សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមថ្កោលទោសចំពោះ សាលាដំបូងរាធានីភ្នំពេញ ការមិនអនុញ្ញាត អោយ លោក វន ពៅ និងតំណាងកម្មករចំនួន ២០នាក់ផ្សេងទៀត ដែលតុលាការ សាលារាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ មិនព្រមអនុញ្ញាត អោយនៅក្រៅឃុំជាបណ្ដោះអាសន្ន នោះ។ ការមិនអនុញ្ញាតអោយ ជនជាប់ចោទ ដែលមិនបានប្រព្រឹត្តិបទល្មើស របស់តុលាការ សាលាឧទ្ធរណ៍ នាពេលកន្លងមក ក៏ដូចជា ការសំរេចរបស់ តុលាការ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ ដែលជាការបើកសវនាការ លោកទី៣ ទៅលើសំណើសុំរបស់មេធាវី ដែលស្នើសុំអោយ លោក វន ពៅ និង តំណាងកម្មករ ២០នាក់ផ្សេងទៀតនេះ ជាការបង្ហាញ អោយឃើញថា តុលាការកម្ពុជា មិនបានអនុវត្តតាមស្មារតីច្បាប់ដែលមានជាធរមាននោះទេ។ ការចាប់ និងឃុំខ្លួន លោក វន ពៅ និង កម្មករចំនួន ២០នាក់ សមាគអាដហុក បានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានផ្ដល់មេធាវី ដល់ជនរងគ្រោះ ចំនួន១៥ នាក់ ក្នុងចំណោម ជនរងគ្រោះដែលនៅជាប់ឃុំ ២១នាក់។ យោងតាមការសង្កេតតាមដាន ទៅលើដំណើរការនៃសវនាការ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ ទៅលើសំណុំរឿង ខានលើនេះ សមាគអាដហុក កត់សំគាល់ឃើញថា តុលាការសាលាដំបូងរាជធានីភ្នំពេញ កំពុងអនុវត្តខុសច្បាប់៖
ទី១៖ បានបើកសវនាការរំលោភច្បាប់ដោយសារអវត្តមានជនជាប់ចោទដែលជាការ រំលោភទៅលើ មាត្រា៣០០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលតំរូវអោយ ជនជាប់ចោទត្រូវបង្ហាញខ្លួននៅពេលសវនាការ របស់តុលាការដោយផ្ទាល់។
ទី២៖ តុលាការក្រុងភ្នំពេញ មិនបានធ្វើការចោទប្រកាន់ ទៅលើអ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ដែលបានបាញ់សម្លាប់ កម្មករចំនួន ៥នាក់ និងរងរបួស ចំនួនប្រមាណជា ៤០នាក់ផ្សេងទៀតនោះទេ ហូតមកដល់ពេលនេះ។ ការធ្វើមិនដឹងមិនលឺ របស់ស្ថាប័នអយ្យការ នៅគ្រប់លំដាប់ថ្នាក់នៃ តុលាការ គឺជាការរំលោភ ទៅនឹងក្រមនីតិវិធីព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរ យោងតាម មាត្រា ៣៧, មាត្រា ៤៤ ជាពិសេសទៅទៀតនោះ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ក៏មិនបានអនុវត្តតាម តួនាទីរបស់ខ្លួន តាមមាត្រា ៣៤ និង មាត្រា ៣៥នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
យោងតាមការ អនុវត្តដោយរំលោភ ច្បាប់របស់ តុលាការសាលាដំបូងរាជធានីភ្នំពេញ និងតុលាការសាលាឧទ្ធរណ៍ នាពេលកន្លងមក និង បច្ចុប្បន្ន ជាការបង្កើតអោយ អំពើនិទណ្ឌភាព នៅកម្ពុជា និងធ្វើអោយ មានភាពមិនស្មើគ្នាចំពោះ មុខច្បាប់។
សមាគមការពារសិទ្ធិមនុស្ស អាដហុក នៅតែ អំពាវនាវ អោយមានការដោះលែង កម្មករ និង តំណាង កម្មករ ទាំងអស់អោយមានសេរីភាព ហើយរដ្ឋាភិបាលកម្ពុជា ចាត់វិធានការផ្លូវច្បាប់ ជាបន្ទាន់ដល់ សមត្ថកិច្ចណា ដែលបានប្រព្រឹត្ត ខុសច្បាប់ ដើម្បីផ្ដន្ទាទោស តាមច្បាប់ អោយខានតែបាន និងត្រូវតែ ធ្វើការដោះស្រាយ បញ្ហាប្រាក់ខែគោល ជូនកម្មករ អោយបាន សមស្រប ទៅតាម តម្លៃទំនិញនៅលើទីផ្សារជាក់ស្ដែង ដើម្បីអោយពួកគេអាចរស់ បានសមរម្យជាមនុស្ស។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១១ ២៧៤៩៥៩