាំងអំពើទារុណកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុម អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានរួម សហការគ្នា រៀបចំទិវាអន្តរជាតិ អង្គការសហប្រជាជាតិជួយគាំទ្រជនរងគ្រោះ អំពើទារុណកម្ម នៅសណ្ធាគារអ៊ីមផារៀល (Imperial hotel) ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣។ សិទ្ធិទទួលបានយុត្តិធម៌ និងសិទិ្ធ ទទួលបានការស្តារនីតិសម្បទា នៃជនរងគ្រោះអំពើទារុណកម្ម គឺជាប្រធានបទ នៃការប្រារព្ធពិធីឆ្នាំនេះ។
ព្រឹត្តិការណ៍នេះ ត្រូវបានសហការរៀបចំរួមគ្នា ដោយគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) សមាគមអាដហុក ការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) អង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) គណៈកម្មការ សិទិ្ធមនុស្សអាស៊ី ដែលមានមូលដ្ឋាន នៅទីក្រុងហុងកុង និង វិទ្យាស្ថានដាណាម៉ាក ប្រឆាំងអំពើទារុណកម្ម (Dignity) នៅប្រទេស ដាណាម៉ាក។ សហអ្នករៀបចំសូមទទូចស្នើសុំរាជរដ្ឋាភិបាលកម្ពុជាអនុវត្តន៍ការទោសព្រហ្មទណ្ឌចំពោះបទល្មើសទារុណកម្ម និងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងការចូលរួមចំណែកបញ្ចប់នីទណ្ឌភាព និងផ្តល់សំណងសម្រាប់ជនរងគ្រោះដោយសារអំពើទារុណកម្ម។ អស់រយៈពេល២១ឆ្នាំមកហើយ ដែលព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញា ស្តីពីការប្រឆាំងអំពើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក (CAT) នៅឆ្នាំ១៩៩២ និងពិធីសារបន្ថែមនៅឆ្នាំ២០០៧ ដោយបានដាក់បញ្ចូលនូវបញ្ញតិ្តមួយចំនួននៃអនុសញ្ញានេះទៅក្នុងក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះរាជាណាចក្រកម្ពុជានៅមិនទាន់អនុវត្តន៍ច្បាប់ថ្មីនេះ ដើម្បីទាក់ទោសចំពោះបទល្មើសទារុណកម្ម និងផ្តល់សំណងជួសជុលដល់ជនរងគ្រោះនៅឡើយ។
ការអនុវត្តនូវច្បាប់ថ្មីនេះ ហាក់ដូចនៅមិនទាន់បានពេញលេញនៅឡើយ ដើម្បីឆ្លើយតបទៅនឹងបញ្ហាដ៏ធ្ងន់ធ្ងរនៃអំពើទារុណកម្មនៅព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានខកខានក្នុងការបង្ការ និងការផ្តល់សំណងជួសជុលដល់អំពើទារុណកម្មជាប្រព័ន្ធ និងទ្រង់ទ្រាយធំ និងការឃុំខ្លួនខុសច្បាប់ដទៃៗទៀត ផងដែរ។ យោងតាមស្ថិតិនៃការឃ្លាំមើលរបស់សមាគមអាដហុកបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១០ មកទល់ពេលនេះ យ៉ាងហោចណាស់ ក៏សមាគមបានទទួលពាក្យបណ្តឹងអំពីអំពើទារុណកម្ម និងការប្រព្រឹត្តមិនគម្បីនៅកន្លែងឃុំខ្លួនចំនួន ១៤១ ករណីដែរ។ របាយការណ៍របស់សមាគមនេះ ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ជនរងគ្រោះដោយអំពើទារុណកម្មភាគច្រើនជាជនល្មើស ដែលត្រូវរងនូវការវាយធ្វើបាបពីសំណាក់ប៉ូលីសនៅក្នុងពេលសាកសួរ។ លើសពីនេះទៀត អង្គការសិទិ្ធមនុស្សដទៃទៀតក៏បានចងក្រងនូវករណីដកហូតសិទ្ធិសេរីភាព ឬការឃុំឃាំងមិនស្របច្បាប់មួយចំនួនទៀតនៅតាមកន្លែងផ្តាច់ថ្នាំញៀន ដែលមានឈ្មោះថា “មជ្ឈមណ្ឌលសង្គមកិច្ច” ដូចជា៖ ការវាយដំ ការសម្លាប់ និងការរំលោភ ជាដើម។
