សេចក្ដីថ្លែងការណ៍ ត្រូវដោះលែង លោក វន ពៅ និង កម្មករ ២០នាក់ទៀត

សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវ ដល់សាលាឧទ្ធរណ៍ សុំអោយធ្វើការដោះលែង លោក វន ពៅ និង កម្មករចំនួន ២០នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ទំពាំងផ្លុង អោយមានសេរីភាពឡើងវិញ។ ករណីខាងលើនេះ សមាគអាដហុក បានតាមយ៉ាងយកចិត្តទុកដាក់ និងបានផ្ដល់មេធាវី ដល់ជនរងគ្រោះ ចំនួន១៥ នាក់ ក្នុងចំណោម ជនរងគ្រោះ ២៣នាក់ ដែលត្រូវ បានអាជ្ញាធរ រដ្ឋាភិបាល នឹងជាពិសេស កម្លាំងទាហាន ឆត្រយោង លេខ ៩១១  ដែលមាន ចំនួន ប្រមាណជា ៦០ នាក់ និង ប៉ូលិស ប្រហែលជា ៥០នាក់ ដោយមានកាំភ្លើងអាកា កាំភ្លើងខ្លី ដំបង ដំបងឆក់ និងខែល សំរាប់ការពារ  ទៅលើក្រុម កម្មករ រោងចក្រ យ៉ាក ជីន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ និង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នៅលើផ្លូវវ៉េងស្រង មុខសួនកាណាឌីយ៉ា។ យោងតាមការស៊ើបអង្កេត និងតាមដានទៅលើសំណុំរឿង ខានលើនេះ សមាគអាដហុក ចាត់ទុកថា ការចាប់ និង ឃុំខ្លួន លោក វន ពៅ និង កម្មករ ២២នាក់ផ្សេងទៀតនោះ ជាការចាប់​និង ឃាត់ខ្លួន ដោយរំលោភ ច្បាប់ (រំលោភនីតិវិធី និង គ្មានមូលដ្ឋាន អង្គហេតុ និង អង្គច្បាប់ សំរាប់ជាមូលដ្ឋាន ក្នុងការចាប់ និង ឃុំខ្លួនអ្នកទាំង ២៣រូប) ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថា ករណីប្រើអំពើហិង្សាដោយ កងកម្លាំងប្រដាប់អាវុធ ទៅលើក្រុមកម្មករ គ្មានអាវុធ ដែលបានកើតឡើងនៅ ខាងមុខ រោងចក្រ យ៉ាក់ ជីន និង នៅខាងមុខ រោងចក្រ សួនកាណាឌីយ៉ា គឺជាការបង្ក្រាប ដោយរំលោភច្បាប់ស្ដីពីបាតុកម្មអហិង្សា និង រំលោភរដ្ឋធម្មនុញ្ញ ស្ដីពីសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី និងសិទ្ធិរស់រានមានជីវិតរបស់មនុស្ស។ ព្រោះថា នៅក្នុងហេតុការណ៍ នៃការបង្ក្រាបដោយហិង្សានោះ អាជ្ញាធរក្រុងភ្នំពេញ ក៏ដូចជា ទាហានកងពលឆ័ត្រយោង លេខ៩១១ បានប្រើប្រាស់នូវ អាវុធគ្រាប់ពិត ដែលច្បាប់បានហាមឃាត់ ហើយ នៅក្នុង កាលៈទេសៈ ដែលកម្មករគ្មានអាវុធ ឬ មិនសមមាត្រកម្លាំង មិនមែនជាពេលវេលាដែលសមត្ថកិច្ចត្រូវប្រើ កម្លាំងដើម្បីរំដោះខ្លួនឬការពារខ្លួន និង  ស្ថានភាពមិនស្ថិតក្នុង ការធ្វើអោយមានការប៉ះពាល់ដល់ សន្តិសុខជាតិនោះទេ។

សូមបញ្ជាក់ថា ករណីបាតុកម្មដោយសន្តិវិធី ដែលបានធ្វើឡើង ដោយ កម្មករ ដើម្បីទាមទារដំឡើង ប្រាក់ខែគោល អោយបាន ១៦០$ ក្នុង ១ខែនេះ  អស់រយៈ ពេល ២សប្តាហ៍ មកហើយ គិតដល់ថ្ងៃ ដែលមានការបង្រ្កាបដោយហិង្សា ហើយក្នុងរយៈពេលនៃការធ្វើបាតុកម្មដោយសន្តិវិធីកន្លងមកនោះ ក៏គ្មានអំពើហិង្សាអ្វីកើតឡើងដែរ លើកលែងតែមានការ បង្ក្រាបដោយអាជ្ញាធរក្រុងភ្នំពេញ ជាពិសេសចាប់ផ្ដើមពី ទាហានកងឆត្រយោងលេខ ៩១១ ទើបធ្វើអោយមានអំពើហិង្សា ក៏ប៉ុន្តែក្រុមកម្មករនៅតែ ខិតខំអត់ធ្មត់ក្នុងការ រក្សានូវភាពអហិង្សា។

នៅក្នុងព្រឹត្តិការណ៍ខាងលើនេះ ក្រុមមេធាវីរបស់ជនរងគ្រោះ ក៏បានដាក់ពាក្យសុំធាន អោយ ជនរងគ្រោះទាំង ២៣នាក់ នៅក្រៅឃុំជាបណ្ដោះអាសន្ន ក៏ប៉ុន្តែ សាលាដំបូងរាជធានីភ្នំពេញ មិនបានអនុញ្ញាតតាមការស្នើសុំរបស់មេធាវីនោះទេ ដោយឡែកមានការដោះលែង ជនរងគ្រោះ តែ២នាក់ ប៉ុណ្ណោះ អោយនៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងមកនេះ។ យោងតាមច្បាប់ស្ដីនីតិវិធីព្រហ្មទណ្ឌ តុលាការត្រូវតែសម្រេច ដោះលែងអ្នក ទាំង ២១រូប ផ្សេងទៀតនេះអោយនៅក្រៅឃុំ ដោយសារតែ អ្នកទាំងអស់នោះ មានលក្ខ័ខ័ណ្ឌ គ្រប់គ្រាន់ ក្នុងធានា នៅក្រៅឃុំ ហើយជាពិសេសទៅទៀតនោះ អ្នកទាំងអស់ អស់នោះជាជនដែល មិនបានប្រព្រឹត្តបទល្មើសទៀតផង។

សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវ អោយមានការដោះលែង កម្មករ និង តំណាង កម្មករ ទាំងអស់អោយមានសេរីភាព ហើយរដ្ឋាភិបាលកម្ពុជា ចាត់វិធានការផ្លូវច្បាប់ ជាបន្ទាន់ដល់ សមត្ថកិច្ចណា ដែលបានប្រព្រឹត្ត ខុសច្បាប់ ដើម្បីផ្ដន្ទាទោស តាមច្បាប់ អោយខានតែបាន និងត្រូវតែ ធ្វើការដោះស្រាយ បញ្ហាប្រាក់ខែគោល ជូនកម្មករ អោយបាន សមស្រប ទៅតាម តម្លៃទំនិញនៅលើទីផ្សារជាក់ស្ដែង ដើម្បីអោយពួកគេអាចរស់ បានសមរម្យជាមនុស្ស។

 

ព័ត៌មានបន្ថែម សូមទំនាក់ទំនង

លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១១ ២៧៤៩៥៩