សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោស ចំពោះការប្រើប្រាស់ អំពើហិង្សា រវាងកងកម្លាំង ប្រដាប់អាវុធ កងសន្តិសុខ ខណ្ឌដូនពេញ ដែលមាន ដំបងឈើគ្រប់ដៃ និង ក្រុមបាតុករ មួយចំនួន នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដែលជា ការធ្វើអោយ មានការប៉ះពាល់ដល់ សេរីភាព បញ្ចេញមតិ ដោយសន្តិវិធី ដែលធានាដោយរដ្ឋធម្មនុញ្ញ។ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ លោកស្រី មួរ សុខហួរ និង អ្នកតំណាងរាស្រ្ត ជាប់ឆ្នោត របស់គណបក្ស សង្គ្រោះជាតិ បានដឹកនាំ ធ្វើបាតុកម្ម ដោយសន្តិវិធី នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ដើម្បីទាមទា អោយ មានការបើក ទីលានប្រជាធិបតេយ្យ ឡើងវិញ ដើម្បីអោយ ប្រជាពលរដ្ឋ បានប្រើប្រាស់ សិទ្ធិសេរីភាព របស់ពួកគេ ដែលធានាដោយ រដ្ឋធម្មនុញ្ញ។ ក្នុងការធ្វើបាតុកម្ម ដោយសន្តិវិធីនេះ អាជ្ញាធរ ក្រុងភ្នំពេញ បានប្រើប្រាស់ កម្លាំងសន្តិសុខ ខុសច្បាប់ និងកម្លាំង ប្រដាប់អាវុធ ដូចសព្វមួយដងដែរ ដើម្បី វាយបង្ក្រាប ទៅលើ ក្រុមបាតុករ អហិង្សា។ ការប្រើអំពើហិង្សា រវាង កងសន្តិសុខ ខណ្ឌដូនពេញ ដោយមានការ ជួយគាំទ្រ ពីកងកម្លាំង ប្រដាប់អាវុធរបស់ រដ្ឋាភិបាល បានធ្វើអោយ ក្រុមបាតុករ ប្រមាណជាជាង ១០ នាក់ និង ក្រុមសន្តិសុខខណ្ឌ ដូនពេញ ចំនួន៦ នាក់ រងរបួស។ សមាគមការពារសិទ្ធិមនុស្ស អាដហុក មិនគាំទ្រដាច់ខាត នូវរាល់សកម្មភាពទាំងឡាយ ដែលជាហេតុនាំ អោយមានអំពើហិង្សា បើទោះបីជា អ្នកដែល ប្រើអំពើហិង្សានោះ ជាសមាជិក ក្រុមណាក៏ដោយ។
គួររំលឹកផងដែរថា ទីលានប្រជាធិបតេយ្យ ត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញ បិទមិនអោយប្រជាពលរដ្ឋ ប្រើប្រាស់សំរាប់សំដែងមតិ ចាប់តាំងពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ក្រោមលេស សំរាប់ទុកធ្វើការស៊ើបអង្កេត ករណីដែល កងកម្លាំងប្រដាប់អាវុធ រដ្ឋាភិបាល បានប្រើប្រាស់អំពើហិង្សាទៅលើ កម្មករ នៅលើផ្លូវ វ៉េងស្រេង និង នៅខាងមុខរោងចក្រ យ៉ាក់ជីន កាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ កន្លងមក ដែលមានចំងាយ ប្រមាណជា ៤គីឡូម៉ែត្រ ពីទីលានប្រជាធិបតេយ្យ។ ជាមួយគ្នានេះផងដែរ ក្រោយពីរដ្ឋាភិបាល បានបិទទីលានប្រជាធិបតេយ្យ អ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ និងក្រុមកម្មករ តែងតែធ្វើការតវ៉ា ប៉ុន្តែត្រូវបាន កម្លាំងសន្តិសុខ ខណ្ឌ និងកងកម្លាំងប្រដាប់អាវុធ វាយបង្រ្កាបជារៀងរាល់លើក ធ្វើអោយកម្មករ និងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ រួមទាំងអ្នកសារព័ត៌មាន ជាតិនិង អន្តរជាតិ ជាច្រើនសិបនាក់ រងរបួសជាបន្តបន្ទាប់។ ដោយសារតែមានការបិទទីលានប្រជាធិបតេយ្យ និងការបង្ក្រាប ជាបន្តបន្ទាប់នេះហើយ ដែលធ្វើអោយ ប្រជាពលរដ្ឋ ដែលមាននិនា្នការគាំទ្រ អោយមានមានការបើកទីលានប្រជាធិបតេយ្យ មានកំហឹង នៅក្នុង អារម្មណ៍របស់ពួកគេ និង ជាដើមហេតុនាំ អោយ មាន ផ្ទុះនូវអំពើហិង្សានៅថ្ងៃនេះ។
ដើម្បីកាត់បន្ថយ និងអាចលុបបំបាត់ ការប្រើហិង្សា ដាក់គ្នា រវាងអ្នកគាំទ្រ រដ្ឋាភិបាល និង ក្រុមបាតុករ សន្តិវិធី សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវយ៉ាងទទូច ដល់ រដ្ឋាភិបាលកម្ពុជា អោយ បើកទីលានប្រជាធិបតេយ្យឡើងវិញ ដើម្បីអោយ ប្រជាពលរដ្ឋអាចប្រើប្រាស់ សិទ្ធិរបស់ពួកគេ ក្នុងការសំដែងមតិបានពេញលេញ និងជាពិសេស រដ្ឋាភិបាលត្រូវតែគោរព និងអនុវត្តច្បាប់ស្ដីពី ការធ្វើបាតុកម្មដោយសន្តិវិធី អោយបាន ត្រឹមត្រូវ បើទោះបីជាច្បាប់នេះ មិនទាន់ស្ថិតក្នុង និយាមអន្តរជាតិ ក៏ដោយចុះ។ យើងសូមបញ្ជាក់ ផងដែរថា ការបើក ទីលានប្រជាធិបតេយ្យឡើងវិញ គឺជាកាយវិការ ដែលអាចធ្វើអោយកិត្តិនាមរាជរដ្ឋាភិបាល ប្រសើរឡើងវិញ ដូចនេះយើងស្នើដល់រាជរដ្ឋាភិបាល ពិចារណាបញ្ហានេះឡើងវិញដោយ ភាពចាស់ទុំ។