មាត្រា ៤(២) ចំណុចលេខ២ នៃ អនុសញ្ញាប្រឆាំងអំពើទារុណកម្ម ចែងថា រដ្ឋភាគីត្រូវផ្តន្ទាទោសចំពោះ បទល្មើសទាំងនេះឲ្យសមស្របតាមប្រភេទធ្ងន់ធ្ងរ នៃបទល្មើសទាំងឡាយ ។ ចំណែកមាត្រា២១០ នៃក្រមព្រហ្មទណ្ឌ កម្ពុជាក៏ចែងយ៉ាងច្បាស់អំពី ការដាក់ទណ្ឌកម្មចំពោះបទល្មើសទារុណកម្ម និងអំពើឃោរឃៅ។ បើទោះបីជាមាន ការទាមទារស្វែងរកយុតិ្តធម៌ និងជួសជុលសំណងដល់ជនរងគ្រោះដោយសារអំពើទារុណកម្មរាប់រយនាក់ក៏ដោយ ក៏មិនទាន់មានករណីណាមួយដែលជនដៃដល់ត្រូវបានប្រឈមមុខនឹងសំណាញ់ច្បាប់នៅឡើយមកទល់ពេលនេះ។
ទោះបីជាមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាចំពោះបទល្មើសទារុណកម្ម និងអំពី ឃោរឃៅយ៉ាងណាក្តី ក៏អំពើទារុណកម្មមិនត្រូវបានផ្តន្ទាទោសព្រហ្មទណ្ឌនៅឡើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មាត្រា៣២ នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ចែងធានាអំពី សិទ្ធិរស់រានមានជីវិត សេរីភាពបុគ្គល និង សន្តិសុខផ្ទាល់ខ្លួន។ កង្វះខាតជាក់ស្តែងនៅក្នុងការអនុវត្តច្បាប់ឲ្យមានប្រសិទិ្ធភាពបណ្តាលឲ្យជនដៃដល់រួចផុតពីការផ្តន្ទាទោសដាក់ពន្ធនាគារ ហើយជនរងគ្រោះដោយសារអំពើទារុណកម្មវិញក៏មិនទទួលបាននូវយុត្តិធម៌ និងសំណង ផងដែរ។ រដ្ឋកម្ពុជាបានបដិសេធជាញឹកញាប់ចំពោះការអំពាវនាវរបស់ស្ថាប័នជាតិ និងអន្តរជាតិជាច្រើន ដែលបានសុំឲ្បចាត់វិធានការតឹងរឹងចំពោះការប្រឆាំងអំពើទារុណកម្ម និងការរំលោភសិទិ្ធមនុស្សជាច្រើនទៀត។
អំពើទារុណកម្មពិតមានផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់បុគ្គលដែលរងគ្រោះ សាច់ញាតិរបស់គេ និងសង្គមជាតិយ៉ាងទូលំទូលាយ។ ការកសាងជីវិតរបស់បុគ្គលណាម្នាក់ ដែលសុច្ចរឹតផ្នែករាងកាយ និងផ្លូវចិត្តត្រូវបានបំផ្លាញ ទាមទារឲ្យការព្យាបាល និងការគាំពារខាងផ្លូវចិត្ត និងខាងសង្គម ក្នុងរយៈពេលវែងថែមទៀត។ នៅចុងឆ្នាំ២០១២ គណៈកម្មាធិការប្រឆាំងអំពើទារុណកម្មអង្គការសហប្រជាជាតិ បានបោះពុម្ពនូវយោបល់ទូទៅមួយ ពាក់ព័ន្ធនឹង មាត្រា១៤ នៃអនុសញ្ញាប្រឆាំងអំពើទារុណកម្ម ដែលចែងថា៖ “រដ្ឋជាភាគីនីមួយៗត្រូវធានានៅក្នុងប្រព័ន្ធច្បាប់របស់ ខ្លួនថា ជនរងគ្រោះដោយអំពើទារុណកម្មទទួលបានសំណងជួសជុល និងមានសិទ្ធិទទួលជំងឺចិត្តសមរម្ប និងគ្រប់គ្រាន់ រួមទាំងមធ្យោបាយសម្រាប់ការស្តារនីតិសម្បទាណាមួយ តាមដែលអាចធ្វើបាន ”។
