នៅក្នុងសិក្ខាសាលា នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០១២ លោក Jean-Francois Cautain ក្នុងនាម ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ នៅក្នុង សិក្ខាសាលា ថ្ងៃទី១ ថាសហភាពអឺរ៉ុប បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការដៃគូរបស់ យើង គឺ សមាគមន៍អាដហុក ដើម្បីរៀបចំអោយមានជាសិក្ខាសាលានេះឡើង។ ដោយសហការជាមួយនឹងរាជរដ្ឋាភិបាល កម្ពុជា និងសង្គមស៊ីវិលជាដៃគូ សហភាពអឺរ៉ុប បានជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់សិក្ខាសាលា ស្រដៀងគ្នានេះ មួយចំនួនរួចមកហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលជាផ្នែកមួយនៃការរួមចំណែករបស់យើងក្នុងការ ជួយដល់ការ ខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីកសាងសង្គមប្រជាធិបតេយ្យមួយ ហើយយើងនឹងបន្តធ្វើកិច្ចការនេះជាមួយគ្នា តទៅ មុខទៀត! ភាពជាដៃគូ ការជួបសន្ទនាដោយន័យស្ថាបនា និងការគោរពគ្នាទៅវិញទៅមក រវាងតួអង្គសំខាន់ៗ ដូចជា រាជរដ្ឋាភិបាល គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល មានសារៈសំខាន់បំផុតក្នុងការដោះស្រាយជម្លោះ ដោយសន្តិវិធី និងពង្រឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ប្រវត្តិសាស្ត្ររបស់សហភាពអឺរ៉ុបផ្ទាល់ បានបង្ហាញថា លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺជាកត្តារួមផ្សំដ៏សំខាន់សម្រាប់ជំរុញអោយមានសន្តិភាព និងភាពរុងរឿង ប្រកបដោយនិរន្តរភាព ។ សហភាពអឺរ៉ុប សូមវាយតម្លៃខ្ពស់បំផុតចំពោះរាជរាដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងមហាផ្ទៃ ចំពោះសារតី នៃការសហការគ្នាជាដៃគូ លើបញ្ហា ដែលមានផលប្រយោជន៍ទៅវិញទៅមកទាំងនេះ។ ខ្ញុំសូមថ្លែង អំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង ព្រមទាំងសហការីរបស់ឯកឧត្តម ដែលបានចូលរួមគាំទ្រយ៉ាងខ្លាំងក្លា ដល់សិក្ខាសាលា និងបានយល់ព្រមអញ្ជើញចូលរួមបើកសិក្ខាសាលានេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ ដែលនឹងអញ្ជើញមកចូលរួមនៅថ្ងៃស្អែកក្នុងពិធីបិទសិក្ខាសាលា ជាមួយនឹងខ្ញុំ។ ខ្ញុំសូមអំណរគុណ ចំពោះអ្នកធ្វើបទបង្ហាញ និងអ្នកចូលរួមទាំងអស់ មកពីរាជរដ្ឋាភិបាល គណបក្ស នយោបាយ និងសង្គមស៊ីវិលដែលមានវត្តមាននៅក្នុងសិក្ខាសាលានាថ្ងៃនេះ។