សេចក្ដីថ្លែងការណ៍ ករណីឃាតកម្មលើ លោក ហង្ស សេរីឧត្ដម អ្នកការសែត វិរៈជនខ្មែរ នៅខេត្តរតនៈគីរី

សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះ​ការធ្វើឃាត ទៅលើលោក ហង្ស សេរីឧត្ដម ជាអ្នកការសែត វីរៈជនខ្មែរ នៅខេត្តរតនគីរី ដោយជនមិនស្គាល់មុខ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១២ កន្លងមកនេះ។ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង ប្រមាណ ៦ ទៅ ៧យប់ លោក ហង្ស សេរីឧត្ដម បានចាកចេញពីផ្ទះដោយប្រាប់ ប្រពន្ធ របស់ លោកថា មានគេទូរស័ព្ទហៅឲ្យជួបនៅខាងក្រៅ អ្នកស្រីមិនបានដឹងថា អ្នកនោះ ជានរណាទេ។ លុះបាត់ខ្លួនមិនត្រឡប់មកផ្ទះវិញ ចំនួន២យប់  នៅព្រឹកថ្ងៃអង្គារ៍ ទី១១ ខែកញ្ញា ឆ្នាំ២០១២ ទើប អ្នកស្រី រាយការណ៍ប្រាប់សមត្ថកិច្ច និងមិត្តរួមការងារមួយចំនួន អំពីករណីបាត់ខ្លួនប្តី។ ទាក់ទិន ទៅនឹងករណីនេះ សមាគម     អាដហុក បានរកឃើញថា សកម្មភាពកន្លងមករបស់លោក ហង្ស សេរីឧត្តម ច្រើនតែដើរយកពត៌មាន ស្តីពី បទល្មើសដឹកឈើប្រណិត នាំចេញដោយខុសច្បាប់ ពីសំណាក់អ្នកមានលុយ និងសមត្ថកិច្ចមានអំណាចមួយចំនួនក្នុងខេត្ត។ នៅថ្ងៃទី០៦ និង ០៨ ខែកញ្ញា ឆ្នាំ២០១២ កាសែតវិរៈជនខ្មែរ បានចេញផ្សាយ អត្ថបទមួយ ដែលសរសេរ រិះគន់ ប៉េអ៊ឹម ខេត្តរតនគិរី ម្នាក់ ថាបានចាប់ឡានដឹកឈើកែច្នៃ ១គ្រឿង យកលុយ និងឈើ រួចហើយទើបដោះ លែង។

អំពើឃាតកម្មនេះបានបង្ហាញ អោយឃើញយ៉ាងច្បាស់ថា សុវត្ថិភាពរបស់ អ្នកកាសែត ក៏ដូចជា អ្នកការពារសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា កំពុងត្រូវបានទទួលការគំរាមកំហែង ខាងសន្តិសុខយ៉ាងធ្ងន់ធ្ងរ  ហើយអំពើនេះវាក៏ជាការគំរាមកំហែងផ្នែកស្មារតី ទៅដល់អ្នកកាសែត និង អ្នកការពារសិទ្ធិមនុស្សដទៃទៀត ដែលកំពុងតែធ្វើកសម្មភាពក្នុង គោលបំណងលើកស្ទួយនូវ សេរីភាពសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជាផងដែរ។ ម៉្យាងវិញទៀត អំពើឃាតកម្ម នេះក៏ជា មូលហេតុ ដ៏សំខាន់មួយដែរ ដែលធ្វើអោយមានការប៉ះពាល់ដល់ស្មារតី (មានការភយ័ក្លាច) របស់ ប្រជាពលរដ្ឋទូទៅ នៅក្នុងដំណាក់កាលនៃការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៣ ខាងមុខ នេះ។

សមាគការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវដល់រដ្ឋាភិបាល ធ្វើយ៉ាងណា ចាត់វិធាន ការជាក់ស្តែង ដើម្បីរកជនល្មើសមកផ្តន្ទាទោសអោយខានតែបាន ដើម្បីបញ្ជាក់អំពីឆន្ទៈ ពិតប្រាកដ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយនូវសិទ្ធិសេរីភាពសារព័ត៌មាន អោយបានត្រឹមត្រូវតាម         រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ទំនាក់ទំនងបន្ថែម៖

លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត សមាគអាដហុក ០១១ ២៧​៤៩​៥៩