យោបល់របស់គណៈកម្មាធិការប្រឆាំងអំពើទារុណកម្មត្រង់មាត្រា១៤ ក៏ចែងពន្យល់ទៀតថា ការស្តារនីតិ សម្បទាត្រូវមានលក្ខណៈពេញលេញ មានន័យថា រដ្ឋត្រូវមានកាតព្វកិច្ចថវិកា ដោយមិនគិតថាប្រភពថវិកានោះ មានប៉ុណ្ណាត្រូវងាយទទួលបានកាន់តែរហ័សតាមដែលអាចធ្វើបានបន្ទាប់ពីទារុណកម្មណាមួយកើតឡើង ហើយជនរងគ្រោះក៏មានសិទ្ធិជ្រើសរើសអ្នកផ្តល់ឲ្យសេវាកម្មនានា ទោះជាអង្គការមិនមែនរដ្ឋាភិបាល និងជារដ្ឋ ក៏ដោយ។
ទោះបីយ៉ាងណាក៏ដោយ ច្បាប់អន្តរជាតិផ្តល់ដល់ជនរងគ្រោះដោយអំពើទារុណកម្មនូវសិទិ្ធទទួលបានការ ស្តារនីតិសម្បទា ដែលប្រការនេះនៅមិនទាន់អនុវត្តបាននៅឡើយនៅព្រះរាជាណាចក្រកម្ពុជា។ កាន់តែច្បាស់លាស់ ជាងនេះទៅទៀត គឺថា មានជនរងគ្រោះរបបខែ្មរក្រហមជាដើមបណ្តឹងរដ្ឋប្បវេណីចំនួនជិត ៣,៨០០ បាននឹងកំពុងស្វែងរកយុត្តិធម៌នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។
ដូចនេះ យើងសូមទទូចសុំរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នូវបទដ្ឋានដែលសម្រេចដោយគណៈកម្មាធិការប្រឆាំងអំពើទារុណកម្ម និងធ្វើការរួមគ្នា ដើម្បីបញ្ចប់ប្រព័ន្ធនីទណ្ឌភាព និងផ្តល់សំណងពេញលេញសម្រាប់ ជនរងគ្រោះដោយអំពើទារុណកម្ម។
ជាងនេះទៅទៀត យើងក៏សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យ៖
បង្កើតយន្តការបង្ការ និងតាមដានថ្នាក់ជាតិដែលឯករាជ្យ ដើម្បីស៊ើបអង្កេតការប្រព្រឹត្តអំពើទារុណកម្មនៅប្រទេសកម្ពុជា។
អនុវត្តន៍ក្រមព្រហ្មទណ្ឌឲ្យមានប្រសិទិ្ធភាពឲ្យស្របតាមបទប្បញ្ញត្តិ របស់ពិធីសារបន្ថែមនៃអនុសញ្ញា ប្រឆាំងអំពើទារុណកម្ម។
ផ្តល់ការស្តារនីតិសម្បទាឲ្យបានពេញលេញដល់ជនរងគ្រោះ តាមរយៈយន្តការសព្វគ្រប់ ដែលរួមមានទាំង តម្រូវការខាងផ្នែកថ្នាំសង្គូវ ខាងផ្លូវចិត្ត និងខាងសង្គម ព្រមទាំងការទទួលបានយុត្តិធម៌ និងការជួសជុលសំណង។
សម្រាប់ព័ត៌មានបន្ថែម៖
លោក សុក សំអឿន ប្រធានសម្របសម្រួល CHRAC និងជានាយកអង្គការ CDP Tel: 012 901 199
លោក នី ចរិយា ប្រធានផ្នែកសិទិ្ធមនុស្ស និងជំនួយផ្នែកច្បាប់ សមាគមអាដហុក Tel: 011 274 959
លោក យួន សារ៉ាត់ ប្រធានកម្មវិធីអង្គការ TPO Tel: 017 663 865
លោក Bijo Francis នាយកប្រតិបត្តិអង្គការ AHRC Tel: +852 2698 6339
លោក សួន ប៊ុនស័ក្តិ លេខាធិការប្រតិបត្តិ CHRAC Tel: 092 344 357
Mr. Jan Ole Haagensen នាយកផ្នែកអន្តរជាតិ នៃអង្គការ DIGNITY Tel: +45 33 76 06 00
[1] ជាសម្ព័ន្ធនៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាសមាជិកចំនួន២១ធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើវិស័យ សិទិ្ធមនុស្ស លទ្ធិប្រជាធិបតេយ្យ និងជំនួយផ្នែកច្បាប់។